រដ្ឋសភាកម្ពុជា​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំងនឹង​សភាតំណាងរាស្ត្រអាម៉េរិក ដែល​បាន​អនុ​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០១៨

1212
ចែករម្លែក
  • 95
    Shares

​ដោយ​:​ម៉េង​ឆៃ​,សុផល/​ភ្នំពេញ​: រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្តែង​នូវ​ការខកចិត្ត​យ៉ាងខ្លាំង ដែល​សភា​តំណាង​រាស្ត្រ អាម៉េរិក​បានអនុម័ត​”​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០១៨”​កាលពី​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៨​។​រដ្ឋសភា​កម្ពុជា​បាន​ហៅ​ការអនុម័ត​ច្បាប់​របស់​សភា​អាម៉េរិក​នេះ​ថាស​បញ្ជាក់​ពី​”​ទង្វើ​នៃ​ការបំពាន​”​ដោយ​ស្តង់ដា​”​អ្នកធំ​មិនចេះ​ខុស​”​ហើយ​ទង្វើ​នេះ​ស្មើនឹង​ការប្រកាស​នូវ​អរិយ​ភាព​ប្រឆាំងនឹង​រដ្ឋាភិបាល​ស្របច្បាប់​នៃ​ប្រទេស​មួយ ដែល​មិនអាច​សះជា​បាន​។​

កម្ពុជាក្នុងដំណើរការប្រជាធិបតេយ្យ។រូបនេះជាទិដ្ឋភាពថ្ងៃបិទយុទ្ធនាឃោនសនាបោះឆ្នោតព្រឹកថ្ងៃទី២៧ខែកក្កដា២០១៨(រូបផេកសម្តេចហ៊ុនសែន)

​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋសភា ចុះ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ លើកឡើងថា នយោបាយ​ការបរទេស​របស់​កម្ពុ​ជា បាន​ចាក់ឫស​យ៉ាងជ្រៅ​ទៅក្នុង​គោលការណ៍​សន្តិ​សហ​វិជ្ជមាន​ហើយ​យើង​តែងតែ​”​ស្វែងរក​មិត្ត​និង​មិន​ចង​សត្រូវ​ជាមួយ​ប្រទេស​ណាមួយ​នោះទេ​”​។​ផ្ទុយទៅវិញ​ដូច​បណ្តា​រដ្ឋ​អធិបតេយ្យ​នានា​ដែរ​រាជរដ្ឋាភិបាល​កម្ពុជា​បានបញ្ជាក់​ជំហរ​មិន​ងាករេ​ក្នុងការ​ការពារ​សន្តិភាព​អធិបតេយ្យភាព​និង​ឯករាជ្យភាព​របស់​កម្ពុ​ជា​ប្រឆាំងនឹង​ការ​បំពារបំពាន​ឬ​ការជ្រៀតជ្រែក​ពី​សំណាក់​ស្ថាប័ន​បរទេស ទោះបីជា​ក្រោមលេស​ណាមួយ ឬ​កាលៈទេសៈ​ណា​ក៏​ដោយ​។​

​សេចក្តីថ្លែងការណ៍​ដដែល​បន្តថា ច្បាប់​នេះ គឺជា​គម្រោងការ​មួយទៀត ដែល​បានរៀបចំ​ទុកជាមុន​របស់​សភា​អាម៉េរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដើម្បី​វាយប្រហារ​ជា​ប្រព័ន្ធ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កើតឡើង​ពី​ការបោះឆ្នោត​តាម គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ហើយ​ដែល​បាន​បដិសេធ​មិន​ដើរ​តាម​ភូមិសាស្ត្រ នយោ​បាយ​របស់​អាម៉េរិក​។

​រដ្ឋសភា​កម្ពុជា​បាន​បន្តថា​ការវាយប្រហារ​នេះ​មាន​គោលដៅ​ដាក់ទណ្ឌកម្ម​ចំពោះ​រដ្ឋ​ឯករាជ្យ​ដែលមាន​ឥរិយាបទ​មិន​គោរព​តាម​ការបញ្ជា​របស់​ពួកគេ​ហើយ​បំផ្លាញ​នូវ​ភាពជឿជាក់​លើ​ការបោះឆ្នោត​ជាស​កល​នៅ​កម្ពុជា​ដែល​នឹង​រៀបចំ​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ​។ ការវាយប្រហារ​បានចាប់ផ្តើម​ឡើង នៅពេលដែល​រដ្ឋាភិបាល​ស្រ​បច្បាប់​កម្ពុជា បាន​ចាត់វិធានការ ប្រឆាំងនឹង​តួអង្គ​នយោបាយ​ដែលមាន​ទំនោរ​គាំទ្រ មិន​ប្រឆាំងនឹង​ការ​ជ្រៀត​ជ្រែក និង​ស្តាប់​តាម​ការបង្គាប់បញ្ជា​រប​ស់​ពួកគេ ទោះបីជា​តួអង្គ​ទាំងនោះ​បានធ្វើ​ទង្វើ​ខុសច្បាប់ និង​មិន​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ដណ្តើម​អំណាច​យ៉ាងណាក៏ដោយ​។​

