ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ក្នុងសាល ដែល ចាប់ផ្ដើមតាំងពីថ្ងៃទី២៤មិថុនាមកនោះនឹងបញ្ចប់នៅថ្ងៃទី១០កញ្ញាឆ្នាំ២០២៣នេះ។ពេលនេះការប្រកួតដំណើរការបានពីរ សប្ដាហ៍ហើយ។

រដូវកាលឆ្នាំ២០២៣នេះមានក្រុមចូលរួមសរុបចំនួន១៩ហើយចែកចេញជា៥ពូលខណៈការប្រកួតត្រូវបានចែកចេញជា២ដំណាក់ដូចរដូវកាលមុនដែរ។ ក្រោយប្រកួតជម្រុះវិលជុំក្នុងពូលរួចហើយ គឺក្រុមលេខ១នៃពូលទាំង ៥និងក្រុមលេខ២ល្អនៃពូលទាំង៥ត្រូវឡើងទៅប្រកួតនៅដំណាក់កាលទី២ដែលលេងតាមរូបមន្តលីគវិលជុំ១ជើង ហើយប្រកួតជម្រុះរហូតដល់សម្រិត សម្រាំងបានម្ចាស់ជើងឯកតែម្តង។

លោក ឃុល ភីរម្យ ប្រធានគ្រប់គ្រងបាល់ទាត់ក្នុងសាលនៃសហព័ន្ធកីឡា បាល់ទាត់កម្ពុជាបានឱ្យដឹងថា ព្រឹត្តិការណ៍ថ្នាក់ជាតិ ឆ្នាំនេះមាន សារៈសំខាន់ ណាស់ ដើម្បីរៀបចំកីឡាករជម្រើសជាតិហ្វូតសាល ត្រៀម ចូលរួមប្រកួតពានរង្វាន់ហ្វូតសាលអាស៊ី ឆ្នាំ២០២៤ ដែលកម្ពុជាស្ថិតនៅ ក្នុង ពូល G ជាមួយក្រុមម្ចាស់ផ្ទះអ៊ូសបេគីស្ថាន អ៊ីរ៉ាក់ ម៉ាឡេស៊ី។

សម្រាប់ការប្រកួតAFC Futsal Asian Cup 2024 មានប្រទេសចូល រួមសរុបចំនួន ៣១ក្រុម ដោយបែងចែកចេញជា៨ពូលដោយម្ចាស់ពូល ទាំង៨នឹងត្រូវទទួលរៀបចំធ្វើម្ចាស់ផ្ទះនៃពូលរៀងៗខ្លួន។នៅក្នុងចំណោម៨ពូលគឺក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅក្នុងពូល G ជាមួយក្រុមម្ចាស់ផ្ទះអ៊ូសបេគីស្ថាន អ៊ីរ៉ាក់ ម៉ាឡេស៊ី ដោយការប្រកួត ជម្រុះវិលជុំសន្សំពិន្ទុនឹងត្រូវធ្វើឡើងនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលក្រុមកម្ពុជាត្រូវប៉ះជាមួយម្ចាស់ផ្ទះ អ៊ូសបេគីស្ថានមុនគេ មុនក្រុម កម្ពុជាប៉ះជាមួយក្រុមអ៊ីរ៉ាក់ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ និងចុងក្រោយ កម្ពុជាត្រូវជួបជាមួយក្រុម ម៉ាឡេស៊ី នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣៕សរន / N