បំពារ​, បំផ្លើស​, បំពត់​, បេក្ខជន​, បេសកកម្ម​, ប៉ផ្អៀច​, ប៉ិន​, លក្ខណ​, លាក់​, លោក​, លម្អិត​, លម្ហ​, ឬ​

2219
ចែករម្លែក

បំពារ ( កិ​. ) ធ្វើ​ឲ្យ​ពារ​លើ​, ពារ​ទាំង​បំពាន​; រំលោភ​ដាក់​, រំលោភ​លើ : បរសេះ​បំពារ លើ​ដំណាំ​គេ​, ជិះសេះ​បំបោល​បំពារ​លើ​គេ ។ បំពារបំពាន ឬ បំពានបំពារ ឲ្យ​ពាន​ពារ​លើ : បំពារបំពាន​លើ​ច្បាប់​បញ្ញត្ត ។ បំប៉ះ​បំពារ បំពារ​ឲ្យ​ប៉ះ​លើ ។

​បំផ្លើស ( កិ​. ) ធ្វើ​ឲ្យ​លើស គឺ​ធ្វើ​ឲ្យ​កើន​ឲ្យ​ជ្រុល​ហួស : បំផ្លើសពាក្យ​, បំផ្លើសសេចក្ដី ។ ប្រើ​ជា កិ​. វិ​. ឬ គុ​. ក៏បាន : និយាយ​បំផ្លើស​; សម្ដី​បំផ្លើស ។

បំពត់ ( កិ​. ) ខំ​ពត់​ឲ្យ​បាន​ដូច​ចិត្ត​ឬ​ឲ្យ​បាន​បទ : បំពត់​ដងសន្ទូច​; បំពត់​កូន​តាំងពី​តូច ទូន្មាន​ប្រៀនប្រដៅ​កូន​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ​តាំងពី​វា​នៅ​តូច ។

បេក្ខជន ប៉េ​ក​-​ខៈ​ជន់ បា​. ( ន​. ) (​បេ​ក្ខ + ជន​) ជន​អ្នក​សម្លឹង​, អ្នក​ប៉ងប្រាថ្នា​, អ្នក​ចង់បាន​នូវ​មុខតំណែង​, មុខការ​ងារ​ឬ​ឋានន្តរ​ផ្សេងៗ​ដូចជា​អ្នក​ប្រឡងប្រជែង​ដណ្ដើម យកមុខ​តំណែង​ជា​ស្មៀន​, ជា​សិស្ស​ចូលរៀន​ក្នុង​សាលា ឬ​អ្នក​សុំ​ចុះឈ្មោះ​បោះឆ្នោត​ជាដើម : បេក្ខជន​ទាំងពីរ​ភេទ អាច​សុំ​ចុះឈ្មោះ​ចូល​ប្រឡងប្រជែង​បាន​; មាន​បេក្ខជន​តែ​ពីរ រូប​ទេ ដែល​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានរដ្ឋសភា​ក្នុង​គ្រានេះ ។ បេក្ខជនស្វៃរិន ន​. (​សំ​. ស្វៃរិន៑​; បា​. សេរី​) បេក្ខជន​សេរី​, បេក្ខជន​ដែលមាន​អំណាច​ចូល​ប្រឡងប្រជែង​បាន គឺ​បេក្ខជន​ក្រៅ ពី​សិស្ស​នៃ​គ្រឹះស្ថានសិក្សា​ជា​ផ្លូវការ ដែល​បានទទួល​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង​បាន ។ បេក្ខភាព ន​. (​បា​.–​ភាវ​) ភាព​, ឋានៈ​, លក្ខណសម្បត្តិ​របស់​បេក្ខជន ។​

