ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សាលារៀនក្នុងទីក្រុងញូវដេល្លីត្រូវបានបង្ខំឱ្យបិទកាលពីថ្ងៃចន្ទ បន្ទាប់ពីភ្លៀងមូសុងដ៏ខ្លាំងក្លាបានវាយលុករដ្ឋធានីឥណ្ឌា ដោយការបាក់ដីនិងទឹកជំនន់ភ្លាមៗបានសម្លាប់មនុស្សយ៉ាងហោចណាស់១៥ នាក់ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។ នៅចុងភាគខាងជើង ទន្លេប៊ីស (Beas) ដែលហូរហៀរ បានទាញយករថយន្តនៅខាងក្រោមខ្សែទឹក ខណៈវាជន់លិចសង្កាត់នានា។
ជំនន់ទឹកភ្លៀងនៅឥណ្ឌាកាលពីថ្ងៃ៩កក្កដា
នៅក្នុងប្រទេសជប៉ុន ភ្លៀងធ្លាក់ខ្លាំងបានស្រោចពេញតំបន់ភាគនិរតី បណ្តាលឱ្យមានទឹកជំនន់និងការរអិលបាក់ដី ដែលបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និងយ៉ាងហោចណាស់ប្រាំមួយនាក់ទៀតបាត់ខ្លួនកាលពីថ្ងៃចន្ទ។ ទូរទស្សន៍ក្នុងស្រុកបានបង្ហាញផ្ទះរងការខូចខាតនៅក្នុងខេត្តហ្វ៊ុយគូអុកា (Fukuoka) និងទឹកភក់ពីទន្លេហូរហៀរ យ៉ាម៉ាគូនី (Yamakuni) កំពុងគំរាមកំហែងដល់ស្ពានមួយនៅក្នុងទីប្រជុំជនយ៉ាបាកី (Yabakei)។
ទីប្រជុំជនយ៉ាបាកីជន់លិចដោយសារភ្លៀងកាលពីថ្ងៃចន្ទទី១១ កក្កដា ២០២៣
នៅទីប្រជុំជនអ៊ុលស្ទើខោនធី (Ulster County) នៅជ្រលងហាត់សុន (Hudson Valley) នៃរដ្ឋញូវយ៉ក និងក្នុងរដ្ឋវើម៉ុន (Vermont) អ្នកខ្លះបាននិយាយថា ទឹកជំនន់គឺអាក្រក់បំផុតដែលពួកគេមិនដែលឃើញចាប់តាំងពីការបំផ្លិចបំផ្លាញរបស់ព្យុះកំបុតត្បូងអាយរីន (Irene) ក្នុងឆ្នាំ ២០១១។
ទោះបីជាទឹកជំនន់ដ៏បំផ្លិចបំផ្លាញនៅក្នុងប្រទេសឥណ្ឌា ជប៉ុន ចិន តួកគី និងសហរដ្ឋអាម៉េរិក អាចហាក់ដូចជាព្រឹត្តិការណ៍នៅឆ្ងាយពីគ្នាក៏ដោយ ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្របរិយាកាសនិយាយថា ពួកវាមានលក្ខណៈដូចគ្នា គឺ ព្យុះកំពុងកកើតនៅក្នុងបរិយាកាសដែលកាន់តែក្តៅ ដោយធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងញឹកញាប់ក្លាយជាការពិតហើយឥឡូវនេះ។ កម្តៅបន្ថែម ដែលអ្នកវិទ្យាសាស្ត្រព្យាករណ៍ថានឹងមកដល់នោះ នឹងធ្វើឱ្យភ្លៀងកាន់តែអាក្រក់ទៅៗ។
នោះក៏ព្រោះតែបរិយាកាសកាន់តែក្តៅគឺកាន់តែមានសំណើម ជាហេតុធ្វើឱ្យពពកទម្លាក់ភ្លៀងកាន់តែច្រើន ដែលអាចមានលទ្ធផលមហន្តរាយ។ សារធាតុពុល ជាពិសេស កាបូនឌីអុកស៊ីតនិងមេតាន កំពុងធ្វើឱ្យឡើងកម្តៅបរិយាកាស។ ជំនួសឱ្យការអនុញ្ញាតឱ្យកម្តៅភាយចេញពីផែនដីទៅក្នុងលំហអាកាស ពួកវាបានទប់កម្តៅក្នុងផែនដី។
ខណៈការប្រែប្រួលអាកាសធាតុមិនមែនជាមូលហេតុនៃពពកដែលបញ្ចេញទឹកភ្លៀងច្រើននោះ ពពកព្យុះទាំងនេះកំពុងកកើតនៅក្នុងបរិយាកាស ដែលកាន់តែក្តៅនិងសើមជាងមុន។
លោក រ៉ូដនី វីន (Rodney Wynn) អ្នកឧតុនិយមនៅសេវាអាកាសធាតុជាតិរបស់អាម៉េរិកនៅឆកសមុទ្រតាំប៉ា (Tampa Bay) បាននិយាយថា “៦៨អង្សាហ្វារិនហៃអាចរក្សាទឹកពីរដងច្រើនជាង ៥០ អង្សាហ្វារិនហៃ។ ខ្យល់ក្តៅពង្រីក ខ្យល់ត្រជាក់ពង្រួម។ អ្នកអាចចាត់ទុកវាជាបាឡុង នៅពេលដែលវាក្តៅ បរិមាណនឹងកាន់តែរីកធំ ដូច្នេះហើយ វាអាចរក្សាសំណើមបានកាន់តែច្រើន”។
សម្រាប់រាល់១អង្សាសេ ដែលស្មើនឹង ១,៨ អង្សាហ្វារិនហៃ បរិយាកាសក្តៅ វានឹងរក្សាសំណើមប្រហែល ៧% បន្ថែមទៀត។ យោងតាមអង្គការណាសា សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកបានកើនឡើងយ៉ាងហោចណាស់ ១,១ អង្សាសេ (១,៩ អង្សាហ្វារិនហៃ) ចាប់តាំងពីឆ្នាំ ១៨៨០៕
ជំនន់នៅតួកគីកាលពីថ្ងៃ១០កក្កដា