ដោយ៖ដេប៉ូ/ភ្នំពេញ៖ជាទូទៅសត្វស្វាយកន្ទុយសឈ្មោលភាគច្រើនធំជាងញី ហើយស្វាកន្ទុយសប្រភេទនេះ មាន ២អនុប្រភេទទៀតគឺ ស្វាកន្ទុយសជើងប្រផេះ( Grey-Shanked Douc Langur ) និងស្វាកន្ទុយសជើងក្រហម ( Red-Shanked Douc Langur )។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០២៣ថាស្វាកន្ទុយស ជាប្រភេទសត្វជិតផុតពូជបំផុតលើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមាន នៅភាគខាងកើតទន្លេមេគង្គ និងតំបន់ខ្ពង់រាបខាងកើត និងឦសាន្តប្រទេស ភាគច្រើន រស់នៅជាហ្វូង នៅតាមដើមឈើខ្ពស់ៗក្នុងព្រៃស្រោង និងព្រៃពាក់កណ្ដាលស្រោង និងស៊ី គ្រាប់ធញ្ញជាតិ ត្រួយឈើ ផ្កាឈើ និងផ្លែឈើ។
ស្វាកន្ទុយស មានសម្បុរខុសប្លែកពីប្រភេទស្វា ផ្សេងទៀត ដោយមានដងខ្លួនពណ៌ប្រផេះ ផ្នែកក្បាលមានពណ៌ត្នោតខ្ចី កន្ទុយមានពណ៌ស ចាប់ពីគល់រហូតដល់ចុងកន្ទុយ ដៃ និងជើងរបស់វាមានពណ៌ខ្មៅ ផ្ទៃមុខមានពណ៌លឿង ស្រាលដោយមានរោមវែងៗព័ទ្ធជុំវិញពណ៌ស និងពណ៌ពងមាន់នៅជុំវិញរង្វង់ភ្នែកទាំងពីរ។
គួរបញ្ជាក់ថា ស្វាកន្ទុយសនៅកម្ពុជាបច្ចុប្បន្នមានចំនួនប្រមាណជាង២ម៉ឺនក្បាល ហើយវត្តមានរបស់សត្វកន្ទុយសនេះច្រើនជាងគេ គឺនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីដែលតាមការសិក្សាមានចំនួន ៦.៧៥៦ក្រុម។ ដោយមានការអភិរក្សបានល្អ និងការអនុវត្តច្បាប់តឹងរ៉ឹង ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ចំនួនសត្វស្វាកន្ទុយសនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា មានស្ថេរភាព៕ P / N