ដោយៈ វ៉ៃកូ / ស្វាយរៀង៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ លោក លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានដឹកនាំសកម្មជន សមាជិក សមាជិកាបក្សទាំងអស់ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ តាមខ្នងផ្ទះ ក៏ដូចជា នៅតាមកន្លែងអាជីវកម្មផ្សេងៗ ព្រមទាំងបានណែនាំ ប្រជាពលរដ្ឋក្រុងបាវិត ចេះគូសសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីឱកាសការងារកាន់តែសំបូរ និងប្រជាពលរដ្ឋ មានជីវភាពរស់នៅ កាន់តែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តម លី ធុជ បានលើកឡើងថាៈ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជារយៈពេលជាង ៤០ឆ្នាំ បានគិតគូរជាអាទិភាពដល់សុខទុក្ខរបស់ប្រជាជន ជាចំបង តាមរយៈការបង្កើតនូវឱកាសការងារយ៉ាងច្រើន ជូនប្រជាពលរដ្ឋទូទាំងប្រទេស និងធ្វើឲ្យជីវភាពរស់នៅ កាន់តែស៊ីវិល័យ ពីព្រោះរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវមាគ៌ាដឹកនាំប្រទេសយ៉ាងត្រឹមត្រូវ និងប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយ។

លោក លី ធុជ បានបន្តទៀតថាៈ ក្រុងបាវិត គឺជាក្រុងមួយដែលសម្តេចតេជោ បានយកចិត្តទុកខ្ពស់ និងប្រែក្លាយជាទីក្រុង ដែលមានការអភិវឌ្ឍន៍ មានហេដ្ឋារចនាសម្ព័ន្ធ រឹងមាំ និងជាច្រកសេដ្ឋកិច្ចមួយ យ៉ាងសំខាន់ សម្រាប់ប្រទេសកម្ពុជា ដែលបានផ្តល់នូវ ឱកាសការងារជូនកម្មករ កម្មការនី ប្រមាណជា ៦ម៉ឺននាក់ ក្នុងវិស័យសេវាកម្ម រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម ។

លោក បានគូសបញ្ជាក់បន្ថែមថាៈ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃពិសេសមួយ និងជាប្រវត្តិសាស្រ្ត ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់ ប្រើប្រាស់សិទ្ធិរបស់ខ្លួន ក្នុងការសម្រេចចិត្ត ជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ តាមរយៈការបោះឆ្នោត ក្នុងនោះប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាក្រុងបាវិតទាំងអស់ បានសម្តែងនូវការពេញចិត្ត ការគោរពស្រឡាញ់ និងការគាំទ្រយ៉ាងពេញទំហឹងនូវសន្តិភាព និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសបន្ត សម្រាប់អាណត្តិទី៧ និងអាណត្តិ ក្រោយៗទៀត។

តាមរយៈការចុះតាមខ្នងផ្ទះ បងប្អូនប្រជាពលរដ្ឋក្រុងបាវិត បានស្នើសុំឲ្យលោក លី ធុជ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត នាំយកនូវសេចក្តីគោរពស្រឡាញ់ និងស្មោះស្ម័គ្រ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមបោះឆ្នោត និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា ដំណើរការឃោសនាបោះឆ្នោត មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ។ សម្រាប់ថ្ងៃបោះឆ្នោត នឹងប្រព្រឹត្តទៅ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគណបក្សនយោបាយ ចំនួន ១៨ គណបក្ស ចូលរួមប្រកួតប្រជែង ៕/V-PC