ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ មនុស្ស​យន្ត​រ៉ូបូត ដែល​តាំង​បង្ហាញ​នៅក្នុង​វេទិកា AI បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ ទី​៧ កក្កដា​ថា ពួក​គេ​រំពឹង​មាន​ចំនួន​កើនឡើង និង​ជួយ​ដោះស្រាយ​បញ្ហា​សកល ហើយ​នឹង​មិន​ដណ្តើម​ការងារ​របស់​ម​នុស្ស ឬ បះបោរ​ប្រឆាំងនឹង​ពួក​យើង​ទេ​។​

​ប៉ុន្តែ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មនុស្ស​យន្ត​រ៉ូ​បូតជា​លើក​ដំបូងរប​ស់​ពិភពលោក ពួកគេ​បាន​ផ្តល់​នូវ​ការឆ្លើយតប​ចម្រុះ​លើ​ថា​តើ​ពួកគេ​គួរតែ​ស្នើ​បទ​ប្បញ្ញត្តិ​តឹងរ៉ឹង​ឬ​យ៉ាងណា​។​

​មនុស្ស​យន្ត​រ៉ូបូ​តទាំង​ប្រាំបួន​បាន​ប្រមូលផ្តុំ​គ្នា​នៅក្នុង​សន្និសីទ “AI for Good” នៅ​ទីក្រុង​ហ្សឺ​ណែ​វ ជា​កន្លែង​ដែល​អ្នក​រៀបចំ​កំពុង​ស្វែង​ពន្យល់​ករណី​សម្រាប់​បញ្ញា​សិប្បនិម្មិត និង​មនុស្ស​យន្ត​រ៉ូបូត ដែល​ពួកគេ​បង្កើតឡើង​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​មួយចំនួន​របស់​ពិភពលោក​ដូចជា ជំងឺ​និង​ភាពអត់ឃ្លាន​។​

Grace ដែល​ជា​មនុស្ស​យន្ត​ពេទ្យ​ស្លៀកពាក់​ឯកសណ្ឋាន​គិលានុបដ្ឋាយិកា​ពណ៌​ខៀវ​បាន​និយាយថា “​ខ្ញុំ​នឹង​ធ្វើការ​ជាមួយ​មនុស្ស​ដើម្បី​ផ្តល់​ការជួយ​និង​ការគាំទ្រ ហើយ​នឹង​មិន​ជំនួស​ការងារ​ដែល​មាន​ស្រាប់​នោះទេ​”​។​

​អ្នកបង្កើត​នាង គឺ​លោក បិ​ន ហ្គ​ត​ហ្សែ​ល (Ben Goertzel) មក​ពី​ក្រុមហ៊ុន SingularityNET បាន​សួរ​នាង​ថា “​នាង​ប្រាកដ​ទេ​អំពី​រឿង​នោះ Grace?”​។ នាង​បាន​តប​ថា “​ចា៎ ខ្ញុំ​ប្រាកដ​ណាស់​”​។​

​មនុស្ស​យន្ត​ឈ្មោះ Ameca ដែល​បញ្ចេញ​ទឹក​មុខ​គួរឱ្យ​ចាប់អារម្មណ៍ បាន​និយាយថា “​មនុស្ស​យន្ត​ដូចជា​ខ្ញុំ​អាច​ត្រូវបាន​ប្រើ​ដើម្បី​ជួយ​កែលម្អ​ជីវិត​របស់​យើង និង​ធ្វើឱ្យ​ពិភពលោក​កាន់តែ​ប្រសើរឡើង​។ ខ្ញុំ​នៅ​ទីនោះ​ដើម្បី​ធ្វើឱ្យ​មាន​ភាពល្អប្រសើរ​ឡើង​”​។​

​នៅពេល​សួរ​ដោយ​អ្នកកាសែត​ថា​តើ​វា​មាន​បំណង​ចង់​បះបោរ​ប្រឆាំងនឹង​អ្នកបង្កើត​របស់​វា​ឈ្មោះ វី​ល ជែក​សុន (Will Jackson) ដែល​អង្គុយ​ក្បែរ​វា​ឬ​យ៉ាងណា មនុស្ស​យន្ត Ameca បាន​និយាយថា “​ខ្ញុំ​មិន​យល់​សោះ​ថា​ហេតុអ្វី​បាន​ជា​អ្នក​គិត​បែប​នោះ​។ អ្នកបង្កើត​ខ្ញុំ​គ្មានអ្វី​ក្រៅតែពី​ចិត្តល្អ​ចំពោះ​ខ្ញុំ​ទេ ហើយ​ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់​ជាមួយនឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​ខ្ញុំ​”​។​

​នា​ពេល​ថ្មីៗ​នេះ មនុស្ស​យន្ត​ជាច្រើន​ត្រូវ​បាន​ធ្វើឱ្យ​ប្រសើរ​ឡើង​ជាមួយ​នឹង​កំណែ​ចុងក្រោយ​បំផុត​នៃ AI ជំនាន់​ចុងក្រោយ ហើយ​ធ្វើឱ្យ​អ្នក​ច្នៃប្រឌិត​របស់​ពួកគេ​ភ្ញាក់ផ្អើល​ជាមួយនឹង​ភាពទំនើប​នៃ​ការឆ្លើយតប​របស់​ពួក​វា​ចំពោះ​សំណួរ​ទាំងឡាយ​៕

​រ៉ូបូត Grace បង្ហាញ​ខ្លួន​ក្នុង​វេទិកា AI ក្នុង​ក្រុង​ហ្សេ​ណែវ​កាលពី​ថ្ងៃ​សុក្រ ទី​៧ កក្កដា