ដោយៈប.ខុន/ ភ្នំពេញៈស្ថានភាពភ្លៀងរដូវវស្សាចូលដល់សប្តាហ៍ទី២នៃខែកក្កដានឹងមានសភាពខ្សត់ខ្សោយ   ដោយសារគ្មានឥទ្ធិពលពីបាតុភូតសម្ពាធទាបឬប្រព័ន្ធសម្ពាធទាបនិងព្រម ពេលខ្យល់មូសុងចុះខ្សោយ តែភ្លៀងនៅមានធ្លាក់តិចតួចដែលជាភ្លៀងកកើតឡើងនៅក្នុងតំបន់។
លោក ចាន់  យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០២៣ថា ស្ថានភាពភ្លៀងធ្លាក់ដោយសារឥទ្ធិពលបាតុភូតសម្ពាធទាបឬប្រព័ន្ធសម្ពាធទាបក៏ដូចជាព្យុះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះគឺមិនមានទេ តែភ្លៀងដែលកកើតឡើងក្នុងតំបន់នៅមានធ្លាក់រាយប៉ាយខ្លះក្នុងកម្រិតពីតិចទៅមធ្យមនៅថ្ងៃនេះនិងថ្ងៃស្អែក។
អ្នកនាំពាក្យក្រសួងជំនាញខាងលើបានបញ្ជាក់ថាភ្លៀងដែលកកើតឡើងដោយសារពពកដុះនៅក្នុងតំបន់នេះ មិនមានបរិមាណច្រើនទេ និងក៏មិនបានរាយប៉ាយជាទូទៅដែរ។ស្របពេលគ្មានបាតុភូតសម្ពាធទាបឬប្រព័ន្ធសម្ពាធទាបកើតឡើងនេះ ខ្យល់មូសុងនិរតីក៏ចុះខ្សោយ ធ្វើឱ្យស្ថានភាពភ្លៀងជាទូទៅចុះខ្សាយ។
ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៣ បានជូនដំណឹងស្តីពីការព្យាករស្ថានភាពធាតុអាកាសសម្រាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១១ខែកក្កដាថា
នៅក្នុងអំឡុងពេលនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ  បង្កឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។
ក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាលក្ខណៈធាតុអាកាសបែបខាងលើធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អអ្សាសេ   សីតុណ្ហភាពអតិបរមា មានពី៣៤ទៅ៣៦អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមនៅផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់  ។
សម្រាប់តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៣ទៅ៣៥អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោ យទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។
នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៥ទៅ២៧អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣២ទៅ៣៤ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕/PC