បេសកកម្ម ប៉េ​សៈកៈ​– បា​. ( ន​. ) (​បេស​ក + កម្ម​) អំពើ​របស់​ជន​អ្នក​ប្រើ ឬ​កិច្ចការ​របស់ ជន​អ្នកចាត់ការ​បញ្ជូន ។ សព្វថ្ងៃនេះ​ប្រើ​សំដៅយក​អំណាច​ឬ​សិទ្ធិ​ដែល​ប្រគល់​ឲ្យ​ដល់​ប្រតិភូ ដើម្បី​ទៅ​បំពេញ​កិច្ចការ​អ្វីមួយ​នៅ​ទី​ដទៃ​; មុខការ​ងារ​មានកំណត់​ជាក់​ប្រាកដ​ធ្វើ​យ៉ាងនេះ​ឬ​យ៉ាងនោះ ដែល​រដ្ឋាភិបាល​បានប្រគល់​ឲ្យ​ដល់​ភ្នាក់ងាររាជការ​ពិសេស ដើម្បី​ធ្វើ​ឲ្យ​បានសម្រេច​មួយដង​មួយគ្រា : បេសកកម្ម​ខាង​ផ្លូវ​ទូត​, បេសកកម្ម​នៃ​ការចរចា​អំពី​សេដ្ឋកិច្ច (​បារ​. Mission) ។

ប៉ផ្អៀច ( គុ​. ) ដែល​សើម​ជ្រាយ​រអៀច : ដី​សើមប៉ផ្អៀច​, នំកូរ​ជ្រាយ​ប៉ផ្អៀច (​ប្រើ​ជា ប៉ផ្ដៀច (​ជើង ដ​) ក៏បាន តាម​ទម្លាប់​ប្រើ​ផ្សេងគ្នា​) ។

​ប៉ិន ( គុ​. ) ប្រសប់​, ស្ទាត់​, ពូកែ​, ជំនាញ : ក្មេង​នេះ​ប៉ិន​ណាស់​ខាង​ឡើងដើមឈើ ។ ប៉ិនប៉ៅ ស្ទាត់​ប្រាកដ ។ ( និ​. ) គ្រាមភាសា​ប្រើ​ក្លាយ​មកពី​ពាក្យ ប៉ុន : ភ្ញាក់​ប៉ិន​គេ​ចោល​, រត់​ជ្រុល​ទៅ​ប៉ះ គាត់​ប៉ិន​គេ​ច្រាន បណ្ដោយ (​ម​. ព​. ប៉ុន ផង​) ។

​លក្ខណ ល័ក​-​ខៈ ណៈ បា​.; សំ​. ( ន​. ) (​លក្ខណ​; លក្សណ​) គ្រឿង​សម្គាល់​, គ្រឿង​ចំណាំ​; គ្រឿង​សង្កេត​នា​ខ្លួនប្រាណ ចង្អុល​ឲ្យ​ឃើញច្បាស់​ថា​មានភ័ព្វ​ឬ​ឥត​ភ័ព្វ​; គុណសម្បត្តិ : លក្ខណៈ​មានបុណ្យ​, –​ឥត​បុណ្យ​; ហោរ​ទាយ​លក្ខណៈ ។ លក្ខណញ្ញូ​, លក្ខណវិទូ ឬ លក្ខណវិទ អ្នក​ស្គាល់​លក្ខណៈ​; ហោរ ។ លក្ខណប្បញ្ញត្តិ បញ្ញត្តិ​តាម​លក្ខណៈ​ច្បាប់ ។

លាក់ ( កិ​. ) ធ្វើ​ឲ្យ​មាន​គន្លាក់ : លាក់​ឈើ ។ បិទបាំង​, បំបាំង​ឬ​ទុក​មិន​ឲ្យ​គេ​ឃើញ មិន​ឲ្យ​គេ​ដឹង : លាក់​របស់​, លាក់ខ្លួន​, លាក់ពុត ។ លាក់កំនួច លាក់​គំនិត​ដែល​កួច​កាន់​ទុក ឬ​លាក់​ល្បិច​, លាក់​ចំណេះ ។ លាក់បាំង​អ្វី និ​. ពាក្យ​និបាត​សម្រាប់​និយាយ​ផ្តើម​ប្រាប់​សេចក្ដី​ទៀងត្រង់ មិន​លាក់​មិន​បំបាំង : លាក់បាំង​អ្វី ខ្ញុំ​សព្វថ្ងៃនេះ​ទ័លក្រ​ណាស់​បានជា​មករក​ខ្ចីប្រាក់​អ្នក ។ លាក់​លៀប ឬ​លាក់លៀម លាក់​ក្បិតក្បៀត​ទុក​សំចៃ ឬ​លាក់ទុក​នៅ​កៀនកោះ ។

