ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ចិន​បាន​ព្រមាន​អូស្ត្រាលី​ថា​កុំ​ផ្តល់​ជម្រក​សុវត្ថិភាព​ណាមួយ​ដល់​ជនល្មើស​រត់គេចខ្លួន ក្រោយ​ពី​ប៉ូលិស​ហុងកុង​ចេញ​ដីកា​ចាប់​ខ្លួន​សកម្មជន​ពីរ​នាក់​ដែល​កំពុងសម្ងំរស់នៅ​អូស្ត្រាលី​។​

​សូមបញ្ជាក់ថា អាជ្ញាធរ​ហុងកុង​បាន​ប្រកាស​ផ្តល់​ប្រាក់រង្វាន់​១​លាន​ដុល្លារ​ហុងកុង​(១២.៧៧២​ដុល្លារ​)​ចំពោះ​ការចាប់ខ្លួន​សកម្មជន​នៅ​បរទេស​ចំនួន​ប្រាំបី​នាក់​ក្រោយ​ចោទ​ប្រកាន់​ពួកគេ​ថា​បាន​រំលោភ​សន្តិសុខ​ជាតិ​ក្រោយ​ការបង្ក្រាប​លើ​ជន​ប្រឆាំង​នយោបាយ​។​

​សកម្មជន​ទាំង​ពីរ​រូប​នេះ​រួមមាន មេធាវី​អូស្ត្រាលី​ខេ​វិន យ៉ាម​(Kevin Yam)​និង​អតីត​សមាជិក​សភា​ហុងកុង​លោក​ថេដ វ៉េ​(Ted Hui)​ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​អូស្ត្រាលី​។​

​សកម្មជន​ខេ​វិន យ៉ាម​និង​ថេដ វ៉េ កំពុង​រស់នៅ​អូស្ត្រាលី និង​ត្រូវ​អាជ្ញាធរ​ចិន​ត្រូវ​ការចាប់ខ្លួន​

​ប៉ូលិស​ហុងកុង​ប្រកាស់​ផ្តល់​ប្រាក់រង្វាន់​១​លាន​ដុល្លារ​ចំពោះ​ការចាប់ខ្លួន​មនុស្ស​៨ នាក់​រួម​មាន​អតីត​សមាជិក​សភា​ហុងកុង​បីនាក់​

​នៅពេល​ត្រូវ​បាន​សួរ​អំពី​ប្រតិកម្ម​ចំពោះ​ដីកាចាប់ខ្លួន​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី​ម៉ៅ​និ​ញ បាន​ចោទប្រកាន់​លោកយ៉ា​ម​និង​ជន​ដទៃ​ទៀត​ថា​បាន​ចូលរួម​ពាក់ព័ន្ធ​ក្នុង​«​សកម្មភាព​ប្រឆាំង​ចិន​ក្នុង​បំណង​ធ្វើអោយ​ហុងកុង​បាត់បង់​ស្ថិរភាព​»​។​

​លោកស្រី​បាន​និយាយថា «​យើង​សោ​កស​្តា​យ​និង​ប្រឆាំង​ប្រទេស​មួយចំនួនដែល​មួលបង្កាច់​យើង​និង​និយាយ​មិន​ល្អ​អំពី​ច្បាប់​សន្តិសុខ​ជាតិ​សំរាប់​តំបន់​ហុងកុង ហើយព្យាយាមជ្រៀតជ្រែក​ក្នុង​នីតិរដ្ឋ​នៅ​ហុងកុង​»​។​

«​ប្រទេស​ពាក់ព័ន្ធ​គួរ​គោរព​អធិបតេយ្យភាព​របស់​ចិន​និង​នីតិរដ្ឋ​នៅ​ហុងកុង ឈប់​ផ្តល់​ការគាំទ្រ​ដល់​សមាសភាព​ប្រឆាំង​ចិន​ដើម្បី​ធ្វើអោយ​ហុងកុង​បាត់បង់​ស្ថិរភាព​ហើយ​ផ្តល់​ទីជម្រក​សុវត្ថិភាព​មួយ​ដល់​ជនល្មើស​រត់គេចខ្លួន​»​។​

​តែ​លោក​វ៉េ​បាន​ហៅ​ប្រាក់រង្វាន់​សំរាប់​ក្បាល​របស់​លោក​ជា​រឿង​«​គួរ​អោយ​ចង់​សើច​»​។​លោក​បាន​ប្រាប់​វិទ្យុ​AB​កាលពី​ថ្ងៃ​ពុធ​ថា​«​វា​ជា​កាយវិការ​នយោបាយ​ដែល​គេ​ចង់បង្ហាញ​។​ពួក​គេ​ចង់​សាប​ព្រួស​ការភ័យខ្លាច​ទូទៅ ដើម្បី​ធ្វើអោយ​អ្នក​នៅ​បរទេស​ដែល​គាំទ្រ​សេរីភាព​…​បិទមាត់​និង​ឈប់​រិះគន់​ពួកគេ​ទៀត​»​។​

​លោក​វ៉េ​បាន​បន្ថែមថា លោក​«​មាន​អារម្មណ៍​សុខ​ស្រួល​ទាំងស្រុង​»​នៅ​អូស្ត្រាលី ដោយសារ​រដ្ឋាភិបាល​បានអនុញ្ញាត​អោយ​លោក​ស្នាក់​នៅ​ទីនេះ​។​

​ចំណែក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី បាន​និយាយថា​លោក​មាន​ការខកចិត្ត​ចំពោះ​ដីកាចាប់ខ្លួន​នេះ​៕