ប្រាក់ចំណេញ​ប្រចាំត្រីមាស​របស់​ក្រុមហ៊ុន Amazon កើនឡើង ១២ ដង​ធៀប​នឹង​ឆ្នាំមុន​

1862
ចែករម្លែក

​ក្រុមហ៊ុន Amazon កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​កក្កដា​បាន​រាយការណ៍​ថា ប្រាក់ចំណេញ​នៅក្នុង​ត្រីមាស​កន្លង​ទៅបាន​កើនឡើង ១២ ដង​ស្មើនឹង ២,៥ ពាន់​លាន​ដុល្លារ ខណៈ​ក្រុមហ៊ុន​យក្ស​អន​ឡាញ​នេះ​បាន​មើលឃើញ​កំណើន​នៅ​គ្រប់​ប្រភេទ​អាជីវកម្ម​របស់ខ្លួន​។​

​ប្រាក់ចំណេញ​ខ្ពស់ជាង​ការរំពឹងទុក​នេះ​បាន​ជួយ​បង្កើន​តម្លៃ​ភាគហ៊ុន​របស់ Amazon ចំនួន ១,៨ ភាគរយ​នៅក្នុង​ការជួញដូរ​ប្រចាំ​ម៉ោង ទោះបី​ការកើនឡើង​ចំណូល​របស់ខ្លួន​គឺ​តិចជាង​ការព្យាករណ៍​បន្តិចបន្តួច​ក្តី ពោលគឺ​ចំណូល​កើនឡើង ៣៩ ភាគរយ​ស្មើនឹង ៥២,៩ ពាន់​លាន​ដុល្លារ​។​

​ក្រុមហ៊ុន Amazon បាន​រីកចម្រើន​ក្លាយជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក​នៅលើ​ប្រតិ​ប​ត្ដិ​ការ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់ខ្លួន រួមជាមួយ​ការផ្ទុក​ទិន្នន័យ​កុំព្យូទ័រ​តាម​អ៊ី​ន​ធឺ​ណេ​ត (Cloud Computing) បច្ចេកវិជ្ជា​AI វីដេអូ ការលក់​គ្រឿងទេស និង​ប្រតិបត្តិការ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​នាយក​ប្រតិបត្តិ​និង​ស្ថាបនិក លោក ជេ​ហ្វ បេ​ហ្សូ​ស ដែល​ភាគហ៊ុន​របស់ Amazon បានធ្វើឱ្យ​គាត់​ក្លាយជា​អ្នកមាន​បំផុត​លើ​ពិភពលោក​នោះ បាន​ប្រើប្រាស់​ទិន្នន័យ​ប្រាក់ចំណេញ​ប្រចាំត្រីមាស​នេះ​ដើម្បី​គូសបញ្ជាក់​អំពី Alexa ជា​ជំនួយការ​ឌីជីថល​ដែល​ជំរុញ​ដល់​ផ្នែក​អេ​ឡិច​ត្រូ​និ​ចរ​បស់ Amazon រួមជាមួយ​រថយន្ត គ្រឿង​ឧបករណ៍ប្រើប្រាស់ និង​ឧបករណ៍​ភ្ជាប់​ផ្សេងៗ​ទៀត​។​

​លោក​បេ​ហ្សូ​សបាន​និយាយថា “​យើង​ចង់ឱ្យ​អតិថិជន​អាច​ប្រើប្រាស់ Alexa នៅ​គ្រប់​ទីកន្លែង​។ បច្ចុប្បន្ន​មាន​អ្នក​អភិវឌ្ឍ​រាប់ម៉ឺន​នាក់​នៅ​ទូទាំងប្រទេស​ជាង ១៥០ កំពុង​បង្កើត​ឧបករណ៍​ថ្មី​ដោយ​ប្រើ​សេវាកម្ម Alexa Voice Service និង​ចំនួន​ឧបករណ៍​ដែល​ពឹង​ផ្អែកលើ Alexa បាន​កើនឡើង ៣ ដង​កាលពី​ឆ្នាំមុន​”​។​

​ក្រុមហ៊ុន Amazon បាន​កសាង​កេរ្តិ៍ឈ្មោះ​ដោយសារ​រកប្រាក់​ចំណេញ​តិចតួច​ឬ​គ្មាន​ប្រាក់ចំណេញ​សោះ​នៅក្នុង​ឆ្នាំ​ដំបូងៗ​របស់ខ្លួន ប៉ុន្តែ​ថ្មីៗ​នេះ​បាន​បង្កើន​ប្រាក់ចំណេញ​យ៉ាងច្រើន​លើសលុប​។​

​ប្រាក់ចំណេញ​នៅក្នុង​ត្រីមាស​ចុងក្រោយ​នេះ (២,៥​ពាន់​លាន​ដុល្លារ​) បើ​ប្រៀបធៀប​នឹង​ប្រាក់ចំណេញ​សុទ្ធ​កាលពី​ឆ្នាំមុន​ក្នុង​រយៈពេល​ដូចគ្នា គឺមាន​ចំនួន​ត្រឹមតែ ១៩៧ លាន​ដុល្លារ​ប៉ុណ្ណោះ ពោលគឺ​កើនឡើង​ដល់​ទៅ ១២ ដង​៕ ដោយ៖ កញ្ញាដាលីស

នាយក​ប្រតិបត្តិ​និង​ស្ថាបនិក​ម​ហ៊ុន Amazon លោក ជេ​ហ្វ បេ​ហ្សូ​ស

ទីតាំងផ្សាយពាណិជ្ជកម្ម