បើក​ផ្សារណាត់​បន្លែ​និង ផលិតផល​សុវត្ថិភាព នៅ​ខេត្តសៀមរាប​

1658
ចែករម្លែក

​ដោយៈ​បាយ័ន​/​សៀមរាបៈ​មន្ទីរ​កសិក​ម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប​បានរៀបចំ​បើក​ផ្សារណាត់​បន្លែ​សុវត្ថិភាព​និង​ផលិតផល​សុវត្ថិភាព ដែល​បាន​ធ្វើឡើង​នៅ​សួនច្បារ​មហាសណ្ឋាគារ​អង្គរ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៨ ក្រោម​អធិបតី​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​លោកស្រី​, លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​វត្តមាន​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម និង​លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ តំណាង​ក្រុមហ៊ុន និង បងប្អូន​ប្រជាកសិករ​ដាំ​ដុះ សរុប​ចំនួន​ជាង​៥០០​នាក់​ចូលរួម ។

បើក​ផ្សារណាត់​បន្លែ​និង ផលិតផល​សុវត្ថិភាព នៅ​ខេត្តសៀមរាប​

របាយការណ៍​របស់លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ខេត្ត​ថា ស្រុក គោលដៅ​ចំនួន​៦ និង​ចែកជា​២​ផ្នែក​ផ្នែក​ទី​១(​បន្លែ​)​ចំនួន​៤​ស្រុក​បាន​អនុវត្ត​សកម្មភាព​ផ្តោតទៅលើ​ការផលិត​បន្លែ​សុវត្ថិ​ភាព​សម្រាប់​ផ្គត់ ផ្គង់​ចូល​ទីផ្សារ និង ផ្នែក​ទី​២(​ស្រូវ​) បាន​ផ្តោតទៅលើ​ផលិតកម្ម​ស្រូវពូជ​-​ស្រូវ​ចំណី ។ តាម​ការសិក្សា​ពី​តម្រូវការ​ទីផ្សារ​បន្លែ (​ផ្សារ​សាមគ្គី​) ក្នុង​ខេត្តសៀមរាប​ឃើញថា បន្លែ​ជា​តម្រូវការ​ប្រចាំថ្ងៃ​មាន​មាន​ពី ៣០ ទៅ​៤០ មុខ​បន្លែ ក្នុង​បរិមាណ​ពី ៣៥ ទៅ ៤០ តោន ក្នុង​មួយថ្ងៃ ។

លោក ឃឹម ប៊ុន​សុង បាន​ថ្លែងថា ការបើក​ផ្សារណាត់​បន្លែ​សុវត្ថិភាព និង​ផលិតផល​សុវត្ថិភាព នាពេលនេះ ពិត​ជាមាន​សារសំខាន់​ណាស់ ក្នុងការ​ផ្សព្វផ្សាយ​នូវ​កសិផល ដែល​ប្រជាកសិករ​ផលិត​បាន ប្រកបដោយ​សុវត្ថិភាព​អនាម័យ​ល្អ តាម​ស្តង់ដារ និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុ​ខុ​មា​ភាព​អ្នក​បរិភោគ​ឡើយ ។ ម្យ៉ាងវិញទៀត​ការរៀបចំ​ឲ្យ​មាន​ផ្សារណាត់​បន្លែ​សុវត្ថិភាព និង​ផលិតផល​សុវត្ថិភាព នាពេលនេះ គឺ ជាការ​ជួបជុំគ្នា រវាង ផលិតករ ដៃគូរ​អភិវឌ្ឍន៍ អ្នកពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​ក្នុងការ​ផ្លាស់ប្តូរ បទពិសោធន៍ មតិយោបល់​នានា រួមគ្នា​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម ដែល​កើតមានឡើង​កន្លងមក​សម្រាប់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​ឆ្លើយតប​ឲ្យ​បាន​ទាន់​ពេលវេលា​ទៅនឹង​កត្តា​ប្រឈម​នានា ។​

ចំណែក​លោក​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​បាន​មានប្រសាសន៍ថា វិស័យ​កសិកម្ម​ជា​ឆ្អឹងខ្នង​នៃ​កំណើន​សេដ្ឋកិច្ចជាតិ និង​ការអភិវឌ្ឍ​ប្រទេស​។​វិស័យនេះ​មាន​តួនាទី​សំខាន់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ធានា​ឲ្យ​មាន​សន្តិសុខ​ស្បៀង​ថ្នាក់ជាតិ និង ការបង្កើន​សុវត្ថិភាព​ចំណីអាហារ​។​ការបើក​ផ្សារណាត់​បន្លែ​សុវត្ថិភាព​និង​ផលិតផល​សុវត្ថិភាព​ខេត្តសៀមរាប​ជា​ផ្សារ​ទី​៧​ហើយ ក្នុងចំណោម​រាជធានី​ខេត្ត​ទូទាំងប្រទេស ។ បច្ចុប្បន្ន​ក្រសួង​បាន​នឹង​កំពុង​កសាង​គោលនយោបាយ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០៣០ ៕​សរន​

បើក​ផ្សារណាត់​បន្លែ​និង ផលិតផល​សុវត្ថិភាព នៅ​ខេត្តសៀមរាប​

ទីតាំងផ្សាយពាណិជ្ជកម្ម