​សេចក្តីថ្លែងការណ៍​ដដែល​លើកឡើង​បន្ថែមថា​ច្បាប់​នេះ​បដិសេធ​ទាំងស្រុង​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​ប្រទេស​ទាំងពីរ ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ដៃគូ​ទ្វេភាគី ដែល​ឈរលើ​មូលដ្ឋានគ្រឹះ​នៃ​ការគោរព​គ្នា​ទៅវិញ​ទៅមក ផលប្រយោជន៍​រួម និង​ការមិន​ជ្រៀតជ្រែក​គ្នា​។​លើសពីនេះ​ទៀត​ខ្លឹមសារ​នៃ​ច្បាប់​នេះ​មាន​ច​រិ​ក​រំខាន​ថែមទៀត​នៅពេលដែល​បុគ្គល​សាធារណៈ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​បាន​ក្លាយជា​គោលដៅ​នៃ​ការដាក់​ទណ្ឌកម្ម​របស់​រដ្ឋ​មួយទៀត​ដោយ​ផ្អែកលើ​ការចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​។ នេះ​ជាការ​បំពាន​យ៉ាង​កម្រោល​លើ​គោលការណ៍​អន្តរជាតិ​ស្តីពី​អធិបតេយ្យភាព សមភាព និង​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​ដទៃ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋសភា​កម្ពុជា បន្ថែមថា ក្នុងនាម​ជា​តំណាង​របស់​ប្រជាពលរដ្ឋ តំណាងរាស្ត្រ​អាម៉េរិក​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​ខ្លួន ជាពិសេស​ក្នុងការ​ដោះស្រាយ​បញ្ហា​ចន្លោះប្រហោង​នៃ​លទ្ធិប្រជា​ធិបតេយ្យ​នៅក្នុង​ប្រទេស​របស់ខ្លួន​។ ដើម្បី​ឆ្លុះបញ្ចាំង​នូវ​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ និង​សិ​ទិ្ធ​មនុស្ស​របស់​អាម៉េរិក​នា​ពេលបច្ចុប្បន្ន “​របាយការណ៍​អំពី​ភាពក្រីក្រ​បំផុត និង​សិទ្ធិមនុស្ស​របស់​អ្នករាយការណ៍​ពិសេស​ក្នុង​បេសកកម្ម របស់លោក​ទៅកាន់​សហរដ្ឋ​អាម៉េរិក​” ដែល​ត្រូវបាន​ដាក់ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កាលពី​ខែឧសភា ឆ្នាំ​២០១៨ ដែល​សហរដ្ឋ​អាម៉េរិក​បាន​ដកខ្លួន​ពី​ក្រុមប្រឹក្សា​នេះ​ដោយ​គ្មាន​ការអៀនខ្មាស បាន​សរសេរថា​៖ មូលដ្ឋាន​ចម្បង​នៃ​សង្គម​អាម៉េរិក គឺ​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវបាន​ប​ន្ទុ​ច​បង្អាក់​បន្តិច​ម្តងៗ ដូចជា​សិទ្ធិ​របស់​បុគ្គល​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ដែល​ត្រូវបាន​ការពារ​ដោយ​មាត្រា​២៥ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។ គោលការណ៍​នៃ​ប្រជាពលរដ្ឋ​ម្នាក់ សំឡេងឆ្នោត​មួយ គឺ​មានតែ​នៅក្នុង​ទ្រឹស្តី​ទេ ហើយ​គោលការណ៍​នេះ​បាន​ឃ្លាតឆ្ងាយ​ពី​ស្ថានភាព​ពិត​នៃ​ការអនុវត្ត​ជាក់ស្តែង​។ “………​នៅ​សហរដ្ឋអាមេរិក មានការ​ដកហូត​សិទ្ធិ​បោះឆ្នោត​ជា​ចំហរ​ជាង​៦​លាន​នាក់​ដែលជា​ឧក្រិដ្ឋជន ឬ​អតីត​ឧក្រិដ្ឋជន ហើយ​ភាគច្រើន​លើសលុប​ជា​ពលរដ្ឋ​ស្បែក​ខ្មៅ ពីព្រោះ​ទង្វើ​របស់​ពួកគេ​ទាំងនោះ ជារឿយៗ​ត្រូវបាន​ក្លាយជា​កម្មវត្ថុ​នៃ​ការដាក់ទោស​…..​។ បន្ទាប់មក មានការ​ដកហូត​សិទ្ធិ​បោះឆ្នោត ដែល​រួមមាន​៖ ការរៀបចំ​តំបន់​បោះឆ្នោត ដែល មាន​ចេតនា​ផ្តល់​បុព្វសិទ្ធិ​ដល់​ក្រុម​អ្នកបោះឆ្នោត​ពិសេស​មួយចំនួន ការដាក់​លក្ខខណ្ឌ តម្រូវ​ក្លែងក្លាយ​ឬ​មិនចាំបាច់​លើ​អត្តសញ្ញាណ​របស់​អ្នកបោះឆ្នោត ការ​បំភ័ន្ត​ទីតាំង ការិយាល័យ​បោះឆ្នោត ការផ្លាស់ប្តូរ​ទីតាំង​ការិយាល័យ​នៃ​នាយកដ្ឋាន​ទទួលបន្ទុក​ចេញ​ប័ណ្ណ​សម្គាល់​អត្តសញ្ញាណ​ដើម្បី​ធ្វើ​ឲ្យ​លំបាក​ដល់​ក្រុម​មួយចំនួន និង​ការបង្កើន​ឧបសគ្គ ក្នុងការ​បោះឆ្នោត​ជាទូទៅ​ជាពិសេស​សម្រាប់​ព​ល​រដ្ឋ​ដែល​មិនមាន​ធនធាន​។ លទ្ធផល​ពិតប្រាកដ​គឺថា ពលរដ្ឋ​ដែល​រស់នៅក្នុង​ភាពក្រីក្រ ជនជាតិភាគតិច និង​ក្រុម​ដែល​មិន​ពេញចិត្ត​ផ្សេងទៀត ត្រូវបាន​ដកហូត​សិទ្ធិ​ក្នុងការ​បោះឆ្នោត​។​

