ប្រែសម្រួល៖បំណង(ស្ត្រេតថែមស៍)៖ រថយន្តក្រុងមួយដែលធ្វើដំណើរកាត់រដ្ឋអ័រហាកា(Oaxaca)របស់ម៉ិកស៊ិចកាលពីថ្ងៃពុធបានធ្លាក់ចូលជ្រោះមួយ ដោយសម្លាប់មនុស្ស២៧នាក់។គ្រោះថ្នាក់នេះបណ្តាលអោយបុរស១៣នាក់ ស្ត្រី១៣នាក់និងទារកម្នាក់ស្លាប់ នេះបើតាមអាជ្ញាធរ។
មនុស្ស២១នាក់ទៀតរងរបួស ដោយ១២នាក់របួសធ្ងន់។
រដ្ឋមន្ត្រីមហាផ្ទៃប្រចាំរដ្ឋលោក ជេស៊ូស រ៉ូមេរ៉ូ(Jesus Romero)បាននិយាថា រថយន្តក្រុងបានធ្វើដំណើរពីទីក្រុងម៉ិកស៊ីកូស៊ីធី ទៅកាន់ក្រុងយ៉ូសុនឌូអា(Yosondua)នៅក្នុងរដ្ឋអ័រហាកាភាគខាងលិចម៉ិកស៊ិចនិងបានជួបគ្រោះថ្នាក់នៅក្នុងទីប្រជុំជនមួយនៅម៉ោងប្រមាណ៦កន្លះព្រឹក។
គ្រោះថ្នាក់កាលពីថ្ងៃពុធបានកើតឡើងក្រោយឧបទ្ទវហេតុសម្លាប់មនុស្សដទៃទៀតនៅលើដងផ្លូវចោតៗនិងមានខ្យល់ខ្លាំងនៅម៉ិកស៊ិច។
កាលពីខែមេសា មនុស្ស១៨នាក់បានស្លាប់និងរាប់សិបនាក់ទៀតរងរបួសនៅពេលរថយន្តក្រុងមួយធ្លាក់ចុះពីផ្លូវច្រាំងថ្មចោតមួយនៅម៉ិកស៊ិចខាងលិច៕
អ្នកជួយសង្គ្រោះនៅកន្លែងកើតហេតុ កន្លែងដែលរថយន្តធ្លាក់ចូលជ្រោះនៅក្នុងរដ្ឋអ័រហាកា