ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កងទ័ពអាកាស​អាម៉េរិក​បាន​និយាយថា យន្តហោះ​ចម្បាំង​រុស្ស៊ី​បាន​ហោះ​ទៅជិ​តដ្រូន​ជាច្រើន​របស់​អាម៉េរិក​នៅ​លើ​ទឹកដី​ស៊ី​រី​ម្តងទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ព្រួស​ផ្កាភ្លើង​និង​បង្ខំ​ឱ្យ​ដ្រូ​ន MQ-9 Reaper កាច់ចង្កូត​ប្តូរ​ទិស​ដើម្បី​ជម្លៀស​ខ្លួន​។​

​វា​ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​២៤​ម៉ោង​ដែល​រុស្ស៊ី​បាន​យាយី​ដ្រូ​ន​របស់​អាម៉េរិក​នៅ​ទីនោះ​។​

​ឧត្តមសេនីយ៍ឯក អា​ឡិច ហ្គ្រី​ន​កេ​វិច (Alex Grynkewich) ប្រមុខ​បញ្ជាការ​កណ្តាល​កងទ័ព​អាកាស​អាម៉េរិក បាន​និយាយថា “​យើង​ជំរុញ​ឱ្យ​កងកម្លាំង​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ី​រី​បញ្ឈប់​អាកប្បកិរិយា​មិន​ប្រុងប្រយ័ត្ន​នេះហើយ​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដារ​នៃ​អាកប្បកិរិយា​ដែល​រំពឹង​ទុក​របស់​កងកម្លាំង​អាកាសដែល​មានជំនាញ​វិជ្ជាជីវៈ ដូច្នេះ​យើង​អាច​បន្ត​ការផ្តោត​សំខាន់​របស់​យើង​ជា​យូរ​លើ​ការបំបាក់​ពួក ISIS”​។​

​លោក​វរសេនីយ៍ឯក មី​សែ​ល អេន​ឌ្រូ (Michael Andrews)​អ្នកនាំពាក្យ​បញ្ជាការ​កណ្តាល​កងទ័ព​អាកាស បាន​និយាយថា “​ការយាយី​របស់​រុស្ស៊ី រួម​ទាំង​ការហោះហើរ​ជិតៗ ដោយ​យន្តហោះ SU-34 មួយគ្រឿង និង SU-35 មួយគ្រឿង និង​ការ​ព្រួស​ផ្កាភ្លើង​ដោយផ្ទាល់​ដាក់ដ្រូន MQ-9 មាន​រយៈពេល​ជិត​មួយ​ម៉ោង​។ ដូច្នេះ​វា​មិនមែន​ជា​ការហោះ​កាត់​លឿនៗ​នោះទេ ប៉ុន្តែ​ជា​អន្តរ​កម្ម​ដែល​មាន​លក្ខណៈ​ច្រំ​ដែល​យូរ​និង​គ្មាន​វិជ្ជាជីវៈ​”​។​

​បញ្ជាការ​កណ្តាល​កងទ័ព​អាកាស​អាម៉េរិក​បាន​បញ្ចេញ​វីដេអូ​នៃ​ឧបទ្ទវហេតុ​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​នេះ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​។ នៅក្នុង​ឧបទ្ទវហេតុ​ដំបូង​ដែល​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល ១០៖៤០ នាទី​ព្រឹក ម៉ោង​ក្នុងស្រុក​កាលពី​ថ្ងៃ​ពុធ​នៅ​ប្រទេស​ស៊ី​រី​ភាគ​ពាយព្យ យន្តហោះ​ចម្បាំង SU-35 របស់​រុស្ស៊ី​បាន​ហោះ​កៀក​ដ្រូ​ន Reaper ហើយ​អ្នក​បើក​យន្តហោះ​រុស្ស៊ី​ម្នាក់​បាន​បញ្ជា​យន្តហោះ​របស់​ពួកគេ​ហោះ​ពីមុខ​ដ្រូ​ន ហើយ​បញ្ចេញ​ផ្កាភ្លើង​ពីក្រោយ​យន្តហោះ SU- 35 ដែល​បង្កើនល្បឿន​និង​សម្ពាធ​ខ្យល់​យ៉ាងខ្លាំង​។​

​ការបញ្ចេញ​ភ្លើង​បែបនេះ​អាច​បំផ្លាញ​គ្រឿង​អេឡិចត្រូនិ​ច​របស់ដ្រូន Reaper ហើយ​លោក​ហ្គ្រី​ន​កេ​វិច​បាន​និយាយថា វា​បាន​កាត់បន្ថយ​សមត្ថភាព​របស់​ប្រតិបត្តិ​ករ​របស់ដ្រូន​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ដ្រូ​ន​ដោយ​សុវត្ថិភាព​៕

​យន្តហោះ​រុស្ស៊ី​ពីរ​គ្រឿង​យាយី​ដ្រូ​ន​របស់​អាម៉េរិក​នៅលើ​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ពុធ​និង​ព្រហស្បតិ៍