ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ បណ្តាអង្គការមនុស្សធម៌និងក្រុមសិទ្ធិមនុស្សកាលពីថ្ងៃសុក្របានថ្កោលទោសផែនការរបស់អាម៉េរិកក្នុងការបញ្ជូនគ្រាប់បែកចង្កោមដល់អ៊ុយក្រែនដោយយោងដល់គ្រោះថ្នាក់រយៈពេលវែងបង្កឡើងដោយសព្វាវុធប្រភេទនេះដែលមិនទាន់ផ្ទុះ។
សហរដ្ឋអាម៉េរិកកាលពីថ្ងៃសុក្របានប្រកាសថាខ្លួននឹងផ្តល់គ្រាប់បែកចង្កោមដល់អ៊ុយក្រែនជាលើកដំបូងនៅពេលកងកម្លាំងរបស់រដ្ឋាភិបាលទីក្រុងគៀវជួបការប្រយុទ្ធយ៉ាងស្វិតស្វាញក្នុងការវាយបកប្រឆាំងទាហានឈ្លានពានរុស្ស៊ី។
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានប្រាប់សារព័ត៌មានCNNថា ការសំរេចចិត្តផ្តល់គ្រាប់រំសេវដល់អ៊ុយក្រែន«តឹងចិត្តខ្លាំងណាស់ » តែកងកម្លាំងអ៊ុយក្រែន«អស់គ្រាប់រំសេវ»។
ចំណែកអង្គការមនុស្សធម៌ Humanity and Inclusion (HI)បាននិយាយថា«វាជាទោសប្រហារជីវិតរយៈពេលវែងមួយលើជនស៊ីវិល។មនុស្សជាច្រើនដែលមិនទាន់កើតនៅឡើយនឹងក្លាយជាជនរងគ្រោះដោយគ្រាប់បែកចង្កោម»។
នៅប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុង វីលនៀស (Vilnius)ក្នុងប្រទេសលីទុយអានីនាសប្តាហ៍ក្រោយ អាម៉េរិកបានចេញមុខចាត់វិធានការមុនគេនៅពេលសម្ពន្ធមិត្តកំពុងពិចារណាបន្ថែមជំនួយដល់អ៊ុយក្រែនដែលកំពុងបើកការវាយបកលើកងកម្លាំងរុស្ស៊ី តែរុលទៅមុខយឺតដោយសារជួបការតតាំងពីសត្រូវដ៏ស្វិតស្វាញចេញពីលេណដ្ឋានរឹងមាំរបស់គេ។
សូមបញ្ជាក់ថា ពេលវាផ្ទុះក្នុងអាកាសក្បែរគោលដៅលើដីវាជះកូនគ្រាប់រាប់រយលើតំបន់មួយទំបន់ប៉ុនតារាងបាល់ទាត់បួនប្រាំ តែកូនគ្រាប់មួយចំនួនធំមិនផ្ទុះនិងកប់ចោលក្នុងដី ដែលនឹងផ្ទុះនៅពេលក្រោយបើមាននរណាប៉ះវា។វានឹងក្លាយជាគ្រាប់មីនបង្កប់ក្នុងដីប្រឆាំងមនុស្សនៅពេលកក្រោយៗទៀត។
ក្នុងលក្ខខណ្ឌយោធា គ្រាប់បែកចង្កោមអនុញ្ញាតអោយប្រើសំរាប់វាយប្រហារក្បួនទ័ពសត្រូវធំណាមួយនិងតែវាយតែមួយប្រាវដើម្បីរារាំងកុំអោយប្រើផ្លូវចុះឡើងរបស់យន្តហោះឬបញ្ឈប់ការរុលទៅមុខរបស់សត្រូវជាមួយនឹងគ្រាប់មីនបង្កប់លើទំហំដីដ៏ធំ។
សរុបប្រទេស១២៣លើលោកបានចុះហត្ថលេខាលើអនុសញ្ញាក្រុងអូស្លូ ឆ្នាំ២០០៨ ដោយហាមផលិត ស្តុកទុក លក់និងប្រើគ្រាប់បែកចង្កោម។ប្រទេសធំៗដែលមិនបានចុះហត្ថលេខារួមមានចិន អ៊ីរ៉ង់ អ៊ីស្រាអែល រុស្ស៊ី ស៊ីរី និងសហរដ្ឋអាម៉េរិក៕
នៅជុំវិញពិភពលោក ប្រទេសនិងដែនដីចំនួន២៩ ត្រូវគេដឹងថានៅមានកូនគ្រាប់បែកចង្កោមកប់ក្នុងដីនៅឡើយ
ទាហានអាម៉េរិកនិងកូរ៉េខាងត្ពុងត្រៀមគ្រាប់បែកចង្កោមសំរាប់សមយុទ្ធយោធា