ដោយៈ គង់ហេង/កំពង់ចាម៖ ផ្លូវបេតុង និងផ្លូវកៅស៊ូឆ្លងកាត់ឃុំចំនួនបី របស់ស្រុកកងមាសដែលមានប្រវែងសរុបជិត ៣០ គីឡូម៉ែត្រជាថវិកាឥណទានធនាគារពិភពលោក រួមជាមួយថវិកាបដិភាគរាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ នឹងស្ថាបនាហើយរួចរាល់នៅចុងឆ្នាំ២០២៣នេះ ប៉ុន្តែលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមបានស្នើឱ្យក្រុមហ៊ុនដែលទទួលការស្ថាបនាផ្លូវមួយខ្សែនេះ ក៏ដូចជាផ្លូវច្រើនខ្សែផ្សេងទៀត និងសំណង់នានា ក្នុងទឹកដីខេត្តកំពង់ចាមឱ្យមានគុណភាពខ្ពស់ ស្របតាមបទដ្ឋានបច្ចេកទេស និងប្រើប្រាស់បានយូរអង្វែង។


ដំណឹងស្តីពីលទ្ធផលផ្លូវខាងលើ និងជាការពោលជាសំណើរបស់អភិបាលខេត្តកំពង់ចាម ធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំសហការី និងមន្រ្តី នៃមន្ទីរជំនាញចុះពិនិត្យវឌ្ឍនភាព ការដ្ឋានសាងសង់ផ្លូវ ស្ពាន និងលូ នៅក្នុងភូមិសាស្រ្តស្រុកកងមាស នៅថ្ងៃទី ៦ ខែកក្កដានេះ។
ប្រភពព័ត៌មានពីមន្រ្តីរដ្ឋបាលខេត្តកំពង់ចាម ដែលបានអមដំណើរលោក អ៊ុន ចានដា បានឱ្យដឹងថា ៖ផ្លូវប្រវែង ២៧ គីឡូម៉ែត្រទៀត ស្ថាបនាចាប់ពីឃុំរាយប៉ាយ ដល់ ឃុំព្រែកកុយ និងឃុំស្ដៅ ក្នុងស្រុកកងមាស ដោយផ្លូវនេះស្ថាបនាជាផ្លូវបេតុងអាមេប្រវែងជិត ប្រាំបួនគីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូជាង ១៨ គីឡូម៉ែត្រ ។ បច្ចុប្បន្នផ្លូវមួយខ្សែនេះស្ថាបនាសម្រេចបានជាង ៦០ ភាគរយ គឺ អាចនឹងហើយរួចរាល់ នៅក្នុងរង្វង់ចុងឆ្នាំ ២០២៣ ខាងមុខនេះ៕ P / N