ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី ចាណេត យែលឡិន (Janet Yellen) បាននិយាយនៅថ្ងៃសុក្រនេះថា ការកាត់ផ្តាច់សេដ្ឋកិច្ចអាម៉េរិកនិងចិននឹង “មិនអាចទៅរួចទេ” ហើយនឹងធ្វើឱ្យទីផ្សារពិភពលោកមានអស្ថិរភាព នៅក្នុងការបញ្ចេញមតិដែលបានធ្វើឡើងនៅពេលកំពុងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដែលពោរពេញទៅដោយកិច្ចពិភាក្សានានាជាមួយមន្ត្រីនិងក្រុមធុរកិច្ច។
ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់លោកស្រីយែលឡិនគឺជាទស្សនកិច្ចលើកដំបូងរបស់លោកស្រីទៅកាន់ប្រទេសចិនក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងរតនាគារ ហើយលោកស្រីគឺជាមន្ត្រីជាន់ខ្ពស់អាម៉េរិកទីពីរដែលបានមកទស្សនកិច្ចនាពេលថ្មីៗនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអានថូនី ប្លីងកិន កាលពីខែមុន។
សហរដ្ឋអាម៉េរិកក្នុងប៉ុន្មានខែថ្មីៗនេះបាននិយាយថា ខ្លួនកំពុងព្យាយាម “បន្ថយហានិភ័យ” ពីចិនដោយរឹតត្បិតការចូលប្រើប្រាស់បច្ចេកវិជ្ជាទំនើបៗរបស់សហរដ្ឋអាម៉េរិក ដែលចាត់ទុកថាមានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
សហរដ្ឋអាម៉េរិកបានដាក់ក្នុងបញ្ជីខ្មៅនូវក្រុមហ៊ុនចិនមួយចំនួនដើម្បីរារាំងពួកគេពីការទទួលបានបន្ទះឈីបទំនើបបំផុត ខណៈជំរុញឱ្យសម្ពន្ធមិត្តធ្វើតាមខ្លួនដែរ។
នៅថ្ងៃសុក្រនេះលោកស្រីយែលឡិនបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនព្យាយាម “កាត់ផ្តាច់ទាំងស្រុងនូវសេដ្ឋកិច្ចរបស់យើងទេ”។
លោកស្រីយែលឡិនបានប្រាប់កិច្ចប្រជុំជាមួយអ្នកតំណាងធុរកិច្ចអាម៉េរិកនៅក្នុងសម័យប្រជុំដែលរៀបចំដោយសភាពាណិជ្ជកម្មអាម៉េរិកនៅទីក្រុងប៉េកាំងថា “យើងព្យាយាមធ្វើពិពិធកម្ម មិនមែនកាត់ផ្តាច់នោះទេ”។
“ហើយវាស្ទើរតែមិនអាចទៅរួចក្នុងការធ្វើដូច្នេះ”។
នៅមុនដំណើររបស់លោកស្រីយែលឡិន រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញការត្រួតពិនិត្យការនាំចេញថ្មីៗលើលោហៈធាតុសំខាន់ៗសម្រាប់ការផលិតបន្ទះឈីបដោយសម្អាងលើហេតុផលសន្តិសុខជាតិ នៅក្នុងវោហាសាស្ត្រចុងក្រោយបំផុតនៅក្នុងសង្គ្រាមបន្ទះឈីប។
រដ្ឋមន្ត្រីក្រសួងរតនាគារកាលពីថ្ងៃសុក្របានប្រាប់ពាណិជ្ជករអាម៉េរិកថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន “ព្រួយបារម្ភ” អំពីការរឹតបន្តឹងទាំងនេះ។
លោកស្រីបាននិយាយថា “យើងនៅកំពុងវាយតម្លៃផលប៉ះពាល់នៃសកម្មភាពទាំងនេះ ប៉ុន្តែរឿងទាំងនេះរំលឹកយើងអំពីសារៈសំខាន់នៃការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់និងចម្រុះ”៕
លោកស្រីយែលឡិនមកដល់ក្រុងប៉េកាំងសម្រាប់ទស្សនកិច្ចរយៈពេលបួនថ្ងៃ