ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ដំណើរការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ រយៈពេល ១០ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១-១០ ខែកក្កដា ឆ្នាំ​២០២៣ គឺ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​អំពើហិង្សា​កើតឡើង មាន​សណ្តាប់ធ្នាប់​ល្អ និង​មិនមាន​បញ្ហា​អ្វី​កើតឡើង គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់ អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៣ ។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បានបញ្ជាក់​ថាៈ “​អំឡុងពេល នៃ​ការឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ រយៈពេល ១០​ថ្ងៃ ពីថ្ងៃ​ទី​១-១០ ខែកក្កដា មកនេះ មាន​ភាពល្អប្រសើរ គ្មាន​អំពើហិង្សា គ្មាន​ការប៉ះទង្គិច រវាង​គណបក្សនយោបាយ ដែលមាន​និន្នាការ​ខុសគ្នា ហើយក៏​ជាការ​ឃោសនា​មួយ មាន​ភាពល្អ ដែល​អាច​ចាត់ទុកបាន​ថា ជាការ​ឃោសនា​ដែលមាន​សណ្តាប់ធ្នាប់ និង​មានការ​រីករាយ ចូល​រួមទាំង​អ្នកគាំទ្រ ទាំង​គណបក្ស​នយោបាយ ហើយ​និង​អាជ្ញាធរ ដែនដី ព្រមទាំង​មន្ត្រី នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផងដែរ​”​។​

​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​បន្តថាៈ ទាក់ទង​ការឃោសនាបោះឆ្នោត រយៈពេល ១០ ថ្ងៃ មកនេះ គឺមាន​បណ្តឹង​ចំនួន​ពីរ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន ១​បណ្តឹង និង​រាជធានី​ភ្នំពេញ ចំនួន ១​បណ្តឹង ដែល​ប្តឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។ បណ្តឹង​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​បុរស​ម្នាក់ ឈ្មោះ កង សារ៉ាត់ ដែល​បាន​បង្ហោះ​ហ្វេ​ស​ប៊ុ​ក តិះ​ទៀន​ដល់​ក្បួន​ដង្ហែ របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ថ្ងៃ​ឃោសនា ហើយ​បាន​ប្រើ​វោហា​សាស្ត្រ​ប៉ះពាល់ ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ នៃ​ថ្នាក់ដឹកនាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ហើយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្តឹងទៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ ការបោះឆ្នោត​។ ហើយ​បណ្តឹង​នេះ បាន​បិទ​បញ្ចប់​ការដោះស្រាយ​រួចហើយ ដោយ​ខាង​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត បានធ្វើការ​សម្របសម្រួល ប៉ុន្តែ​សា​ម៉ី​ដើមបណ្តឹង មិនមាន​ការយល់ស្រប​ទេ​។ ហើយ​ការដាក់​បណ្តឹង​តម​កទៀត ក៏​មិនឃើញ​បន្ត ជា​នីតិវិធី បានបញ្ចប់​នៅ​បណ្តឹង​នេះហើយ​។ បណ្តឹង​មួយ​ករណី​ទៀត តំណាង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រាជធានី​ភ្នំពេញ បាន​ប្តឹង​ករណី​ជន​មិន​ស្គាល់មុខ​ម្នាក់ បាន​យក​រូប​សញ្ញា​របស់​គណ​បក្ស​ប្រជាធិបតេយ្យ ទៅ​បិទ​លើ​រូបថត​ថ្នាក់ដឹកនាំ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ បណ្តឹង​នេះ មានការ​ស៊ើបអង្កេត ដើម្បី​ស្វែងរក ប៉ុន្តែ​មិនទាន់បាន​រកឃើញថា អ្នកណា​ជា​អ្នក​បិទ​នោះដែរ​។ ហើយ​បណ្តឹង​នេះ មិនមាន​បន្ត​មកដល់ គ​.​ជ​.​ប នោះទេ​។ ហើយ​បណ្តឹង​ទាំងពីរ ត្រូវបាន​ផុតរលត់​រួចរាល់ ហើយ​ដែរ​។​

​សូមជម្រាបថា ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ មាន​រយៈពេល ២១ ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២៣​។ ហើយ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ខាងមុខនេះ គឺជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ដោយមាន​គណបក្សនយោបាយ ចំនួន ១៨ បាន​ចូលរួម​ប្រកួតប្រជែង​៕/V​