ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VnExpress) ៖ វៀតណាម​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា​ក្នុង​ចំណោម​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន​ជិត ៥០% នៃ​ចំនួន​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​និង​វៀតណាម​ក្នុង​រយៈពេល​ប្រាំ​ខែ​ដំបូង​នៃ​ឆ្នាំ ២០២៣​។​

​ក្នុង​រយៈពេល​ប្រាំ​ខែ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​ដល់ ២,៨ ពាន់​លាន​ដុល្លារ គឺ​កើនឡើង​ជិត ៣% ធៀប​នឹង​ឆ្នាំមុន​។ ក្រសួង​ពាណិជ្ជកម្ម​កម្ពុ​ជា​បានឱ្យដឹងថា កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ​ប្រមាណ ១,៣ ពាន់​លាន​ដុល្លារ​ទៅ​កាន់​ប្រទេស​ក្បែរ​ខាង​ភាគខាងត្បូង​របស់ខ្លួន​និង​នាំចូល​ទំនិញ​សរុប​ជាង ១,៥ ពាន់​លាន​ដុល្លារ​ពី​ប្រទេស​វៀតណាម​។​

​ជាមួយ​នឹង​កំណើន​ពាណិជ្ជកម្ម​ជា​វិជ្ជមាន​បែបនេះ វៀតណាម​មិន​ត្រឹមតែ​ជា​ប្រទេស​ធំ​ជាងគេ​ក្នុង​អាស៊ាន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជាប់​ចំណាត់ថ្នាក់​ទី​៣ ក្នុងចំណោម​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់​របស់​កម្ពុជា​ទៀតផង បន្ទាប់​ពី​ចិន​និង​សហរដ្ឋ​អាម៉េរិក​ក្នុង​អំឡុងពេល​នោះ​។​

​កំណើន​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម​ត្រូវបាន​ជំរុញ​ជា​ចម្បង​ដោយ​ការនាំ​ចេញ​កសិផល​កាន់តែ​ខ្ពស់ ដោយសារ​ការកើនឡើង​នៃ​ការប្រមូល​ផល​។ ការនាំ​ចេញ​សំខាន់ៗ​របស់​កម្ពុជា​រួមមាន អង្ករ កៅស៊ូ ស្វាយចន្ទី ដំឡូង​មី ពោត ចេក ស្វាយ ថ្នាំជក់ និង ធនធានធម្មជាតិ​។​

​ទន្ទឹមនឹងនោះ ការនាំ​ចូល​សំខាន់ៗ​ពី​ប្រទេស​វៀតណាម រួមមាន សម្ភារៈ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍​អគ្គិសនី​និង​អេឡិចត្រូនិច ជី គ្រឿងទេស បន្លែ និង ផ្លែឈើ​។​

​ចំណូល​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​ជា​បន្តបន្ទាប់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​កើន​ជា​មធ្យម​ប្រចាំឆ្នាំ ១៨,៥% ក្នុង​អំឡុង​ឆ្នាំ ២០១០-២០១៥ និង​លើសពី ២១% ក្នុង​អំឡុង​ឆ្នាំ ២០១៥- ២០២០​។​

​ចំពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ វៀតណាម​ក៏​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​មួយ​ក្នុងចំណោម​ដៃគូ​ពាណិជ្ជកម្ម​កំពូល​ទាំង​បី​របស់​កម្ពុជា​ផងដែរ ដោយ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើន​ឡើង​ជាង ៧៩% ពី​ឆ្នាំ ២០២០ រហូតដល់ ៩,៥៤ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១​។ ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានបង្ហាញ​កាលពី​ឆ្នាំ​មុន​ថា ក្នុង​ឆ្នាំ ២០២២ តួលេខ​នេះ​មាន​ចំនួន ១០,៥៧ ពាន់​លាន​ដុល្លារ គឺ​កើនឡើង​ជិត ១១%៕

​កុងតឺន័រ​នៅ​ស្ថានីយ​តាន់ កាង ខៃ ម៉េប (Tan Cang Cai Mep) ក្នុង​ខេត្ត​បារៀ​វុង​តៅ