ដោយៈសុផល/ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំ កម្ពុជា នៅថ្ងៃទី៦ខែកក្កដា បានឱ្យដឹងថា៖កាលពីថ្ងៃទី ៤ ខែកក្កដា លោក រ៉ាហ្វាអែល ម៉ារៀលណូ ក្រូស៊ីអគ្គនាយកទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិបានដាក់ “របាយការណ៍គ្រប់ជ្រុងជ្រោយរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)” ទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនគីស៊ីដាស្តីពីការត្រួតពិនិត្យ សុវត្ថិភាព នៃសំណល់ទឹកដែលត្រូវបានបន្សុទ្ធដោយប្រព័ន្ធប្រព្រឹត្តិកម្មសារធាតុរាវកម្រិតខ្ពស់(ALPS) ដែលយកចេញពីរោងចក្រអគ្គិសនីថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដៃអ៊ិឈិ។

របាយការណ៍នេះត្រូវបានបោះពុម្ពផ្សាយនៅលើគេហទំព័ររបស់IAEAនៅថ្ងៃដដែល(https://www.iaea.org/sites/default/files/iaea_comprehensive_alps_report.pdf )។

សេចក្តីប្រកាសពត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឱ្យដឹងទៀតថា៖នៅក្នុងរបាយការណ៍នេះ IAEA បានធ្វើការសន្និដ្ឋានថា វិធីសាស្រ្ត ក្នុង ការបង្ហូរសំណល់ទឹក ដែលត្រូវបានបន្សុទ្ធដោយប្រព័ន្ធALPS ចូលទៅក្នុង សមុទ្រ ព្រមទាំងសកម្មភាពដែលពាក់ព័ន្ធដោយក្រុមហ៊ុនថាមពល អគ្គិសនីតូក្យូ(TEPCO)គណៈកម្មាធិការ បទប្បញ្ញត្តិនុយក្លេអ៊ែរ(NRA) និងរដ្ឋាភិបាលជប៉ុន គឺស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិដែលពាក់ព័ន្ធ។ IAEA ក៏បានសន្និដ្ឋានថាផ្អែកលើការវាយតម្លៃដ៏គ្រប់ជ្រុង ជ្រោយរបស់ខ្លួន ការបង្ហូរចេញសំណល់ទឹកដែលបានបន្សុទ្ធដោយប្រព័ន្ធ ALPSដែលគ្រោង ធ្វើដោយ TEPCOនឹងមានតែផលប៉ះពាល់វិទ្យុសកម្មយ៉ាងតិចតួចបំផុត ដល់មនុស្ស និងបរិស្ថានដែលអាចមើលរំលងបាន។

របាយការណ៍នេះគឺជាការវាយតម្លៃយោងទៅលើភស្តុតាងវិទ្យាសាស្ត្ររបស់ IAEA ដែលជាភាគីទីបីដែលឯករាជ្យ ហើយវាត្រូវបានអនុម័តនៅ ក្រោម លក្ខន្តិកៈរបស់ IAEA ដើម្បីបង្កើត និងអនុវត្តស្តង់ដារសុវត្ថិភាពអន្តរជាតិ ក្នុងវិស័យនុយក្លេអ៊ែរ។ លើសពីនេះ ក្រុមការងារ IAEA ដែលត្រូវបានបង្កើត ឡើងដើម្បីធ្វើរបាយការណ៍វាយតម្លៃរបស់ IAEA ប្រកបដោយតម្លាភាព និងបរិយាប័ន្ននេះ រួមមានអ្នកជំនាញការអន្តរជាតិមកពីប្រទេសជិតខាង រួមមានប្រទេសចិននិងកូរ៉េខាងត្បូងជាដើម។សម្រាប់ការត្រួតពិនិត្យ វិញ ក៏មានការចូលរួមពីមន្ទីរពិសោធន៍ប្រទេសទីបី ដែលរួមមានប្រទេសជិត ខាងទាំងនោះផងដែរ។

រដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់ព័ត៌មានចាំបាច់ដល់សហគមន៍អន្តរជាតិក្នុងលក្ខណៈតម្លាភាពដោយផ្អែកលើរបាយការណ៍នេះ៕srn / N