​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (The Drive) ៖ នាយករដ្ឋមន្ត្រី​ប៉ូឡូញ លោក ម៉ា​ទូ​ស ម៉ូ​រ៉ាវី​ក​គី (Mateusz Morawiecki) បាន​និយាយថា ប្រទេស​របស់​លោក​ចង់​ចូលរួម​កម្មវិធី​ចែករំលែក​អាវុធ​នុយក្លេអ៊ែរ​របស់​អង្គការ​ណា​តូ​។

​នេះ​ជា​ការឆ្លើយតប​ដោយ​ផ្ទាល់​ចំពោះ​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​មួយចំនួន​ទៅ​ប្រទេសជិតខាង​បេឡា​រូ​ស​។ រឿង​នេះ​ក៏​កើត​ឡើង​ផងដែរ នៅពេល​ដែល​ប៉ូឡូញ​កំពុង​ជំរុញ​ទៅ​មុខ​ជាមួយ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​បំពាក់អាវុធ​ធម្មតា​ទ្រង់ទ្រាយ​ធំ​ឡើងវិញ ដែល​ត្រូវ​បាន​ពន្លឿន​បន្ទាប់ពី​មាន​ការឈ្លានពា​ន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​កាលពី​ឆ្នាំមុន​។​

​នាយករដ្ឋមន្ត្រី​ម៉ូ​រ៉ាវី​ក​គី​បាន​ធ្វើ​ការកត់សម្គាល់​អំពី​បំណង​របស់​ប៉ូឡូញ​ក្នុងការ​ក្លាយ​ជា​ផ្នែក​នៃ​ផែនការ​ចែករំលែក​អាវុធ​នុយក្លេអ៊ែរ​របស់​អង្គការ​ណា​តូ​ក្នុង​ការឆ្លើយតប​ទៅនឹង​សំណួរ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ខាងក្រៅ​កិច្ចប្រជុំ​មួយ​របស់​សហភាព​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុច​សែ​ល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី​៣០​មិថុនា​។​

​លោក​ម៉ូ​រ៉ាវី​ក​គី​បាន​និយាយថា “​ការសម្រេចចិត្ត​ចុងក្រោយ​នឹង​អាស្រ័យ​លើ​ដៃគូ​អាម៉េរិក​និង​អង្គការ​ណា​តូ​របស់​យើង​។​យើង​ប្រកាស​អំពី​ឆន្ទៈ​របស់​យើង​ក្នុងការ​ធ្វើ​សកម្មភាព​យ៉ាង​រហ័ស​ក្នុង​បញ្ហា​នេះ​។ យើង​មិន​ចង់​អង្គុយ​នៅ​ស្ងៀម ខណៈ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បង្កើន​ការគំរាមកំហែង​គ្រប់​ប្រភេទ​នោះទេ​” នេះ​បើ​យោង​តាម​សារព័ត៌មាន Polesat News​។​

​លោកពូ​ទីន​បាន​និយាយ​កាលពីដើម​ខែ​មិថុនា​ថា អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​បាន​ចាប់ផ្តើម​ទៅ​ដល់​ប្រទេស​បេឡា​រូស ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ដែល​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​កាលពី​រដូវក្តៅ​មុន​។ ប្រធានាធិបតី​បេឡា​រូ​ស លោក អា​ឡិច​សាន់ឌ័​រ លូ​កា​សេន​កូ (Alexander Lukashenko) បាន​និយាយ​កាលពី​ពាក់កណ្តាល​ខែ​មិថុនា​ថា “​ផ្នែក​សំខាន់​” នៃ​ចំនួន​សរុប​នៃ​អាវុធ​នុយក្លេអ៊ែរ​ដែល​រុស្ស៊ី​គ្រោង​នឹង​ដាក់​នៅក្នុង​ប្រទេស​របស់​គាត់​ឥឡូវ​បាន​មក​ដល់​ហើយ​។

​យោង​តាម​សេចក្តីថ្លែងការណ៍​ពីមុនៗ​របស់​ពូ​ទីន និង​លូ​កា​សេន​កូ អាវុធ​ទាំង​នេះ​គឺជា​ការ​លាយ​គ្នា​នូវ​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី Iskander-M ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែ​រ និង​គ្រាប់បែកនុយក្លេអ៊ែរ​ទម្លាក់​ពីលើ​អាកាស ដែល​អាវុធ​នុយក្លេអ៊ែរ​ក្រោយ​គេ​នេះ​ត្រូវបាន​កងទ័ពអាកាស​បេឡា​រូស​អះអាងថា​មាន​សមត្ថភាព​ដាក់​ឱ្យ​ប្រើ​ហើយ​៕

​ប៉ូឡូញ​ចង់​រក្សា​ទុក​គ្រាប់​នុយក្លេអ៊ែរ​របស់​ណា​តូ​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ពី​រុស្ស៊ី