ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃចន្ទទី១០កក្កដាបានបញ្ចេញវីដេអូមួយដោយបង្ហាញប្រមុខយោធារបស់ប្រទេសទទួលបន្ទុកសមរភូមិអ៊ុយក្រែនគឺឧត្តមសេនីយ៍ វ៉ាឡេរី ហ្សេរ៉ាស៊ីម៉ូវ(Valery Gerasimov )ជាលើកដំបូងចាប់តាំងពីមេដឹកនាំទាហានស៊ីឈ្នួលរុស្ស៊ីដឹកនាំការបះបោរទាមទារបណ្តេញរូបលោកនិងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងចំពេលសារព័ត៌មានលោកខាងលិចចុះផ្សាយថា ឧត្តមសេនីយ៍រូបនេះត្រូវប្រធានាធិបតីរុស្ស៊ីលោក ពូទីន បណ្តេញចេញពីតំណែង។
ក្នុងវីដេអូ លោកហ្សេរ៉ាស៊ីម៉ូវ ត្រូវគេឮថាកំពុងស្តាប់របាយការណ៍មួយមកពីនាយសេនាធិការកងទ័ពអាកាសរុស្ស៊ី និងសុំអោយធ្វើអោយប្រសើរឡើងក្នុងការកំណត់ទីតាំងកាំជ្រួចអ៊ុយក្រែន។
ក្នុងអំឡុងពេលបះបោរមួយដង្ហើមចង្រិតកាលពីខែមុន មេដឹកនាំក្រុមទាហានស៊ីឈ្នួលវ៉ាក់ណឺ(Wagner)បានថ្កោលទោសលោកហ្សេរ៉ាស៊ីម៉ូវ ដែលបំរើជានាយសេនាធិការកងទ័ពចំរុះរុស្ស៊ីនិងរដ្ឋមន្ត្រីការពារជាតិ សឺហ្គេ សយហ្គូ ចំពោះការមិនផ្គត់ផ្គង់គ្រាប់រំសេវដល់យុទ្ធជនរបស់លោកនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិ សឺហ្គេ សយហ្គូ (ស្តាំ)និងនាយសេនាធិការកងទ័ពរុស្ស៊ីឧត្តមសេនីយ៍ វ៉ាឡេរី ហ្សេរ៉ាស៊ីម៉ូវ
មុននេះសារព័ត៌មានល្បីអង់គ្លេសមួយបានផ្សាយថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានបណ្តេញឧត្តមសេនីយ៍កំពូលមួយរូប ទទួលមើលការខុសត្រូវសង្គ្រាមនៅអ៊ុយក្រែន នៅពេលមេដឹកនាំផ្តាច់ការរូបនេះបន្តបោសសម្អាតជម្រុះចោលមេទ័ពកំពូលៗក្រោយ មេដឹកនាំក្រុមទាហានស៊ីឈ្នួលវ៉ាក់ណឺ បះបោរប្រឆាំងពួកគេកាលពីខែមុន។
សារព័ត៌មានដេល្លីម៉េល បាននិយាយថា ឧត្តមសេនីយ៍ វ៉ាឡេរី ហ្សេរ៉ាស៊ីម៉ូវ អាយុ៦៧ឆ្នាំ ត្រូវបានបណ្តេញចេញពីមុខតំណែងនៅប្រាំមួយខែក្រោយលោកត្រូវបានតែងតាំង ហើយលោកត្រូវបានជំនួសដោយឧត្តមសេនីយ៍ មីខាអ៊ីល តេផ្លីនស្គី(Mikhail Teplinskiy)។
យោងតាមសារព័ត៌មានរុស្ស៊ីThe Moscow Times លោក ហ្សេរ៉ាស៊ីម៉ូវ នឹងនៅទទួលបន្ទុកកងកម្លាំងប្រដាប់អាវុធ ជានាយសេនាធិការកងទ័ពចំរុះ តែកិច្ចការសង្គ្រាមធ្លាក់ទៅឧត្តមសេនីយ៍តេផ្លីនស្គី អាយុ៥៤ឆ្នាំ ដែលជាមេបញ្ជាការកងទ័ពឆត្រយោងរុស្ស៊ី ។
ការបណ្តេញលោក ហ្សេរ៉ាស៊ីម៉ូវ ក៏កើតឡើងចំពេលសម្ពន្ធភាពយោធាលោកខាងលិច គឺអង្គការណាតូ នឹងបើ់កជំនួបកំពូលនៅសប្តាហ៍នេះ ដែលគេរំពឹងថាវានឹងពង្រឹងការគាំទ្ររបស់លោកខាងលិចសំរាប់អ៊ុយក្រែន និងក្រោយអាម៉េរិកសំរេចចិត្តបញ្ជូនគ្រាប់បែកចង្កោមអោយដល់អ៊ុយក្រែន៕
ហ្សេរ៉ាស៊ីម៉ូវ មិនត្រូវបានឃើញជាសាធារណៈចាប់តាំងពីមេដឹកនាំក្រុមទាហានស៊ីឈ្នួលវ៉ាក់ណឺ បះបោរប្រឆាំងលោកកាលពីខែមុន