ប្រជាជាតិ​ក្នុង​ក្រុម​ប្រទេស BRICS សន្យា​រក្សា​សាមគ្គីភាព ខណៈដែល​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​គំរាមកំហែង​

803
ចែករម្លែក

​ប្រទេស​សេដ្ឋកិច្ច​លេចធ្លោ​ធំ​បំផុត​ចំនួន ៥ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​កក្កដា បាន​ប្តេជ្ញា​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុងពេល​កំពុង​ប្រឈមមុខ​នឹង​ការ​គំរាម​វាយ​ពន្ធ​និង​ឯកតោភាគី​និយម​ពី​សំណាក់​សហរដ្ឋអាមេរិក​។​

​ប្រមុខរដ្ឋ​នៃ​ក្រុម​ប្រទេស BRICS ដែលមាន​ប្រេ​ស៊ី​ល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិក​ខាងត្បូង បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ចូ​ហាន​ណេ​ស្បឺ​ក​សម្រាប់​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ ដែល​គ្របដណ្ដប់​ដោយ​ហានិភ័យ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​បង្កឡើង​ដោយ​អាមេរិក ទោះបីជា​មេដឹកនាំ​ទាំងនោះ​មិនបាន​ប្រកាស​ជា​សាធារណៈ​អំពី​ឈ្មោះ​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏ដោយ ។​

​ពួកគេ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា “​យើង​បង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​ផលប៉ះពាល់​នៃ​វិធានការ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ជឿនលឿន​មួយចំនួន​។ យើង​ទទួលស្គាល់ថា​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​កំពុង​ជួប​ការ​ប្រឈម​មិន​ធ្លាប់មាន​ពីមុនមក​។ យើង​ផ្តោតចិត្ត​ទុកដាក់​ពី​សារៈសំខាន់​នៃ​សេដ្ឋកិច្ចពិភពលោក​ដែល​បើកទូលាយ​”​។​

​លោក​ត្រាំ​បាន​និយាយថា លោក​ត្រៀមខ្លួន​វាយ​ពន្ធ ២៥ ភាគរយ​លើ​ទំនិញ​នាំចូល​របស់​ចិន​តម្លៃ ៥០០ ពាន់​លាន​ដុល្លារ ដោយ​តវ៉ា​ថា អតិរេក​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​អាមេរិក គឺ​ដោយសារតែ​ការរៀបចំ​ចាត់ចែង​រូបិយវត្ថុ​យ៉ាង​អយុត្តិធម៌​។​

​លោក​ត្រាំ​បាន​វាយ​ពន្ធ​លើ​ទំនិញ​ពី​ប្រទេស​ចិន​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​រួចទៅហើយ ក៏ដូចជា​វាយ​ពន្ធ​លើ​ដែកថែប​និង​អាលុយមីញ៉ូម​មកពី​សហភាព​អឺរ៉ុប កាណាដា និង​ម៉ិ​ក​ស៊ិ​ក​។​

​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង បាន​និយាយ​នៅ​ថ្ងៃទី ២ នៃ​កិច្ចពិភាក្សា​នោះ​ថា “​យើង​គួរ​រក្សា​ការប្តេជ្ញាចិត្ត​ចំពោះ​ពហុភាគី​និយម​។ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​កាន់តែ​ជិតស្និទ្ធ​សម្រាប់​វិបុលភាព​រួម គឺជា​គោលបំណង​និង​អាទិភាព​ដំបូង​របស់ BRICS”​។​

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន ដែល​បានរៀបចំ​កិច្ចប្រជុំ​ដ៏​ចម្រូងចម្រាស់​ជាមួយ​លោក​ត្រាំ​កាលពី​សប្តាហ៍​មុន បាន​អំពាវនាវ​ឱ្យមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ក្នុងចំណោម​សមាជិក BRICS និង​ឱ្យមាន​ការធ្វើ​ពាណិជ្ជកម្ម​កាន់តែខ្លាំង​ឡើង​នៅក្នុង​ក្រុម​ប្រទេស​ទាំង​៥​នេះ​។​

​លោកពូ​ទីន​បាន​និយាយថា “​ប្រទេស BRICS មាន​កន្លែង​ពិសេស​តែមួយគត់​នៅក្នុង​សេដ្ឋកិច្ច​សកល នោះ​គឺ​ទីផ្សារ​ធំ​បំផុត​នៅលើ​ពិភពលោក ពោលគឺ​ផលិតផល​ក្នុងស្រុក​សរុប (GDP) រួមគ្នា​មាន​ចំនួន ៤២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក ហើយ​វា​នៅតែ​បន្ត​កើនឡើង​។ ក្នុង​ឆ្នាំ ២០១៧ ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស BRICS របស់​យើង​បាន​កើនឡើង ៣០ ភាគរយ ហើយ​យើង​កំពុង​សំដៅលើ​ការអភិវឌ្ឍ​ភាពជា​ដៃគូ​បែបនេះ​បន្ថែមទៀត​”៕ ដោយ៖ កញ្ញាដាលីស

មេដឹកនាំ​នៃ​ក្រុម​ប្រទេស BRICS ពា​ត់ដៃ​គ្នា​ក្រោយ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៅ​ទីក្រុង​ចូ​ហា​ណេ​ស្បឺ​ក

ទីតាំងផ្សាយពាណិជ្ជកម្ម