ទិវា​ឯករាជ្យ​ជាតិ​បេឡា​រុស​

2107
ចែករម្លែក

(​ភ្នំពេញ​)៖ ដើមឡើយ បេឡា​រុស បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន នៅ​ថ្ងៃទី​៣ ខែកក្កដា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ទីក្រុង​មីន​ស្ក៍ ត្រូវបាន​កងទ័ព​សូ​វៀត ដណ្តើម​កាន់កាប់​បាន​ពី ណា​ស៊ី អាល្លឺម៉ង់ មកវិញ កាលពី​ឆ្នាំ​១៩៤៤ ។ ប៉ុន្តែ​ក្រោយមក ពួកគេ​បាន​ប្រារព្ធ​ទិវា​នេះ នៅ​ថ្ងៃទី​២៧ ខែកក្កដា វិញ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ ប្រកាស​ឯករាជ្យភាពរ​បស់ បេឡា​រុស ពី​សហភាពសូវៀត កាលពី​ឆ្នាំ​១៩៩០​។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​បេឡា​រូស មាន​ផ្ទៃដី ២០៧.៦០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អឺរ៉ុប​ខាងកើត មាន​ព្រំដែន​ជាប់​ប្រទេស​រុស្ស៊ី អ៊ុយ​ក្រែ​ន ប៉ូឡូញ ឡេ​តូ​នី និង លី​ទុយ​អា​នី ។ ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ៩ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់​គ្រិស្តសាសនា រដ្ឋធានី​គឺ​ទីក្រុង​មីន​ស្ក៍ ភាសាផ្លូវការ​គឺ​ភាសា​បេឡា​រុស និង ភាសា​រុស្ស៊ី ។​

ប្រវត្តិសាស្ត្រ​
​នៅ​សតវត្សរ៍​ទី​៩ ទឹកដី​បេឡា​រុស គឺជា​ផ្នែក​មួយ​នៃ​អាណាចក្រ គៀវ រុស ដែល​បច្ចុប្បន្ន​គឺ​រុស្ស៊ី​ខ្លះ អ៊ុយ​ក្រែ​ន​ខ្លះ​។ ស្តេច​របស់ គៀវ រុស យ៉ា​រ៉ូ​ស្លា​វ បាន​ចូល​ទិវង្គត​នៅ​ថ្ងៃទី​២០ ខែ កុម្ភៈ ឆ្នាំ​១០៥៤ ធ្វើឱ្យ​អាណាចក្រ​គៀវ រុស បាន​ចុះខ្សោយ​ហើយ​រដ្ឋ​ចំណុះ​នានា បានប្រកាស​ឯករាជ្យ​រៀងៗ​ខ្លួន ជា​បន្តបន្ទាប់ ហើយក៏​ត្រូវបាន​លុកលុយ​ដោយ​ពួក​ម៉ុង​ហ្គោល ។ ចំណែក បេឡា​រុស ត្រូវ​បានដាក់ បញ្ចូល​ជា​ទឹកដី​របស់​អាណា​ក្រ ឡេ​តូ​នី នៅ​ឆ្នាំ​១២៥០ ។​

​នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​១៣៨៦ អាណាចក្រ​ឡេ​តូ​នី និង​អាណាចក្រ​ប៉ូឡូញ បាន​រួបរួម​បញ្ចូល​គ្នា ប៉ុន្តែ​ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ​១៧៩៥ ហើយ​ទឹកដី​បេឡា​រុស ត្រូវបាន​រុស្ស៊ី ទិញយក​ទៅកាន់​កាប់ ដែល​ពេលខ្លះ​ជា​ផ្នែក នៃ​សហភាពសូវៀត ។​

​សង្គ្រាមលោកលើកទី​១ បាន​ផ្ទុះឡើង​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​១៩១៤ (​ដល់ ១១ វិច្ឆិកា ១៩១៨)​។ បដិវត្តន៍​រុស្ស៊ី​(១៩១៧) បាន​ផ្តួលរំលំ​រដ្ឋាភិបាល​រុស្ស៊ី ជំនួស​ដោយ​សហភាពសូវៀត របស់​បក្ស បុល​សេ​វិក​។ រដ្ឋាភិបាល​សូ​វៀត ត្រូវបាន​អាល្លឺម៉ង់ និង អូទ្រីស បង្ខំ​ឱ្យ​ចុះហត្ថលេខា ជាមួយ​បណ្តា ប្រទេស​អំណាចកណ្តាល (​អាល្លឺម៉ង់ អូទ្រីស ហុង​គ្រី ប៊ុលហ្គារី និង អូ​តូ​ម៉​ង់​) នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​១៩១៨ ។ តាមរយៈ​សន្ធិសញ្ញា​នេះ កងទ័ព​អាល្លឺម៉ង់ បាន​ចូល​កាន់កាប់​ទឹកដី​បេឡា​រុស នៅ​ឆ្នាំ​១៩១៨ នោះឯង ។

