រា​ហ៊ូ​ចាប់​ចន្ទ​យូរ​បំផុត​ប្រចាំ​សតវត្សរ៍​ទី​២១​នៅ​យប់​នេះ​ជា​ប្រផ្នូល​នៃ​ទីបញ្ចប់​របស់​ពិភពលោក​?

1435
ចែករម្លែក

​មិន​ថា​ពិភពលោក​ជិត​មកដល់​ទីបញ្ចប់​ឬ​យើង​កំពុង​ស្ថិតនៅក្នុង​រាត្រី​ដ៏​អស្ចារ្យ​សម្រាប់​ព្រឹត្តិការណ៍​២​ក្នុងពេល​តែមួយ​ឬ​យ៉ាងណា​នោះទេ តែ​យប់​នេះ​ច្បាស់​ណាស់​គឺ​រា​ហ៊ូ​ចាប់​ចន្ទ​យូរ​បំផុត​ប្រចាំ​សតវត្សរ៍​ទី ២១ នឹង​កើតឡើង​ស្រប​ពេលដែល​ផ្កាយ​ព្រះ​អង្គារ​រះ​ភ្លឺ​ត្រចង់​។​

​ផែនដី​នឹងមិន​ត្រឹមតែ​បាំង​កាំរស្មីព្រះអាទិត្យ​ដោយ​ធ្វើឱ្យ​ព្រះ​ចន្ទ​ក្លាយជា​ពណ៌​ក្រហម​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​ត្រូវបាន​អមដំណើរ​ដោយ​ផ្កាយ​ព្រះ​អង្គារ ដែល​ភ្លឺ​ចែងចាំង​មិនគួរ​ឱ្យ​ជឿ​ទៀតផង ខណៈដែល​វា​នឹង​ខិត​មក​ជិត​យើង​ជាង​ពេលណាៗ​ទាំងអស់​ក្នុង​រយៈពេល ២៧០ ឆ្នាំ​មកនេះ​។​

ពួកគ្រិស្តសាសនាតាមគម្ពីនិយមខ្លះជឿថា បាតុភូតនេះកើតឡើងទន្ទឹមគ្នានឹងនាំមកគ្រោះភ័យដល់ពិភពលោក

​ចន្ទ​គ្រាស ឬ “​ព្រះ​ចន្ទ​ឈាម​” និង​ភព​អង្គារ​រះ​នៅ​ពីក្រោម​វា នឹង​ផ្តល់នូវ​ក្តីរំភើប​តែ​ម្តងគត់​ក្នុង​មួយជីវិត​សម្រាប់​អ្នក​ស្រឡាញ់​ខាង​តារាសាស្ត្រ​។​

​ទោះយ៉ាងណា សម្រាប់​គ្រិស្តបរិស័ទ​ខ្លះ​ជឿថា ការមកដល់​នៃ​ព្រឹត្តិការណ៍​ភ្លោះ​នេះ គឺ ជា​ប្រផ្នូល​នៃ​ការវិនាសហិនហោច​។​

​ពួកគេ​ចាត់ទុក​ព្រឹត្តិការណ៍​នេះ​ថា​ជាស​ញ្ញា​ពី​ឋានសួគ៌​អំពី​ការព្យាករណ៍​ក្នុង​ព្រះគម្ពីរ​ដែល​គេ​រង់ចាំ​ជា​យូរ​មកហើយ ដូចដែល​បាន​ទាយ​ក្នុង​សៀវភៅ Book of Joel សៀវភៅ Book of Acts និង សៀវភៅ Book of Revelation​។​

​អ្នកសរសេរ​គម្ពី​គ្រិស្ត​របស់​ទូរទស្សន៍ប៉ុស្តិ៍​អាមេរិក លោក ផូ​ល បេ​កលី រួមជាមួយ​មនុស្ស​ជាច្រើន​នាក់​ទៀត​ជឿថា ការលេចចេញ​ដំណាលគ្នា​នៃ​ព្រះ​ចន្ទ​ក្រហម​និង​ភព​ក្រហម (​ភព​អង្គារ​) គឺជា​ការកត់សម្គាល់​អំពី​ការ​ទស្សន៍ទាយ​ដែល​បាន​ធ្វើឡើង​នៅក្នុង​ព្រះគម្ពីរ​។​

​ការ​ទស្សន៍ទាយ​មួយ​ក្នុងចំណោម​នោះបាន​សរសេរថា “​ព្រះអាទិត្យ​នឹង​ប្រែ​ទៅជា​ងងឹត ហើយ​ព្រះ​ចន្ទ​នឹង​ប្រែ​ទៅជា​ឈាម មុននឹង​ថ្ងៃ​ដ៏​អស្ចារ្យ​និង​គួរឱ្យខ្លាច​របស់​ព្រះ​ជា​ម្ចាស់ មកដល់​”​។​

​អាចារ្យ​គ្រិស្ត​ឈ្មោះ ច​ន ហា​ហ្គី ដែល​ដឹកនាំ​ព្រះវិហារ Cornerstone ក្នុង​រដ្ឋ​តិច​សាស ដែលមាន​សមាជិក​ជាង ២០.០០០ នាក់ ធ្លាប់បាន​ទស្សន៍ទាយ​ថា ចន្ទ​គ្រាស​ក្រហម​ក្នុង​ខែកញ្ញា ឆ្នាំ ២០១៥ គឺជា “​ការបង្ហាញ​ដ៏​ធំ​មួយ​ពី​ឋានសួគ៌​ថា​ព្រះ​ជា​ម្ចាស់​នឹង​យាង​ចុះមក​ផែនដី​” ដែល​នោះ​ហើយ​ជាទី​បញ្ចប់​របស់​ពិភពលោក​។

​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ជា​ហូរហែ​មកនេះ ពួក​ហោរាសាស្ត្រ​តែង​បារម្ភ​ថា ការ​រះ​ឡើង​នៃ​ភព​អង្គារ គឺជា​សញ្ញា​បង្ហាញ​ពី​ជម្លោះ​បង្ហូរឈាម​លើ​ផែនដី​។

​ភព​អង្គារ​ត្រូវបាន​ចាត់ទុកជា “​អាទិទេព​សង្គ្រាម​” ក្នុងសម័យ​រ៉ូ​ម៉ាំង ហើយ​វង្ស​ត្រកូល​ស្តេច​អេ​លីហ្សា​បេ​តរបស់​អង់គ្លេស​តែងតែ​បន្ទោស​ពន្លឺ​ក្រហម​ពី​ផ្កាយ​ព្រះ​អង្គារ​ចំពោះ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​ផ្សេងៗ ជាពិសេស​គឺ​ជំងឺគ្រុនចាញ់​តែម្តង​។​

​សូមបញ្ជាក់ថា ចន្ទ​គ្រាស​យប់​ថ្ងៃ​សុក្រ​ទី​២៧​កក្កដា​នេះ​នឹង​ចាប់ផ្តើម​ពី​ម៉ោង ១២ យប់​ដល់​ម៉ោង ៦ ទៀបភ្លឺ ហើយ​រយៈពេល​ដែល​រា​ហ៊ូ​ចាប់​ចន្ទ​ទាំងស្រុង​គឺ ១០០ នាទី​ឯណោះ​៕ ដោយ៖ កញ្ញាដាលីស

គ្រិស្តបរិស័ទ​ខ្លះ​ជឿថា ការមកដល់​នៃ​ព្រឹត្តិការណ៍​ភ្លោះ​នេះ គឺ ជា​ប្រផ្នូល​នៃ​ការវិនាសហិនហោច

ទីតាំងផ្សាយពាណិជ្ជកម្ម