ប្រធាន​គ​.​ជ​.​ប. ចេញ​សេចក្តីអំពាវនាវ ឲ្យ​រក្សា​ភាពស្ងប់ស្ងាត់ នៅ​ថ្ងៃ​ស និង​ថ្ងៃ​បោះឆ្នោត​

1119
ចែករម្លែក

ដោយ​: ម៉េង​ឆៃ​/​ភ្នំពេញ​: លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត( គ​.​ជ​.​ប.) បានចេញ​សេចក្តីអំពាវនាវ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ឲ្យ​រក្សា​ភាពស្ងប់ស្ងាត់​នៅ​ថ្ងៃ​ស និង​ថ្ងៃ​បោះឆ្នោត​។ យោង​មាត្រា ៧២ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សកម្មភាព​ឃោសនាបោះឆ្នោត ត្រូវ​បញ្ឈប់ ២៤ ម៉ោង មុន​ថ្ងៃ​បោះឆ្នោត​។

​ក្នុង​លិខិត លោក ស៊ិ​ក ប៊ុន​ហុក លើកឡើងថា “​គ​.​ជ​.​ប. សូម​អំពាវនាវ​ដល់​គ្រប់​គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារ​គណបក្សនយោបាយ អ្នកគាំទ្រ​គណបក្សនយោបាយ រួម​នឹង​អ្នកគ្រប់គ្រង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ប្រភេទ ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ចាប់ពី​ម៉ោង ១២:០០ យប់ ថ្ងៃទី​២៧ រហូតដល់​ម៉ោង ១២:០០ យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨”​។​

​លោក ស៊ិ​ក ប៊ុន​ហុក បានលើកឡើង​បន្ថែម​ក្នុង​លិខិត​ថា “​គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារ​គណបក្ស​នយោបាយ អ្នកគាំទ្រ​គណបក្សនយោបាយ រួម​នឹង​អ្នកគ្រប់គ្រង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ប្រភេទ ត្រូវ​នាំគ្នា​ចូលរួម​គោរព​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ រួម​នឹង​ក្រមសីលធម៌ សម្រាប់​ការបោះឆ្នោត​”​។​

​ជាមួយគ្នានេះ លោក ស៊ិ​ក ប៊ុន​ហុក លើកឡើងថា “​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​ទទួលខុស​ត្រូវកា​រងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​វិស័យ​ការងារ​ឯទៀត ត្រូវ​ផ្តល់​កិច្ចសហប្រតិបត្តិការ​ដ​ល់ គ​.​ជ​.​ប. និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត គ្រប់លំដាប់​ថ្នាក់ ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ទប់ស្កាត់​នូវ​រាល់​សកម្មភាព និង​បាតុភាព​ទាំងឡាយ ដែល​មានបំណង​បំផ្លាញ​ការបោះឆ្នោត តាមរយៈ​ការ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទុច្ចរិត រារាំង​ប្រជាពលរដ្ឋ មិន​ឲ្យ​ទៅ​បោះឆ្នោត ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត បង្ក​ការរំខាន​មិន​ឲ្យ​ដំណើរការ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​បាន​”​។​

​លោក ស៊ិ​ក ប៊ុន​ហុក បន្ថែមថា “​គ​.​ជ​.​ប. នឹងមាន​វិធានការ​យ៉ាង​ម៉ឹងម៉ាត់ ចំពោះ​សកម្មភាព​ទាំងឡាយណា ដែល​រំលោភ​លើ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បទបញ្ជា និង​នីតិវិធី រប​ស់គ​.​ជ​.​ប.​។ គ​.​ជ​.​ប. សង្ឃឹម និង​ជឿជាក់ថា គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារ​គណបក្សនយោបាយ អ្នកគាំទ្រ​គណបក្ស​នយោបាយ រួម​នឹង​អ្នកគ្រប់គ្រង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ប្រភេទ នឹង​អនុវត្តតាម​ការអំពាវនាវ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​”៕សរន