​លោក សំ​. បា​. ( ន​. ) សភាវធម៌​ដែល​តែង​កើត​តែង​វិនាស​រឿយៗ ឬ​ដែល​បាត់ៗ​ឃើញៗ គឺ​ដែល​កើតមាន​ហើយ​បាត់ៗ ហើយ​មាន​ឡើងវិញ​តាម​កាលសម័យ​; បើ​និយាយ​ដោយ ការរៀបរាប់ គឺ ដី​, ទឹក​, ភ្លើង​, ខ្យល់​, អាកាស​; មនុស្ស​សត្វ​ទួទៅ​ទាំងអស់​; ឋានមនុស្ស​; ឋានសួគ៌​; ឋានព្រហ្ម​; ឋាននរក​, ប្រេត ។​ល​។ ប្រើ​ភ្ជាប់​ជាមួយនឹង​សព្ទ​ដទៃ​បាន​តាម​គួរ​ដល់​ការប្រកប​; បើ​រៀង​ខាងដើម អ​. ថ​. លោកៈ​; ដូចជា : លោកធម៌​, លោកបាល​, លោកសន្និវាស ជាដើម​; បើ​រៀង​ពី​ខាងចុង អ​. ថ​. លោក​, ដូចជា : ទេវលោក​, ព្រហ្មលោក​, មនុស្សលោក ជាដើម ។

លម្អិត ( កិ​. ) ធ្វើ​ឲ្យ​ល្អិត : លម្អិត​ឲ្យ​ខ្ទេច ។ ព​. ប្រ​. ធ្វើ​ឲ្យ​វិនាស​, ឲ្យ​អស់អំណាច​; ឲ្យ​ផុត​ពូជ : លំអិត​ស្រុក​; លំអិត​ឲ្យ​អស់​កុំ​ឲ្យ​សល់​មួយ (​ប្រើ​ជា លំឥត ក៏បាន​) ។ លំអិត ( ន​. ) កម្ទេច​ឬ​ផង់​ល្អិត​, ម្សៅ​ផង់ : លម្អិត​ខ្លឹមចន្ទន៍ ផង់​ខ្លឹមចន្ទន៍ ។ ប្រើ​ជា លំឥត ក៏បាន ។

លម្ហ ( ន​. ) ទី​ដែល​វាល​ល្ហ : លម្ហ​សមុទ្រ ។ ឋាន​ក្រោម​ជើង​ហោជាង​នៃ​ប្រាសាទ ឬ​វិហារ​មុខដាច់ ដែល​មើល​ពី​ដី​ទៅ​ឃើញ​ល្ហ ព្រោះ​មិនមាន​ដំបូល​បាំងសាច : លំហ​នាងច្រាល គឺ​លំហ​និង​នាងច្រាល (​ម​. ព​. នាងច្រាល ផង​) សរសេរ​ជា រម្ហ ឬ រំហ ក៏មាន ។

ស្រៈ​សំស្ក្រឹត ជាទី​ឃៈ , ឬ ( និ​. ) ពាក្យ​និបាត​សម្រាប់​និយាយ​ដោយ​សេចក្ដី​សង្ស័យ​, មិន​ប្រាកដ​, មិន​ដាច់ស្រេច​, មិន​អស់​មិន​ហើយ : មិន​មែនឬ ?, មាន​ដែរ​ឬ ?; មាស​ឬ​ប្រាក់ ? ។ ឬក៏ ពុំនោះ​ក៏ : ថ្ងៃនេះ ឬស្អែក ឬក៏​ខានស្អែក (​ម​. ព​. ពុំនោះ​, ពុំនោះសោត ផង​) ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