ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា មនុស្ស​បី​នាក់​បាន​ស្លាប់ និង​ប្រាំ​បីនាក់​ផ្សេងទៀត​បាន​រងរបួស នៅពេល​ដែល​បុរស​មួយក្រុម​បាញ់រះ​មិន​រើសមុខ​ទៅលើ​ហ្វូង​មនុស្ស​រាប់រយ​នាក់​ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅក្នុង​សង្កាត់​នៃ​ទីក្រុង​មួយ​ក្នុង​រដ្ឋ​តិច​សាស់ បន្ទាប់ពី​ពិធី​បុណ្យ​មួយ​នៅក្នុង​តំបន់​នោះ​។​

​ប៉ូលិស​និយាយថា​មិនទាន់​មាន​ការចាប់ខ្លួន​ជនសង្ស័យ​ឬ​ការកំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ក្នុង​ការបាញ់ប្រហារ​នៅ​ម៉ោង​ប្រហែល​១១៖៤៧​នាទី​យប់​ថ្ងៃ​ចន្ទ​នៅក្នុង​សង្កាត់​ហ្វ​ត​វ៉​ត (Fort Worth) នៃ​ក្រុង​កូ​ម៉ូ (Como) នោះទេ​។

​ការបាញ់ប្រហារ​នេះ​បាន​ផ្ទុះឡើង​ប្រហែល​ពីរ​ម៉ោង​បន្ទាប់​ពី​ការបញ្ចប់​នៃ​ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​ដែល​មានឈ្មោះ​ថា ComoFest នៅក្នុង​សង្កាត់​ស្បែក​ខ្មៅ​ជា​ប្រវត្តិសាស្ត្រ​នេះ​។ ការ​ប្រារព្ធ​ពិធី​នោះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សួន​មួយ ដែល​នៅ​ឆ្ងាយ​ពី​តំបន់​បាញ់ប្រហារ​ជាច្រើន​ប្លុក​អគារ​។​

​បើតាម​ប៉ូលិស​ការបាញ់ប្រហារ​នៅ​ផ្លូវ Horne ជា​កន្លែង​ដែល​ហ្វូង​មនុស្ស​យ៉ាង​ច្រើន​បាន​ប្រមូលផ្តុំ​គ្នា​គឺ “​ដាច់ដោយឡែក​ពីគ្នា​និង​មិន​ទាក់ទង​នឹង​ពិធីបុណ្យ ComoFest ទេ​”​។​

​ហេតុការណ៍​ចលាចល​មួយ​បាន​កើតឡើង​បន្ទាប់​ពី​ការបាញ់ប្រហារ​នេះ ខណៈ​មនុស្ស​ព្យាយាម​រត់គេច​ដោយ​ថ្មើរជើង​និង​តាម​រថយន្ត ខណៈ​ការបាញ់ប្រហារ​បាន​ផ្ទុះឡើង នេះ​បើ​យោង​តាម​សមត្ថកិច្ច​។​

​ប៉ូលិស​បាន​និយាយថា មន្ត្រី​ដែល​ចុះ​ទៅ​ដល់​បាន​រក​ឃើញ​ជនរងគ្រោះ​ជាច្រើន​នាក់​នៅ​ចំណតរថយន្ត ក្នុងនោះ​មាន​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​។ អ្នក​ផ្សេង​ទៀត​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​តាម​រថយន្ត​សង្គ្រោះបន្ទាន់​ឬ​រថយន្ត​ឯកជន​។​

​ផូល វី​ល​លី​ស (Paul Willis) អាយុ ១៨ ឆ្នាំ​បាន​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​សម្លាប់ នេះ​បើ​យោង​តាម​ម្តាយ​របស់​គេ​ឈ្មោះ កា​ដេសា វីត​ធឺ​លី (Ka’Desha Weatherly) ប្រាប់​ទៅ​សារព័ត៌មាន The Dallas Morning News ។ លោកស្រី​វីត​ធឺ​លី​បាន​ប្រាប់​កាសែត​នេះ​ថា បន្ទាប់ពី​ឮ​សំឡេង​កាំភ្លើង ១០០ គ្រាប់​កាលពី​យប់​ថ្ងៃ​ចន្ទ លោកស្រី​បានចាប់ផ្តើម​រត់​តាម​ដង​ផ្លូវ​ដើម្បី​ស្វែងរក​កូន​ប្រុស​និង​ក្មួយប្រុស​របស់​គាត់​។ លោកស្រី​បាន​រកឃើញ​ក្មួយ​ប្រុស​នៅ​រស់ ប៉ុន្តែ​មិនមែន​កូនប្រុស​របស់​គាត់​ទេ​។ លោកស្រី​បាន​និយាយថា លោកស្រី​មិន​បានដឹងខ្លួន​ថា​លោកស្រី​បាន​រត់​កាត់​សាកសព​កូន​នោះ​ឡើយ​៕

​ប៉ូលិស​មក​ដល់​កន្លែង​កើតហេតុ​ក្នុង​សង្កាត់​ហ្វ​ត​វ៉​តនៃ​ក្រុង​កូ​ម៉ូ