ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុន Meta បានបង្ហាញកម្មវិធីមួយដើម្បីប្រជែងនឹង Twitter កាលពីថ្ងៃពុធ ដោយទំនងដាក់គោលដៅលើអ្នកប្រើប្រាស់ដែលកំពុងស្វែងរកជម្រើសផ្សេងសម្រាប់វេទិកាបណ្តាញសង្គម ដែលត្រូវបានកាន់កាប់និងផ្លាស់ប្តូរជាញឹកញាប់ដោយលោកអេឡុន ម៉ាស។
ហៅថា Threads កម្មវិធីថ្មីនេះត្រូវបានចាត់ទុកជាកំណែផ្អែកលើសំណេរនៃកម្មវិធីចែករំលែករូបថតរបស់ Meta គឺ Instagram ដែលក្រុមហ៊ុននិយាយថាផ្តល់នូវ “កន្លែងថ្មីដាច់ដោយឡែកសម្រាប់ការធ្វើបច្ចុប្បន្នភាពតាមពេលវេលាជាក់ស្តែងនិងការសន្ទនាជាសាធារណៈ”។
កម្មវិធីនេះមាននៅក្នុង App Store របស់ Apple និង Google Android នៅក្នុងប្រទេសជាង ១០០ រួមទាំងសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស អូស្ត្រាលី កាណាដា និង ជប៉ុន។
អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍ Microblogging ដូច Twitter នេះផ្អែកតាមរូបថតពីអេក្រង់ដែលផ្តល់ទៅប្រព័ន្ធផ្សព្វផ្សាយ ដែលបង្ហាញថា ក្រុមហ៊ុន Meta Platforms បានត្រៀមលក្ខណៈរួចហើយដើម្បីប្រកួតប្រជែងដោយផ្ទាល់ជាមួយវេទិកាមួយនេះ បន្ទាប់ពីការកាន់កាប់ដ៏ច្របូកច្របល់របស់លោកម៉ាសបានបណ្តាលឱ្យមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលបានបិទខ្ទប់អ្នកប្រើប្រាស់និងអ្នកផ្សាយពាណិជ្ជកម្មជាច្រើន។
វានឹងមានប៊ូតុងដើម្បីចុច ចូលចិត្ត បង្ហោះឡើងវិញ ឆ្លើយតប ឬ ដកស្រង់សម្តី របស់ “Threads” និងបញ្ជរជាច្រើនបង្ហាញចំនួននៃការចូលចិត្ត និងការឆ្លើយតប ដែលសារបង្ហោះនោះបានទទួល។
ក្រុមហ៊ុនបាននិយាយថា “ចក្ខុវិស័យរបស់យើងគឺថា Threads នឹងក្លាយជាកម្មវិធីថ្មីមួយដែលផ្តោតលើសំណេរនិងការសន្ទនា ដោយយកគំរូតាមអ្វីដែល Instagram បានធ្វើសម្រាប់រូបថតនិងវីដេអូ”។
សារបង្ហោះ (Post) ត្រូវបានកំណត់ត្រឹម ៥០០ តួអក្សរ ដែលលើសពីកម្រិត ២៨០ តួអក្សររបស់ Twitter ហើយអាចរួមបញ្ចូលលីង រូបថត និង វីដេអូរហូតដល់ប្រាំនាទី។
អ្នកប្រើប្រាស់ Instagram នឹងអាចចុចចូលដោយប្រើឈ្មោះអ្នកប្រើប្រាស់ដែលមានស្រាប់របស់ពួកគេ ហើយធ្វើតាមគណនីដូចគ្នានៅលើកម្មវិធីថ្មីនេះ។ អ្នកប្រើប្រាស់ថ្មីនឹងត្រូវបង្កើតគណនី Instagram មួយសិន។
Meta បានសង្កត់ធ្ងន់លើវិធានការនានាដើម្បីរក្សាសុវត្ថិភាពអ្នកប្រើប្រាស់ រួមទាំងការពង្រឹងគោលការណ៍ណែនាំសហគមន៍របស់ Instagram និងការផ្តល់ឧបករណ៍ដើម្បីគ្រប់គ្រងនរណាដែលអាចនិយាយឬឆ្លើយតបទៅកាន់អ្នកប្រើប្រាស់ផ្សេងទៀត។
ទោះជាយ៉ាងណាក៏ដោយ កម្មវិធីថ្មីរបស់ Meta បានបង្កើនការព្រួយបារម្ភអំពីឯកជនភាពទិន្នន័យ។
Threads អាចប្រមូលព័ត៌មានផ្ទាល់ខ្លួនយ៉ាងទូលំទូលាយ រួមទាំងសុខភាព ហិរញ្ញវត្ថុ ទំនាក់ទំនង ប្រវត្តិរុករកលើអនឡាញ ទិន្នន័យទីតាំង ការជាវផ្សេងៗ និង “ព័ត៌មានរសើប” នេះបើយោងតាមការបង្ហាញឯកជនភាពទិន្នន័យរបស់វានៅលើ App Store៕
Threads ចាប់ផ្តើមប្រជែងជាមួយ Twitter