ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ចិន​កំពុង​ហូរ​ចូល​ប្រទេស​ថៃ ដោយ​ប្តេជ្ញា​វិនិយោគ ១,៤៤ ពាន់​លាន​ដុល្លារ លើ​រោងចក្រ​ផលិត​រថយន្ត​នៅ​ក្នុង​មជ្ឈមណ្ឌល​ផលិត​រថយន្ត​ដ៏​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ដែល​គ្របដណ្តប់​ដោយ​ក្រុមហ៊ុន​ជប៉ុន​ជា​យូរ​មក​ហើយ​។​

​រលក​នៃ​ការវិនិយោគ​ថ្មី​នេះ​ត្រូវបាន​គាំទ្រ​ដោយ​រដ្ឋាភិបាល​ថៃ ដែល​បាន​ដាក់ចេញ​នូវ​ការលើកទឹកចិត្ត​នានា​ហើយ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ក្រុមហ៊ុន​ចិន ជាមួយ​នឹង​គោលដៅ​ផ្លាស់ប្តូរ​ផលិតកម្ម​រថយន្ត​ប្រចាំឆ្នាំ​របស់​ប្រទេស​ចំនួន​៣០​ភាគរយ​ឱ្យទៅ​ជា​រថយន្ត EV នៅ​ត្រឹម​ឆ្នាំ ២០៣០​។​

– ការវិនិយោគ​កំពុងដំណើរការ​

​ក្រុមហ៊ុន​ផលិត​រថយន្ត Great Wall Motor របស់​ចិន​បាន​សម្រុកចូល​ប្រទេស​ថៃ​លើក​ដំបូង​ក្នុង​ឆ្នាំ ២០២០ នៅពេល​ដែល​ខ្លួន​បាន​ទិញ​រោងចក្រ​ពី​ក្រុមហ៊ុន General Motors ដែល​ខ្លួន​នឹង​ចំណាយ ២២,៦ ពាន់​លាន​បាត (៦៤៧,៣៨ លាន​ដុល្លារ​) ប្រែក្លាយ​វា​ទៅ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ក្នុង​តំបន់​សម្រាប់​រថយន្ត EV និង​រថយន្ត​ហាយ​ប្រ៊ី​ដ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​នឹង​ចាប់ផ្តើម​ផលិត​រថយន្ត​តូច​ដ៏​ពេញ​និយម​របស់​ខ្លួន​គឺ​ម៉ាក Ora Good Cat EV នៅក្នុង​ប្រទេស​ថៃ​នៅ​ឆ្នាំក្រោយ ហើយ​ក៏​កំពុង​នាំយក​ក្រុមហ៊ុន​បុត្រ​សម្ពន្ធ​របស់​ខ្លួន​មក​ផងដែរ​គឺ MIND Electronics, HYCET និង Nobo Auto ដែល​ផលិត​គ្រឿង​អេឡិចត្រូនិច រថភ្លើង​ល្បឿន​លឿន និង​កៅអីអង្គុយ​។​

​គូប្រជែង​ចិន​គ្នាឯង​គឺ​ក្រុមហ៊ុន SAIC Motor ដែល​ជា​ម្ចាស់​ក្រុមហ៊ុន MG Motor និង​មាន​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ថៃ Charoen Pokphand Group បាន​បើក​ដំណើរការ​រថយន្ត EV ដំបូង​របស់​ខ្លួន​នៅក្នុង​ប្រទេស​នេះ​ក្នុង​ឆ្នាំ ២០១៩​។​

​ក្រុមហ៊ុន​បាន​និយាយ​កាលពី​ខែ​មេសា​ថា ខ្លួន​កំពុង​វិនិយោគ ៥០០ លាន​បាត​ដើម្បី​ពង្រីក​រោងចក្រ​ដែលមាន​ស្រាប់​របស់​ខ្លួន​សម្រាប់​គ្រឿង​បន្លា​ស់ EV និង​ការផលិត​អាគុយ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត EV យក្ស​របស់​ចិន BYD កំពុង​វិនិយោគ ១៧,៩ ពាន់​លាន​បាត ដើម្បី​បង្កើត​រោងចក្រ​ថ្មី​មួយ​នៅក្នុង​ប្រទេស​ថៃ ដែល​នឹង​ចាប់ផ្តើម​ផលិត​រថយន្ត​ដឹក​អ្នកដំណើរ​ចំនួន ១៥០.០០០ គ្រឿង​ក្នុង​មួយឆ្នាំ​ចាប់ពី​ឆ្នាំ ២០២៤ ដែល​រថយន្ត​មួយ​ចំនួន​នឹង​ត្រូវ​នាំ​ចេញ​ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍​និង​អឺរ៉ុប​។​

​ក្រុមហ៊ុន Hozon New Energy Automobile របស់​ចិន​ក៏​កំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន Bangchan General Assembly របស់​ថៃ​ផងដែរ ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ម៉ូ​ដែល NETA V ដែល​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​។​

– ការវិនិយោគ​ជាច្រើន​ទៀត​កំពុង​ត្រៀម​សម្រុកចូល​

​កិច្ច​ព្រមព្រៀង​ជា​ច្រើន​ទៀត​ក៏​ត្រៀម​កើតឡើង​ផងដែរ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សាភិបាល​វិនិយោគ​ថៃ (BOI) ដែល​កំពុង​ទាក់ទាញ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ចិន​។​

​ក្រុមហ៊ុន​រដ្ឋ Chongqing Changan Automobile ដែល​មាន​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Ford និង Mazda នឹង​វិនិយោគ ៩,៨ ពាន់​លាន​បាត​ដើម្បី​បង្កើត​រោងចក្រ​ផលិត​រថយន្ត EV ចង្កូត​ស្តាំ​លើកដំបូង​របស់​ខ្លួន​នៅ​ខាង​ក្រៅ​ប្រទេស​ចិន នេះ​បើ​យោងតាម BOI ។ BOI បាន​និយាយថា ក្រុមហ៊ុន GAC Aion ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ពន្ធ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​រដ្ឋ Guangzhou Automobile Group (GAC) គ្រោង​នឹង​វិនិយោគ​ជាង ៦,៤ ពាន់​លាន​បាត ដើម្បី​ផលិត​រថយន្ត EV នៅក្នុង​ប្រទេស​ថៃ​។​

​យោងតាម BOI ក្រុមហ៊ុន Chery Automobile របស់​ចិន ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​លើកដំបូង​នូវ​រថយន្ត EV ដែល​អភិវឌ្ឍ​ដោយ​ខ្លួនឯង​ក្នុង​ឆ្នាំ ២០០៩ គឺ “​កំពុង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​” ក្នុង​ការវិនិយោគ​នៅក្នុង​ប្រទេស​ថៃ ហើយ​គ្រោង​នឹង​ចូល​ទីផ្សារ​នៅ​ដើម​ឆ្នាំ​ក្រោយ​។​

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​ររាយការណ៍​កាលពី​ខែ​ឧសភា ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ចិន Geely ក៏​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការរៀបចំ​ផែនការ​ចូល​ក្នុង​ប្រទេស​ថៃ​ផងដែរ​៕

​រថយន្ត​អគ្គិសនី​ចិន​កំពុងមាន​ប្រជាប្រិយភាព