​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​ពិភពលោក​ឱ្យ​ត្រៀម​ខ្លួន​សម្រាប់​ផល​ប៉ះពាល់​ពី​បាតុភូត​អែល​នី​ណូ (El Nino) ដោយ​និយាយថា បាតុភូត​អាកាសធាតុ ដែល​បង្ក​ឱ្យ​មាន​សីតុណ្ហភាព​ពិភពលោក​កាន់តែ​ខ្ពស់​នេះ គ្រោង​នឹង​បន្ត​ពេញ​ឆ្នាំ ២០២៣​។​

El Nino គឺជា​ទម្រង់​អាកាសធាតុ​ដែល​កើតឡើង​ដោយ​ធម្មជាតិ ដែល​ជា​ធម្មតា​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការកើនឡើង​កម្តៅ​ទូទាំង​ពិភពលោក ក៏​ដូចជា​គ្រោះរាំងស្ងួត​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ពិភពលោក និង ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​កន្លែង​ផ្សេង​ទៀត​។​

​បាតុភូត​នេះ​កើត​ឡើង​ជា​មធ្យម​រៀងរាល់ ២ ទៅ ៧ ឆ្នាំ​ម្តង ហើយ​វគ្គ​នីមួយៗ​ជា​ធម្មតា​មាន​រយៈពេល​ពី ៩ ទៅ ១២ ខែ​។​

​អង្គការ​ឧតុនិយម​ពិភពលោក (WMO) របស់​អ​.​ស​.​ប​បានប្រកាសថា El Nino កំពុង​ដំណើរការ​ហើយ ហើយ​បាន​និយាយថា​មាន​ឱកាស ៩០ ភាគរយ​ដែល​វា​នឹង​បន្ត​ក្នុង​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ ២០២៣​។​

​លោក ភី​ត​ធឺ​រី ថា​ឡាស (Petteri Taalas) អគ្គលេខាធិការ WMO បាន​ព្រមាន​ថា “​ការចាប់ផ្តើម​នៃ El Nino នឹង​បង្កើន​លទ្ធភាព​នៃ​ការ​បំបែក​ឯតទគ្គម្ម​សីតុណ្ហភាព និង​បង្ក​ឱ្យ​មាន​កម្តៅ​ខ្លាំង​បន្ថែមទៀត​នៅក្នុង​ផ្នែក​ជាច្រើន​នៃ​ពិភពលោក​និង​ក្នុង​មហាសមុទ្រ​”​។​

​លោក​ថា​ឡា​សបាន​និយាយថា “​ការប្រកាស​អំពី El Nino ដោយ WMO គឺជា​សញ្ញា​ផ្ញើ​ទៅ​រដ្ឋាភិបាល​ជុំវិញ​ពិភពលោក ដើម្បី​ប្រមូលផ្តុំ​ការត្រៀមខ្លួន​ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​លើ​សុខភាព ប្រព័ន្ធ​អេកូឡូស៊ី និង​សេដ្ឋកិច្ច​របស់​យើង​”​។​

“​ការព្រមាន​ជា​មុន​និង​សកម្មភាព​ប្រមើល​មើល​ជា​មុន​នៃ​ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ​ដែល​ទាក់ទង​នឹង​បាតុភូត​អាកាសធាតុ​ដ៏​សំខាន់​បែបនេះ​គឺ​មាន​សារៈសំខាន់​ក្នុង​ការជួយ​សង្គ្រោះ​ជីវិត​និង​ជីវភាព​រស់នៅ​”៕

​បាតុភូត​អែល​នី​ណូ​រំពឹង​បន្ត​ពេញ​មួយឆ្នាំ​២០២៣