​បេឡា​រុស បានប្រកាស​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ ដែលមាន​ឈ្មោះថា សាធារណរដ្ឋ​ប្រជាមានិត​បេឡា​រុស​។ ប៉ុន្តែ​នៅ​ខែធ្នូ ឆ្នាំ​១៩១៨ បេឡា​រុស ត្រូវបាន​ដណ្តើមយក​វិញ ដោយ​ទាហាន ក្រហម (​សូ​វៀត​) ។​ ​សង្គ្រាម​រវាង​ប៉ូឡូញ និង​បុល​សេ​វិក​(​សូ​វៀត​) បាន​ផ្ទុះឡើង​ពីថ្ងៃ​ទី​៨​ខែសីហា​ឆ្នាំ​១៩១៩ – ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​១៩២១ បេឡា​រុស បាន​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ប៉ូឡូញ​។ សន្ធិសញ្ញា​ទីក្រុង​រី​ហ្កា (​នៃ​ប្រទេស​លី​ទុយ​អា​នី​) នៅ​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​១៩២១ រវាង​ប៉ូឡូញ និង សាធារណរដ្ឋ សង្គមនិយម​សហព័ន្ធ​សូ​វៀត រុស្ស៊ី (​សូ​វៀត​-​រុស្ស៊ី ដែល​ក្នុងនាម​ជា បេឡា​រុស​ផង និង​សូ​វៀត​-​អ៊ុយ​ក្រែ​ន​) បេឡា​រុស ត្រូវបាន​ប្រគល់​ទៅឱ្យ សាធារណរដ្ឋ​សង្គមនិយម​សហព័ន្ធ សូ​វៀត រុស្ស៊ី វិញ ។​

​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​១៩៤១ ណា​ស៊ី អាល្លឺម៉ង់ របស់​អា​ដុល​ហ្វ៍ ហ៊ី​ត្លែរ បាន​ឈ្លានពាន សហភាពសូវៀត​របស់ ចូ​សេ​ហ្វ ស្តា​លីន ហើយ ៤ ថ្ងៃ​ក្រោយមក បេឡា​រុស បាន​ធ្លាក់​ក្រោម ការត្រួតត្រា​របស់​ពួក​ណា​ស៊ី អាល្លឺម៉ង់ ទាំងស្រុង ធ្វើឱ្យ​អ្នក​ជាតិនិយម ខកចិត្ត​យ៉ាងខ្លាំង ។
​អ្នកស្រុក​មួយចំនួន ដែល​ប្រឆាំងនឹង​សូ​វៀត ដោយ​រំពឹង​ចង់បាន​ឯករាជ្យភាព​របស់ បេឡា​រុស បាន​គាំទ្រ​ការចូល​លុកលុយ​របស់​ណា​ស៊ី អាល្លឺម៉ង់​។ ប៉ុន្តែ​លុះដល់​ឆ្នាំ​១៩៤២ បេឡា​រុស បានក្លាយ​ជាទី​ចាត់ការ​ដ៏​សំខាន់ នៃ​ពួក​ចលនា​តស៊ូ​សូ​វៀត ប្រឆាំងនឹង​ការឈ្លានពាន​ពី​អាល្លឺម៉ង់ ដែល​ត្រូវបាន​គេ​ស្គាល់​ថា សង្គ្រាម​អាល្លឺម៉ង់​-​សូ​វៀត (២២ មិថុនា ១៩៤១ – ៩ ឧសភា ១៩៤៥ ) ។​
​ដោយ​ចលនា​ដូចដែល​បានលើកឡើង​ខាងលើនេះ នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​១៩៤៤ ទីក្រុង​មីន​ស្ក៍ ត្រូវបាន​កងទ័ព​សូ​វៀត ដណ្តើម​កាន់កាប់​បាន​ពី​ណា​ស៊ី អាល្លឺម៉ង់ មកវិញ ។ បន្ទាប់ពី​ចប់​សង្គ្រាម លោក​លើក​ទី​២ រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​បេឡា​រុស បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី​៣ ខែកក្កដា ដើម្បី​រំឭក ឬ​ចងចាំ​នូវ​ព្រឹត្តិការណ៍ នៃ​ការប្រយុទ្ធ ដូចដែល​បានលើកឡើង មកនេះ​ឯង​ផង ដល់​វិ​រ​ភាព និង​ពលិកម្ម​ទាំងឡាយ ដើម្បី​រំដោះ បេឡា​រុស ពី​ណា​ស៊ី អាល្លឺម៉ង់ ផង ។​

