ដោយៈ យោធិន/សៀមរាបៈ ឈានចូលដល់សប្តាហ៍ទី២នៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ដណ្តើមបានជោគជ័យសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រអណត្តិទី៧ ខាងមុខនេះនាថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២៣ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាបដឹកនាំដោយលោក សែម សុវណ្ណនី សមាជិកកណ្តាលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបន្ទាយស្រី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខនិងបង្រៀនគូសសន្លឹកឆ្នោត បោះឆ្នោតសាកល្បងដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា និងហូបនំបញ្ចុកទេវតា ជាមួយបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា តាមបណ្តាឃុំទាំង៦ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ក្នុងពិធីជួបជុំនេះដែរ លោក សែម សុវណ្ណនី បានថ្លែងថាៈក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកសុខសន្តិភាពពេញលេញជូនប្រជាជននៅទូទាំងប្រទេស និងបានដឹកនាំប្រទេសប្រកបដោយការអភិវឌ្ឍគួរកក់សម្គាល់។ ជាមួយសន្តិភាពពេញលេញគ្របដណ្តប់ក្នុងផ្ទៃប្រទេសសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាបានធ្វើការផ្លាស់ប្តូរពីប្រទេសមានសង្គ្រាម មកជាប្រទេសមានសន្តិភាព ផ្លាស់ប្តូរពីជីវភាពរបស់ប្រជាជនពីភាពខ្វះខាតពីអតីតកាលឲ្យប្រែជាធូរធារសម្បូរណ៍សប្បាយ ផ្លាស់ប្តូរពីស្ថានភាពពិបាកធ្វើដំណើរ មកជាផ្លូវដែលក្រាលកៅស៊ូ និងចាក់បេតុងមានភាពរឹងមាំងាយស្រួលធ្វើដំណើរបាន២៤ម៉ោងលើ២៤ម៉ោង ធ្វើការផ្លាស់ប្តូរពីស្ថានភាពរចង្កៀងប្រេងកាតរបស់ប្រជាជន មកមានអគ្គិសនីប្រើប្រាស់គ្រប់ផ្ទះទាំងអស់ និងមានការផ្លាស់ប្តូរជាច្រើនទៀតផងដែរ។ ក្នុងឱកាសចុះមូលដ្ឋានជួបជាមួយសកម្មជនគណបក្សប្រជាជននិងប្រជាពលរដ្ឋខាងលើនេះដែរលោកសែម សុវណ្ណនី ក៏បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះនិងគូសឱ្យចំគណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី១៨ លើសន្លឹកឆ្នោត៕/R