សេត​វិមាន​ចេញមក​និយាយ​ការពារ​ការសម្រេចចិត្ត​មិនឱ្យ​អ្នករាយការណ៍​របស់ CNN ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សារព័ត៌មាន​

841
ចែករម្លែក

​សេត​វិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​កក្កដា​បាន​ការពារ​ការសម្រេច​ចិត្ត​របស់ខ្លួន​ដើម្បី​រារាំង​អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទូរទស្សន៍ CNN ម្នាក់​ពី​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​សារព័ត៌មាន​បើកទូលាយ​មួយ ប៉ុន្តែ​បាន​អះអាងថា​វា​គ្មានអ្វី​ទាក់ទង​នឹង​សំណួរ​ដែល​លោកស្រី​បាន​សួរ​នោះទេ​។​

​លេខា​រង​ព័ត៌មាន​របស់​សេត​វិមាន លោក ហូ​ហ្គែ​ន ហ្គី​ដ​លី បាន​និយាយថា លោកស្រី ខេ​តលែ​ន ខូលីន ត្រូវបាន​បដិសេធ​មិនឱ្យ​ចូលរួម​ពិធី​ព្រឹត្តិការណ៍ Rose Garden របស់លោក​ត្រាំ​ជាមួយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ ដោយសារតែ​លោកស្រី​បដិសេធ​មិន​ចាក​ចេញពី​ការិយាល័យ​ពងក្រពើ អំឡុងពេល​មាន​វត្តមាន​ជាមួយ​ប្រធានាធិបតី​ត្រាំ​។ លោកស្រី និង CNN បាន​និយាយថា លោកស្រី​ត្រូវបាន​ហាមឃាត់​ដោយសារតែ​មន្ត្រី​សេត​វិមាន​បាន​រកឃើញថា​សំណួរ​របស់​លោកស្រី “​មិន​សមរម្យ​” ដែល​លោក​ហ្គី​ដ​លី​ជំទាស់​។​

​លោក​ហ្គី​ដ​លី​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅលើ​យន្តហោះ Air Force One ខណៈដែល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ វិល​ត្រឡប់មក​ទីក្រុង​វ៉ាស៊ីនតោន​វិញ​ពី​រដ្ឋ​អាយ​អូ​វ៉ា និង អ៊ី​ល​លីន​ណ​យ ថា “​វា​មិន​ជាប់ទាក់ទង​នឹង​សំណួរ​របស់គាត់​ទេ​”​។

​លោកស្រី​ខូលីន​បាន​បម្រើការ​ជា​អ្នកតំណាង​បណ្តាញ​ទូរទស្សន៍ CNN សម្រាប់​ក្តោប​ក្តាប់​ព័ត៌មាន​នៅ​ការិយាល័យ​ពងក្រពើ​។ លោកស្រី​និង​អ្នករាយការណ៍​ព័ត៌មាន​មួយចំនួនទៀត​បាន​សួរ​សំណួរ​ជាច្រើន​ដល់​លោក​ប្រធានាធិបតី​ក្នុងនោះ​រួមមាន​សំណួរ​ជាច្រើន​ផ្តោតលើ​អតីត​មេធាវី​របស់គាត់ គឺ​លោក​ម៉ៃ​ឃើ​ល ខូ​ហិន​។ មួយថ្ងៃ​មុន​នោះ ទូរទស្សន៍ CNN បានទទួល​បាន​អាត់​សំឡេង​សម្ងាត់​មួយ រួច​ផ្សាយ​អាត់​សំឡេង​នោះ ដែល​ថត​សំឡេង​សន្ទនា​រវាង​លោក​ត្រាំ និង លោក​ខូ​ហិន អំពី​លទ្ធភាព​ទូទាត់​លុយ​ឱ្យទៅ​អតីត​តារា Playboy ម្នាក់ ដែល​អះអាងថា​នាង​មាន​ស្នេហា​លួចលាក់​ជាមួយ​ត្រាំ​។​

​លោក​ហ្គី​ដ​លី​បាន​និយាយថា លោកស្រី​ខូលីន “​ត្រូវបាន​គេ​ប្រាប់​ម្តង​ហើយ​ម្តងទៀត​ឱ្យ​ចាក​ចេញពី​ការិយាល័យ​ពងក្រពើ​”​។ លោក​បាន​បន្តថា លោកស្រី​ខូលីន​បាន​បដិសេដ រួច​បន្ត​ស្នាក់នៅ​ក្នុងនោះ​ទៀត “​បើទោះបីជា​បុគ្គលិក ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ មនុស្ស​គ្រប់គ្នា​ព្យាយាម​ប្រាប់​ឱ្យ​អ្នកកាសែត​ចេញពី​បន្ទប់​ក៏ដោយ​។ តែ​លោកស្រី​មិន​ព្រម​ចេញ​”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​ខូលីន​ត្រូវបាន​បដិសេធ​មិនឱ្យ​ចូលរួម​ព្រឹត្តិការណ៍​Rose Garden របស់លោក​ត្រាំ​ជាមួយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម