ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: លោក ប៉ែន ចាន់ដារិទ្ធ អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះមូលដ្ឋានឃុំសែប ស្រុកកំពង់ត្រឡាច រួមនឹងក្រុមការងារ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ នៅក្នុងសង្គមកម្ពុជា ។
លោក ប៉ែន ចាន់ដារិទ្ធ បានអំពាវនាវបែបនេះ នៅថ្ងៃទី៦ កក្កដា ២០២៣ ក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី ២៣ កក្កដា ២០២៣ នៅក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយក្រុមការងារ ក៏បានបង្រៀន សមាជិក សមាជិកាទាំងអស់ ពីរបៀបលើសន្លឹកឆ្នោត ដែលមានរូបទេវតាបាចផ្កា និងមានលេខរៀងទី១៨ ។
នៅក្នុងឱកាសផ្សព្វផ្សាយ អំពីរការគូសសន្លឹកឆ្នោត បានបង្ហាញអំពីទស្សនៈផ្ទាល់ខ្លួន របស់ពួកគាត់ ឱ្យនាំបងប្អូនកូនចៅ ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាន នូវសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍ រួមទាំងទទួលបាននូវ សមិទ្ធផលថ្មីៗ បន្ថែមទៀត។
លោកស្រី នួន ចាន់នី មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ឆ្នាំង បានឱ្យដឹង ថាៈ នៅក្នុងខេត្តកំពង់ឆ្នាំង មានតំណាងគណបក្សនយោបាយ ចូលរួមការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ អាណត្តិទី៧ នេះ មានចំនួន ១៤ ក្នុងនោះ មានការិយាល័យបោះឆ្នោត ចំនួន ៨១៨ ការិយាល័យ និងមានប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោត ៣៥៩.៦៩៣ នាក់ និងមានកម្លាំងនគបាលប្រចាំការពារ រក្សាសន្តិសុខ សុវត្ថិភាព តាមបណ្ដា ការិយាល័យបោះឆ្នោត ចំនួន ៧៧៧ នាក់ រួមនឹងប្រជាការពារ ៨៥២ នាក់ ៕ V / N