​ក្រោយ​សង្គ្រាម​
​នៅពេល​ចប់​សង្គ្រាមលោកលើកទី​២ ព្រំដែន​របស់​បេឡា​រុស ត្រូវបាន​កំណត់ឡើង​វិញ​ដោយ ចូ​សេ​ហ្វ ស្តា​លីន នៃ​សូ​វៀត ដោយ​ទឹកដី​មួយចំនួន​របស់ បេឡា​រុស ត្រូវបាន​រំលាយ ចូល​ប្រគល់​ទៅឱ្យ លី​ទុយ​អា​នី ។ នៅ​ខែមិថុនា ឆ្នាំ​១៩៨៨ អ្នក​បុរាណ​វិទូ និង​មេដឹកនាំ​បក្ស អភិរក្សនិយម របស់​បេឡា​រុស បាន​រកឃើញ​រណ្ដៅ​កប់​សាកសព​ជាច្រើន ដែលជា​ជនជាតិ បេឡា​រុស ត្រូវគេ​ប្រហារជីវិត​ពី​ចន្លោះ​ឆ្នាំ ១៩៣៧ – ១៩៤១ នៅឯ​តំបន់ គូ​រ៉ា​ប៉ា​ទី (Kurapaty) ជិត​ទីក្រុង​មីន​ស្ក៍​។​

​ពួក​អ្នក​ជាតិនិយម​មួយចំនួន យល់ថា របកគំហើញ​នេះ គឺជា​តឹកតាង​ដ៏​ជាក់ស្តែង​មួយ​ដែលថា រដ្ឋាភិបាល​សហភាពសូវៀត​បាននិងកំពុង​ព្យាយាម​លប់បំបាត់​ពូជសាសន៍​បេឡា​រុស ចេញពី តំបន់​នោះ​។ ប្រការនេះ ធ្វើឱ្យ​ពួក​អ្នក​ជាតិនិយម បេឡា​រុស កាន់​តែមាន​សន្ទុះ និង​ប្តេជ្ញា​ខ្លាំង ក្លា​ជាង​មុន ក្នុងការ​ស្វះ​ស្វែងរក​ឯករាជ្យភាព​របស់ បេឡា​រុស ពី​សហភាពសូវៀត ។

បេឡា​រុស​ឯករាជ្យ​
​នៅក្នុង​ខែមីនា ឆ្នាំ​១៩៩០ មានការ​បោះឆ្នោត​ជាច្រើន ត្រូវបាន​ធ្វើឡើង សម្រាប់​អាសនៈ​សភា ជាន់ខ្ពស់ នៃ​សូ​វៀត ហើយ​គណបក្ស​គាំទ្រ បេឡា​រុស​ឯករាជ្យ ទទួលបាន​សំឡេងឆ្នោត​តែ ១០ ភាគរយ​ប៉ុណ្ណោះ ។ ដោយមាន​កំណែទម្រង់​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​១៩៩០ នោះ សហភាពសូវៀត ត្រូវបាន​ផ្លាស់ប្តូរ​បង្កើតជា សាធារណរដ្ឋ​សង្គមនិយម​សហព័ន្ធ សូ​វៀត រុស្ស៊ី ហើយ​ក្រោយមក បាន​ប្តូរ​ជា​សហព័ន្ធរុស្ស៊ី ដែល​បានសេចក្តីថា សហភាពសូវៀត បាន​ចុះខ្សោយ ជិត​ចូល​ដល់ទី​អវសាន​ហើយ ។

​ឆ្លៀតឱកាស​នោះ បេឡា​រុស បានប្រកាស​ខ្លួនឯង​ថា ជា​រដ្ឋ​ឯករាជ្យ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​១៩៩០ តាមរយៈ​សេចក្តីប្រកាស​មួយ ដែលមាន​ឈ្មោះថា “ សេចក្តីប្រកាស​ជា​រដ្ឋ​ឯករាជ្យ របស់ សាធារណរដ្ឋ សង្គមនិយម​សូ​វៀត បេឡា​រុស “ ។ ដោយមាន ការជួយជ្រោមជ្រែង​ពី​បក្ស កុម្មុយនីស្ត​ផង​នោះ ឈ្មោះ​របស់​ប្រទេស​បេឡា​រុស ត្រូវបាន​ប្តូរ​ទៅជា សាធារណរដ្ឋ​បេឡា​រុស នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​១៩៩១ ។​

​ចាប់ពីពេលនោះ​មក រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​បេឡា​រុស បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ ពួកគេ នៅ​ថ្ងៃទី​២៧ ខែកក្កដា វិញ​ម្តង ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ពួកគេ​ប្រកាស​ជា​រដ្ឋ​ឯ​រាជ្យ ពី​សហភាពសូវៀត នា​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​១៩៩០ នោះឯង ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

ទីក្រុង មីន​ស្ក៍ នៃ សាធារណរដ្ឋ បេឡា​រូស (​បេឡា​រូស ២)
ក្បួនព្យុហយាត្រា​កងទ័ព បេឡា​រូស នៅ​ថ្ងៃ ឯករាជ្យ​ជាតិ (​បេឡា​រូស ១)

ទីតាំងផ្សាយពាណិជ្ជកម្ម