ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកទឹកឈូ និងក្រុងបូកគោ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍប្រទេសឱ្យរីកចម្រើនកាន់តែខ្លាំងឡើងបន្ថែមទៀតក្រោមដំបូលនៃសន្តិភាព ។ សន្តិភាពរយៈពេលជាង ២៤ ឆ្នាំមកនេះ បានផ្តល់ឱកាសដល់កម្ពុជា ក្នុងការកសាង ប្រទេសឡើងវិញ ឱ្យមានការរីកចម្រើនខ្លាំង ជាមួយកំណើនសេដ្ឋកិច្ចដ៏ខ្ពស់កសាងខឿន សេដ្ឋកិច្ចរឹងមាំ ខឿនការពារជាតិ ខឿនសុខុមាលភាព និងផ្តល់កិច្ចគាំពារសង្គម ព្រមទាំងកសាងនូវកេរ្តិ៍ឈ្មោះ និងកិត្យានុភាព ជាតិខ្មែរឡើងវិញនៅលើឆាកអន្តរជាតិ។
ការអំពាវនាវនេះ បានធ្វើឡើង នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ អំឡុងពេលលោក នេត្រ ភក្ត្រា បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន និងមន្ត្រីគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ស្រុកទឹកឈូ ចុះធ្វើយុទ្ធនាការឃោសនាបោះឆ្នោត តាមខ្នងផ្ទះ របស់ប្រជាពលរដ្ឋ នៅក្នុងឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីផ្សព្វផ្សាយពីកម្មវិធី នយោបាយរបស់គណបក្ស លេខរៀងគណបក្សប្រជាជនកម្ពុជា លើសន្លឹកឆ្នោត និងការបង្រៀនពលរដ្ឋ គូសសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ ដើម្បីការផ្តល់សេចក្តីទុកចិត្ត របស់គាត់ លើគណបក្សបានការ និងមានតម្លៃ។
លោក នេត្រ ភក្ត្រា បានថ្លែងថាៈ ជម្រើសរបស់បងប្អូនប្រជាពលរដ្ឋ ដែលល្អបំផុតគឺ គណបក្សប្រជាជនកម្ពុជា ហើយការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ជាការបោះឆ្នោត ឱ្យខ្លួនឯង និងដើម្បីការពារសន្តិភាព និងការអភិវឌ្ឍន៍ដែលមាន។
ក្នុងអំឡុងនៃការយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមការងារគណបក្សឃុំម៉ាកប្រាង្គ បាន បន្តចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ប្រកបដោយភាពស្វាហាប់ និងយកចិត្តទុកដាក់ខ្ពស់។ ប្រជាពលរដ្ឋ បានទទួលស្វាគមន៍ ក្រុមការងារយ៉ាងកក់ក្តៅ និងបង្ហាញនូវការគាំទ្រ គណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន បេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត ព្រមទាំងបង្ហាញ ការពេញចិត្តចំពោះកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល ដែលដាក់ចុះដោយគណបក្ស ប្រជាជនកម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៨ ដែលបានតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។
លោក នេត្រ ភក្ត្រា បានថ្លែងអំណរបងប្អូនប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា គ្រប់ៗអាណត្តិ ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបាន ជ័យជម្នះភ្លូកទឹកភ្លូកដី និងមានលទ្ធភាពពេញលេញដឹកនាំប្រទេស ឱ្យរីកចម្រើនលើ គ្រប់វិស័យ។
ជាមួយគ្នានេះ លោកអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូ និងក្រុងបូកគោ បានលើកឡើងថាៈ ការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋ គឺដើម្បីបំពេញភារកិច្ច ជាពលរដ្ឋល្អ និងសូមគូសសញ្ញាគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ លើសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីឱ្យសន្លឹកឆ្នោតរបស់យើង បានការ និងមានតម្លៃ ដែលជាសំឡេងគាំទ្រ គណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង ដោយសារតែកត្តា ៣ សំខាន់គឺ១) គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលមានភាពចាស់ទុំ ផ្នែកនយោបាយ, ទី២) ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាគណបក្ស ពោរពេញដោយ សមត្ថភាព និងទេពកោសល្យដឹកនាំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្ស ដែលជាអគ្គមគ្គុទ្ទេសក៏ដ៏សំខាន់ ក្នុងការដឹកនាំប្រទេស ឱ្យមានការរីកចម្រើន រុងរឿង កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិឱ្យល្បីរន្ទឺឡើងវិញ និង ទី៣) គោលនយោបាយគណបក្សប្រជាជនកម្ពុជា បានតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជន ជាធំ, ជានយោបាយជាក់ស្តែងនិយម និងឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ ៕ V / N