ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​និង​របួស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ការវាយប្រហារ​ដ៏​ធំ​បំផុត​លើ​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិ​ល​ក្នុង​ទីក្រុង​ល្វីវ​(Lviv)​ចាប់តាំងពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែន​កាលពី​ឆ្នាំមុន ដោយ​បំផ្លាញ​ប្លុក​អាគារ​មនុស្ស​រស់​នៅ​មួយ​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ អ៊ី​ហ័រ គ្លី​មេន​កូ​(Ihor Klymenko)​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មនុស្ស​បួន​នាក់​ត្រូវបាន​សម្លាប់​និង​ប្រាំបួន​នាក់​ទៀត​រងរបួស​នៅ​ពេល​បុគ្គលិក​ក្រុម​ជួយសង្គ្រោះ​កំពុង​ស្វែងរក​ក្រែង​មាន​មនុស្ស​ជាប់​ក្រោម​គំនរ​បាក់បែក​បន្ថែមទៀត​។​

​ចំណែក​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី បាន​បង្ហោះ​សារ​តាមតេ​ឡេ​ក្រាម ដោយ​លោក​និយាយថា​« ជា​អកុសល មាន​មនុស្ស​ស្លាប់​និង​រងរ​បួ​ស​។​សូម​ផ្ញើ​ការចូលរួម​រំលែក​ទុក្ខ​ដល់​សាច់ញាតិ​! ពិតជា​នឹង​មាន​ការឆ្លើយតប​ជាក់ស្តែង​ចំពោះ​សត្រូវ​»​។​

​លោក​ហ្សេ​ឡេន​ស្គី ក៏​បាន​បង្ហោះ​រូបថត​ពី​ដ្រូ​ន​ដោយ​បង្ហាញ​អាគារ​បាក់បែក ដោយ​ជាន់​ទី​បី​និង​ទី​បួន​ត្រូវ​បំផ្លាញ​ខ្ទេចដោយ​កាំជ្រួច​រុស្ស៊ី​។​

​កងទ័ពអាកាស​អ៊ុយ​ក្រែនបា​រាយការណ៍​ថា ខ្លួន​បាន​ស្ទាក់​កំទេច​កាំជ្រួច​ចំនួន​ប្រាំពីរ​ដើម​ក្នុងចំណោម​កាំជ្រួច​ធុន​Kalibr​ចំនួន​ដប់​ដើម​ដែល​រុស្ស៊ី​បាញ់​ចេញពី​សមុទ្រ​ខ្មៅ​ឆ្ពោះ​មក​កាន់​តំបន់​ទីក្រុង​ល្វីវ​នៅ​ម៉ោង​ប្រមាណ​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍​។​

​ក្នុងពេល​ជាមួយគ្នា អភិបាល​ក្រុង​លោក អង់ឌ្រីយ សាដូវ​យី​(Andriy Sadovyi) បាន​និយាយថា អាគារ​ផ្ទះល្វែង​ប្រមាណ​៦០​និង​រថយន្ត​៥០​គ្រឿង​នៅ​ក្នុង​តំ​បន់រ​ង​ការវាយប្រហារ​បាន​ខូចខាត​។​

បុគ្គលិក​សេវា​គ្រាអាសន្ន​នៅក្រៅ​អាគារ​ដែល​ខូចខាត​ដោយ​ការវាយប្រហារ​របស់​រុស្ស៊ីដើម្បី​ស្វែងរក​ជនរងគ្រោះ​កាលពី​ថ្ងៃ​៦​កក្កដា

​លោក អង់ឌ្រីយ សាដូវ​យី បាន​និយាយថា​វា​ជា​ការវាយប្រហារ​ធំ​បំផុត​លើ​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិ​ល​ក្នុងក្រុង​ល្វីវ ចាប់តាំងពី​រុស្ស៊ី​បញ្ជូន​កងកម្លាំង​ចូល​អ៊ុ​យក្រែន​កាលពី​ដើម​ឆ្នាំ​មុន​៕