សម្ដេច​ពញា​ចក្រី ហេង សំរិន ដឹកនាំ​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​ខេត្ត​ត្បូងឃ្មុំ ថ្ងៃ​ចុងក្រោយ​

1251
ចែករម្លែក

ដោយ​: សម្បត្តិ / ត្បូងឃ្មុំ ៖ ថ្ងៃនេះ គឺជា​ថ្ងៃ​ដ៏​មហា​នក្ខត្តឫក្ស ដែល​គណបក្ស​ប្រជាជន​កម្ពុជា​យើង​ទូទាំងប្រទេស ដោយឡែក គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ​គ្រប់​ថ្នាក់ រួមជាមួយ​បងប្អូន​ជនរួមជាតិ សមាជិក សមាជិកា គណបក្ស​យ៉ាងច្រើន​កុះករ បាន​ចូលរួម​ក្នុង​ថ្ងៃ​បិទ​យុទ្ធនា​ការឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នេះ ហើយ​កាលពី​ថ្ងៃទី​៧ កក្កដា ឆ្នាំ​២០១៨ យើងទាំងអស់គ្នា បាន​ស្តាប់​រួចមកហើយ​នូវ​សេចក្តីថ្លែងការណ៍​បើក​យុទ្ធនាការ ឃោសនា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន កម្ពុជា បាន​រំលេច​ឲ្យ​ឃើញ​ពី​ស្នាដៃ​ដ៏​ធំធេង ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស​សម្រេចបាន ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន គឺ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់​ឆ្នាប់​សង្គម ដែលជា​មូលដ្ឋានគ្រឹះ នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព ជាពិសេស​គឺ​កម្មវិធី​នយោបាយ របស់​គណបក្ស​សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ​ឆ្នាំ​២០១៨-២០២៣ ដោយ​ធានា​បន្ត ថែរក្សា​សមិទ្ធិផល​ដ៏​ធំធេង ដែល​គណបក្ស​សម្រេចបាន និង​បន្ត​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ នាំមក​នូវ​វិបុលភាព វឌ្ឍនភាព និង​ការ​រី​ចម្រើន​ថ្កុំថ្កើង​ថែមទៀត ឆ្លើយតប​ទៅនឹង​បំណង ប្រាថ្នា និង​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​របស់​ប្រទេសជាតិ និង​ប្រជាជន​។​

​ខាងលើនេះ ជាការ​លើកឡើង​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្ស​ប្រជាជន​កម្ពុជា ក្នុងឱកាស​នៃ​ការបិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង តំ​ណា​រាស្ត្រ នីតិកាល​ទី​៦ នៅ​ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​២៧ កក្កដា​នេះ ដែលមាន​ការចូលរួម ពី​សមាជិក សមាជិកា​រាប់ពាន់នាក់​។​

​ក្នុងនាម​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច ពញា​ចក្រី ហេង សំរិន បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​យុទ្ធនាការ​រយៈពេល​២១​ថ្ងៃ ក្នុង​ក្របខ័ណ្ឌ ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ដំណើរការ​ដោយ​រលូន ប្រកបដោយ​លក្ខណៈ​សេរី អហឹ​ង្សា គណបក្សនយោបាយ​ទាំងអស់ បានធ្វើ​សកម្មភាព​ឃោសនា​ដោយ​សេរី សំដៅ​ទាក់ទាញ​ការ គាំទ្រ​ពី​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​តាម​គ្រប់​លទ្ធភាព គ្មាន​ការគំរាមកំហែង​។ ជាមួយគ្នានេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ បាន​បង្កលក្ខណៈ​សម្បត្តិ​ងាយស្រួល​ដល់​គ្រប់ គណបក្សនយោបាយ ក្នុង​ការធ្វើសកម្មភាព​ឃោសនា និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល ជ្រៅ​ចំពោះ​ក្រុមការងារ គណៈកម្មាធិការ​បក្ស​គ្រប់​ថ្នាក់ រួមទាំង​សកម្មជន សមាជិក សមាជិកា បក្ស​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​ចិត្ត ពី​ថ្លើម ក្នុង​សកម្មភាព​យុទ្ធនាការ ២១​ថ្ងៃ កន្លងមក ដោយ​គ្មាន​ខ្លាច​នឿយហត់ ចំណាយ​អស់​កម្លាំងកាយ ចិត្ត ធនធាន សម្ភារៈ​ថវិកា រួមទាំង​មធ្យោបាយ​នានា ក្នុងទិសដៅ​ប្រមូលផ្តុំ​កម្លាំង​វាយលុក យក​ប្រៀប​ឈ្នះ​ជូន​គណបក្ស ប្រជាជន​កម្ពុជា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។

​សម្តេច​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គូសបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​របស់​ប្រជាជន ដោយសារ​ប្រជាជន ដើម្បី​ប្រជាជន និង​រួមសុខ រួមទុក្ខ​ជាមួយ ប្រជាជន នៅ​គ្រប់​កាលៈទេសៈ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម