ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ចំនួនមនុស្សស្លាប់ពីការធ្លាក់ភ្លៀងរដូវវស្សារយៈពេលពីរសប្តាហ៍មកនេះនៅប៉ាគីស្ថានកើនដល់យ៉ាងតិច៥៥នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ក្រោយពីមនុស្ស១២នាក់រួមមានកូនក្មេងប្រាំបីនាក់បានស្លាប់ក្នុងឧបទ្ទវហេតុទាក់ទងនឹងអាកាសធាតុនៅក្នុងប្រទេសអាស៊ីខាងត្បូងនេះ ចំពេលមានការព្រួយបារម្ភអំពីជំនន់ទឹកភ្លៀង។
ពួកមន្ត្រីបាននិយាយនៅថ្ងៃសុក្រនេះថា ទីក្រុងឡាហ័របានជួបការធ្លាក់ភ្លៀងខ្លាំងមិនដែលធ្លាប់ជួបកាលពីមួយថ្ងៃមុន ដោយបណ្តាលអោយជន់លិចវិថីជាច្រើននិងរំខានដល់ការរស់នៅរបស់ប្រជាជន។ចាប់តាំពីថ្ងៃពុធមកមនុស្ស១៩នាក់បានស្លាប់នៅក្នុងទីក្រុងនេះដោយសារការបាក់ផ្ទះសង្កត់និងឆក់ចរន្តអគ្គិសនីពាក់ព័ន្ធនឹងទឹកភ្លៀង។
ទីភ្នាក់ងារអាកាសធាតុប៉ាគីស្ថានបានព្រមានអំពីការធ្លាក់ភ្លៀងថែមទៀតនៅក្នុងទីក្រុងនេះ។
យ៉ាងហោចណាស់ក្មេងប្រាំបីនាក់បានស្លាប់ដោយការបាក់ដីសង្កត់ដ៏ធំមួយនៅស្រុកសាងក្លា(Shangla)ក្នុងខេត្តមួយជាប់ព្រំដែនអាហ្វហ្គានីស្ថាន។ពួកអ្នកជួយសង្គ្រោះបានព្យាយាមកាយគំនរភក់ដើម្បីរកក្មេងដែលកំពុងបាត់ខ្លួនជាច្រើននាក់ទៀត។
ការធ្លាក់ភ្លៀងខ្លាំងក៏បន្តវាយប្រហារប្រជាជាតិក្រីក្រនេះ ដោយធ្វើអោយទឹកនៅបណ្តាស្ទឹងទន្លេឡើងពោរពៀបច្រាំងនៅក្នុងខេត្តចំនួនបី នាំអោយទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយចេញការព្រមានអំពីជំនន់ទឹកភ្លៀង។
ការធ្លាក់ភ្លៀងខ្លាំងបាននិងកំពុងវិលមកកាន់ប៉ាគីស្ថានក្រោយការធ្លាក់ភ្លៀងខ្លាំងជំរុញដោយការប្រែប្រួលអាកាសធាតុនាំអោយទឹកទន្លេឡើងហៀរពន្លិចប៉ាគីស្ថានមួយភាគបី និងសម្លាប់មនុស្ស១.៧៣៩នាក់ ព្រមទាំងបង្កការខូចខាតសេដ្ឋកិច្ចប្រទេសអស់អស់ប្រមាណ៣០ពាន់លានដុល្លារកាលពីឆ្នាំ២០២២៕
ទិដ្ឋភាពជនលិចនៅក្រុងឡាហ័ររបស់ប៉ាគីស្ថានកាលពីថ្ងៃពុធក្រោយការធ្លាក់ភ្លៀងខ្លាំង