ប្រមុខ​ការពារជាតិ​-​មន្ត្រីជាន់ខ្ពស់​ប្រតិកម្ម​តប​ចំពោះ​ការស្នើ​ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​កម្ពុជា​

1083
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា និង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល បានធ្វើការ​ឆ្លើយតប​ចំពោះ​រដ្ឋសភា​អាមេរិក ដែល​បានអនុម័ត​ច្បាប់​មួយ​ស្នើ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ថ្នាក់ដឹកនាំ​កំពូលរ​កម្ពុជា និង​មន្ដ្រីជាន់ខ្ពស់​កម្ពុជា ចំនួន​១៦​រូប ដោយ​បង្កក​ទ្រព្យសម្បត្តិ និង​ហាម​មិន​ឲ្យ​ចេញចូល​ទឹកដី​អាមេរិក​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ (​រូប​: មុនី​រ័ត្ន​)

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៦ ខែកក្កដា ថា រឿងនេះ គឺមាន​មន្ត្រី​មួយចំនួន​របស់​សហរ​ដ្ឋ​អាមេរិក គឺ​គេ​រក​វិធី​គ្រប់បែបយ៉ាង​ទាំងអស់ ដើម្បី​កំចាត់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជា​យូរយា​ណាស់​មកហើយ មិនមែន​ទើបតែ​ពេលនេះ​ទេ ដូច្នេះ​វា​មិនមាន​អ្វី​ចម្លែក​ទេ ហើយ​ជា​រឿង​ដដែលៗ​ទេ ពីព្រោះ​កាលពី​ប្រធានាធិបតី​មុន​ក៏​ចឹ​ង ហើយ​ឥឡូវ​ប្រធានាធិបតី​ឥឡូវ​ក៏​ចឹ​ង គឺ​គេ​រក​វិធី​ធ្វើយ៉ាងណា​។​

​សម្តេច​ពិជ័យ​សេនា បាន​បញ្ជាក់ថា “​អត់​បញ្ហា​ទេ រឿងនេះ​ជា​រឿង​ធម្មតា​របស់គេ​ទេ គេ​ប្រើប្រាស់​មនុស្ស​ដើម្បី​ឲ្យ​មក​ផ្តួលរំលំ​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​ជោគជ័យ គេ​ក៏​នៅតែ​ប្រើ​គ្រប់​វិធី​ទាំងអស់​ដើម្បី​ធ្វើ​ឲ្យ​បានសម្រេច​”​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្ដីទី​កងយោធពល​ខេមរភូមិន្ទ (​រូប​: ខ្លីៗ​)

ចំណែក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្តីទី​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ដែរ​ថា សហរដ្ឋអាមេរិក​ជា​ប្រទេស​មហាអំណាច​មាន​អ្នកចេះដឹង​ដល់​អ្នក​ប្រាជ្ញា និង​ជា​ប្រទេស​ស៊ី​វិ​ល័យ​ខាង​សិទ្ធិមនុស្ស សេដ្ឋកិច្ច យោធា គឺ​គាត់​លើ​គេ ប៉ុន្តែ​គាត់​ឲ្យ​គេ​បញ្ជោត​បាន​។ ហើយ​បើសិនណា​ជា​អាមេរិក​ចង់​ដាក់ទណ្ឌកម្ម គឺជា​សិទ្ធិ​របស់គាត់ ហើយ​កុំ​ភ្ល​ច​ថា កម្ពុជា​ក៏​ជា​ប្រទេសជាតិ​មួយ​ដែរ ហើយ​ច្បាប់​កម្ពុជា​តម្រូវ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ត្រូវតែ​គោរព​ច្បាប់​។ ដោយ​លោក​បញ្ជាក់ថា “​អាមេរិកកាំង​ចង់​ដើរ​ដាក់ទណ្ឌកម្ម​អ្នកណា ចង់​វ៉ៃ​ពី​ណា​ជា​សិទ្ធិ​អាមេរិក ព្រោះ​អាមេរិក​ធ្លាប់​បានធ្វើ​ហ្នឹង​! ប៉ុន្តែ​កុំភ្លេចថា កម្ពុជា​ក៏​ជា​មនុស្ស​ដែរ ។ ប៉ុន្តែ​ទោះយ៉ាងណា​គួរតែ​ស្រាវជ្រាវ គិត​ឲ្យ​បាន​ហ្មត់ចត់​។ …​ហើយ​ខ្ញុំ​សោកស្តាយ​បើ​រឿង​នឹង​វា​កើតឡើង មិនគួរណា​ប្រទេស​ធំ​មួយ មាន​អ្នកចេះដឹង​ច្រើន​នៅ​ល្ងង់​ទៅ​ឲ្យ​គេ​បោក​បាន​។ ហើយ​ខ្ញុំ​មិនមាន​សិទ្ធិ​អ្វី​ទៅ​ហាម​អាមេរិក​មិន​ឲ្យ​ដាក់ទណ្ឌកម្ម មិន​ឲ្យ​ធ្វើ​អ្វី​ទេ ជា​រឿង​របស់​អាមេរិក ជា​សិទ្ធិ​របស់​អាមេរិក​”​។​

លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​

​រីឯ​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងប្រាប់​ខ្លីៗ​ថា វា​ជា​សិទ្ធិ​របស់​សហរដ្ឋអាមេរិក​ក្នុង​ការធ្វើ​ច្បាប់​ណាមួយ ដែល​អាមេរិក​តែងតែ​ធ្វើ​បំពាន​ទៅលើ​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​ប្រទេស​នានា​នៅលើ​ពិភពលោក រួមទាំង​កម្ពុជា​ផង​។ ប៉ុន្តែ​ទោះបីជា​សិទ្ធិ​របស់គាត់​យ៉ាងណាក៏ដោយ វា​មិនមាន​វិសាលភាព​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​ឯករាជ្យភាព អធិបតេយ្យ​ជាតិ​របស់​កម្ពុជា​ទេ​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន បាន​បញ្ជាក់ថា “​សហរដ្ឋអាមេរិក​គាត់​ធ្វើ​មិន​យល់​អំពី​ការពិត​នៅ​កម្ពុជា ហេតុនេះ​បានជា​វា​កើត​ឡើងលើ​បញ្ហា​នេះ ដោយសារ​មាន​ច​រិ​ក​លម្អៀង​ខាង​នយោបាយ និង​មនោគមន៍វិជ្ជា​។ ហើយ​គាត់​ដាក់ទណ្ឌកម្ម​យ៉ាងម៉េច​ក៏​វា​អត់​ប្រសិទ្ធភាព​ដែរ ទី​១.​ហាម​មិន​ឲ្យ​មន្ត្រីជាន់ខ្ពស់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ឬ​រាជរដ្ឋាភិបាល​ទៅ​អាមេរិក បាន​អី​មាន​ប្រសិទ្ធភាព ព្រោះ​គេ​អត់​ចង់ទៅ​ផង ចង់​រឹបអូស​ទ្រព្យសម្បត្តិ បាន​អី​រឹបអូស ព្រោះ​អត់​មានទ្រព្យ​សម្បត្តិ​ឲ្យ​រឹប​អុស​ផង បាន​អី​រឹបអូស​លុយ​ព្រោះ​អត់​មាន​លុយ​ឲ្យ​រឹបអូស​ផង អញ្ចឹង​បើទោះបី​មានច្បាប់​ដាក់​ទម្ងន់​ប៉ុណ្ណា​ក៏​វា​អត់​ប្រយោជន៍​ដែរ​”​។​

លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​

​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា ការស្នើ​នៅក្នុង​ច្បាប់​ដែល​កំពុងតែ​រៀបចំ​នៅក្នុង​ការសម្រេច​សមាជិក​សភា​សហ​ហរ​ដ្ឋ​អាមេរិក គ្រាន់តែ​ជា​ប្រតិកម្ម នៃ​ក្រុម​ប្រឆាំងនឹង​គណបក្ស​ប្រជាជន​កម្ពុជា ប្រឆាំងនឹង​វិ​រៈ​បុរស​របស់​ប្រជាជន​កម្ពុជា ក៏ដូចជា​ការប្រឆាំង​និង​កម្ពុជា​តែប៉ុណ្ណោះ​។ ការធ្វើ​ច្បាប់​ប្រឆាំង​វីរៈជន​របស់​កម្ពុជា គឺ​ប្រឆាំងនឹង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​។

​សូមជម្រាបថា សេចក្ដីព្រាងច្បាប់​មួយ​ឈ្មោះថា Cambodia Democracy Act of 2018 ត្រូវបាន​សមាជិក​រដ្ឋ​សភា​អាមេរិក អនុម័ត​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​។ សេចក្ដីព្រាងច្បាប់​នោះ បានស្នើ​ឲ្យ​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ ដាក់ទណ្ឌកម្ម​លើ​ថ្នាក់ដឹកនាំ​កម្ពុជា និង​មន្ដ្រីជាន់ខ្ពស់​កម្ពុជា ១៦​រូប​ផ្សេងទៀត​៕ ល​