ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ លោក ងួន រតនៈ ប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ធំ ក្រុមការងារចុះជួយឃុំ និងសមាជិក សមាជិកា បានចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សមូលដា្ឋន និងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំប្រឡាយ ស្ថិតនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក ជា ចាន់តូ បានឱ្យដឹងថាៈ ក្រុមការងារ រួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ត្រូវត្រួតពិនិត្យសមាជិកគណបក្ស ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ដើម្បីបំពេញឯកសារជំនួសឱ្យអត្តសញ្ញាណប័ណ្ណ (ឯ.អ) ធានាឱ្យសមាជិកគណបក្ស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ផងដែរថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារស្នាក់ការគណបក្សប្រជាជន កម្ពុជា ឃុំប្រឡាយ មួយខ្នង ជាអំណោយរបស់លោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា កសាងនៅឆ្នាំ២០២២ ដាក់ឱ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ៕/V/R