លោក​អ៊ី​ម​រ៉ា​ន់ ខាន់ ប្តេជ្ញា​ដឹកនាំ​ប៉ា​គី​ស្ថាន “​តាម​វិធី​ដែល​ប្រទេស​នេះ​មិន​ធ្លាប់​ត្រូវបាន​ដឹកនាំ​ពីមុនមក​”

857
ចែករម្លែក

​អតីត​តារា​គ្រី​ឃី​ត លោក អ៊ី​ម​រ៉ា​ន់ ខាន់ បានប្រកាស​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​សភា​ប៉ា​គី​ស្ថាន​និង​បាន​ប្តេជ្ញា​ថា​នឹង​ដឹកនាំ​ប្រទេស “​តាម​វិធី​ដែល​ប្រទេស​នេះ​មិន​ធ្លាប់​ត្រូវបាន​ដឹកនាំ​ពីមុនមក​” ដោយ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ ស្វែងរក​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង បង្កើត​ទំនាក់ទំនង​ថ្មី​ជាមួយ​សហរដ្ឋអាមេរិក ដែល​មិនមែន​តែ​ជា “​ភាគី​ម្ខាង​”​។​

​ស្ថានីយ៍ទូរទស្សន៍​នានា​បាន​រាយការណ៍​ថា លោក​ខាន់​និង​គណបក្ស​ថេរី​ក​អេ​អ៊ី​សា​ហ្វ ឬ PTI របស់លោក​បាន​រក្សា​ការនាំ​មុខ​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃ​ពុធ​ទី​២៥​កក្កដា​។​

​ប៉ុន្តែ​គូប្រជែង​ឈានមុខ​របស់គាត់ លោក សា​បាស សារី​ហ្វ បាន​ច្រានចោល​លទ្ធផល​នេះ ដោយ​លើកឡើង​ពី​ការបន្លំ​សន្លឹកឆ្នោត​។​

​គណៈកម្មាធិការ​បោះឆ្នោត​ប៉ា​គី​ស្ថាន​បាន​ជួប​បញ្ហា​បច្ចេកទេស ហើយ​ត្រូវ​ត្រឡប់​ទៅ​ការរាប់​ដោយ​ដៃ​វិញ ដោយ​ពន្យារពេល​ប្រកាស​លទ្ធផល​ចុងក្រោយ​រហូតដល់​ថ្ងៃ​សុក្រ​នេះ​។​

​ការណ៍​នោះបាន​បន្សល់ទុក​នូវ​ភាពមិនច្បាស់លាស់​ថា​តើ​គណបក្ស PTI នឹងមាន​សំឡេង​ភាគច្រើន​លើសលុប​នៅក្នុង​រដ្ឋសភា ឬ​ត្រូវបង្កើត​រដ្ឋាភិបាលចម្រុះ​។​

​ប៉ុន្តែ​រឿង​នោះ​មិនបាន​រារាំង​លោក​ខាន់​អាយុ ៦៥ ឆ្នាំ​ពី​ការប្រកាស​នូវ​ជ័យជម្នះ​របស់លោក​នៅក្នុង​សុន្ទរកថា​មួយ​ទៅកាន់​ប្រជាជាតិ​នោះឡើយ ដែល​ក្នុងនោះ​លោក​បាន​សន្យា​បង្កើត​រដ្ឋ​សុខុមាលភាព​អ៊ីស្លាម​មួយ​ដើម្បី​ផ្តល់​ការអប់រំ​និង​ការងារ​សម្រាប់​ជនក្រីក្រ​ដើម្បី​បំពេញ​នូវ​ការសន្យា​យុទ្ធនាការ​បោះឆ្នោត​ដើម្បី​បង្កើត​ការងារ​ចំនួន ១០ លាន​។​

​លោក​ខាន់​បាន​និយាយថា “​ថ្ងៃនេះ​នៅ​ចំពោះមុខ​អ្នក​រាល់គ្នា នៅ​ចំពោះមុខ​ប្រជាជន​ប៉ា​គី​ស្ថាន ខ្ញុំ​សូម​សន្យាថា ខ្ញុំ​នឹង​ដឹកនាំ​ប្រទេស​ប៉ា​គី​ស្ថាន​តាម​វិធី​ដែល​ប្រទេស​នេះ​មិន​ធ្លាប់​ត្រូវបាន​ដឹកនាំ​ពីមុនមក​”​។​

​លោក​បាន​ប្តេជ្ញា​លុបបំបាត់​អំពើពុករលួយ ពង្រឹង​ស្ថាប័ន​នានា ដែល​លោក​ហៅថា​មិន​ប្រក្រតី និង​នាំមក​នូវ​មោទនភាព​ជាតិ តាមរយៈ​ការអភិវឌ្ឍ​ទំនាក់ទំនង​អន្តរជាតិ ផ្អែកលើ​ការគោរព​និង​សមភាព​៕ ដោយ៖ កញ្ញាដាលីស

លោក​អ៊ី​ម​រ៉ា​ន់ ខាន់ ចេញមក​ប្រកាស​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី

ទីតាំងផ្សាយពាណិជ្ជកម្ម