​រដ្ឋសភា បន្ថែមថា រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺថា​សហរដ្ឋ​អាម៉េរិក​មាន​អត្រា​នៃ​អ្នកបោះឆ្នោត​ទាប បំផុត​ក្នុងចំណោម​ប្រទេស​អភិវឌ្ឍ ដែលមាន​ត្រឹមតែ​៥៥,៧​ភាគរយ​នៃ​ចំនួន​អ្នកមាន​សិទ្ធិ បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១៦​កន្លងមក​…..​។

​ ​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋសភា​កម្ពុជា លើកឡើងថា អត្រា​នៃ​អ្នក​ទៅ​បោះឆ្នោត​ទាប​នេះ អាច​បកស្រាយ​បាន​ថា លទ្ធផល​នៃ​ការបោះឆ្នោត គឺ​មិនមាន​ឥទ្ធិពល​អ្វី​លើ​ជីវភាព​របស់​ពលរដ្ឋ​ក្រីក្រ​នោះឡើយ​។​

​ ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ជាក់​សារជាថ្មី អំពី​ជំហរ​មិន​ងាករេ​ចំពោះ​ការប្តេជ្ញាចិត្ត បន្ត​ដើរ​តាម​មាគ៌ា​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ស្របតាម​រដ្ឋធម្មនុញ្ញ ហើយ​កម្ពុជា​នឹង​រៀបចំ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ប្រកបដោយ​លក្ខណៈ​សេរី តម្លាភាព សណ្តាប់ធ្នាប់​ល្អ និង​សន្តិភាព​។​

​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពាវនាវ​ឲ្យ​គ្រប់​ប្រទេស​ទាំងអស់ មេត្តា​ប្រកាន់​ជំហរ​មិន​លំអៀង ដោយ​ចៀស​វាង​ការធ្វើ​បុរេវិនិច្ឆ័យ​ចំពោះ​គុណភាព​សម្លេងឆ្នោត​និង​ការបោះឆ្នោត ដែលមាន​ការប្រកួតប្រជែង​តាម​លក្ខណៈ​ពហុបក្ស ហើយ​សូម​ឲ្យ​គាំទ្រ​កម្ពុជា​បន្ត​ដើរទៅ​តាមផ្លូវ ឆ្ពោះទៅកាន់​ប្រជាធិបតេយ្យ សន្តិភាព នីតិរដ្ឋ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដោយ​មិនមាន​ការរារាំង​៕សរន


ទីតាំងផ្សាយពាណិជ្ជកម្ម