ប្រែសម្រួល : កញ្ញាដាលីស (VnExpress) ៖ អ្នកគាំទ្រហ្វីលីពីនរាប់ពាន់នាក់បានចូលរួមការប្រគំតន្ត្រីមានលក្ខណៈស្រដៀងការប្រគុំតន្ត្រីរបស់តារាចម្រៀង ថាយល័រ ស្វីហ្វ (Taylor Swift) នៅពេលដែលតារាចម្រៀងក្លែងក្លាយ ថាយល័រ ស៊ីស (Taylor Sheesh) ឡើងអង្រួនឆាកនៅមជ្ឈមណ្ឌលលក់ទំនិញក្នុងទីក្រុងម៉ានីល។
ស្លៀកពាក់រ៉ូបពណ៌មាសនិងពាក់សក់ក្លែងក្លាយពណ៌ទង់ដែងប្រចាំត្រកូលរបស់ ថាយល័រ ស្វីហ្វ នាងស៊ីសបានធ្វើត្រាប់តាមក្បាច់រាំរបស់នាងស្វីហ្វនិងធ្វើបបូរមាត់ច្រៀងតាមបទរបស់តារាចម្រៀងអាម៉េរិកក្នុងអាល់ប៊ុម “Speak Now” ឆ្នាំ ២០១០ ដែលធ្វើឱ្យអ្នកគាំទ្ររាប់ពាន់នាក់ស្រែកច្រៀងតាម នេះបើយោងតាមវេបសាយ Strait Times ផ្សាយកាលពីថ្ងៃអាទិត្យ។
ការសម្តែងនេះគឺជាព្រឹត្តិការណ៍អបអរសាទរការចេញផ្សាយកំណែថតឡើងវិញនៃអាល់ប៊ុម “Speak Now” របស់ស្វីហ្វ ហើយអ្នកគាំទ្រជាច្រើនបាននិយាយថា ពួកគេបានតម្រង់ជួរអស់រយៈពេល ៤ ម៉ោងដើម្បីតែចាំមើលនាងស៊ីសសម្តែង។
ស៊ីសបាននិយាយនៅខាងក្រោយឆាកថា “នាង [ថាយល័រ] មានប្រជាប្រិយភាពខ្លាំងណាស់នៅទីនេះ [ហ្វីលីពីន]។ យើងទាំងអស់គ្នាដឹងថា [សម្រាប់] គ្រប់ស្ថានភាព តែងតែមានបទចម្រៀងរបស់ ថាយល័រ ស្វីហ្វ”។
ស៊ីស ដែលជាបុគ្គលិកមជ្ឈមណ្ឌលហៅទូរស័ព្ទមានឈ្មោះពិតថា ម៉ាក ខូរ៉ូនែល (Mac Coronel) បានចាប់ផ្តើមធ្វើជាថាយល័រ ស្វីហ្វក្លែងក្លាយក្នុងឆ្នាំ ២០១៧ ហើយទទួលបានប្រជាប្រិយភាពបន្ទាប់ពីវីដេអូនៃការធ្វើត្រាប់តាមស្វីហ្វល្បីខ្លាំងកាលពីខែឧសភា។
ទន្ទឹមនឹងនេះដែរ នាងស្វីហ្វកំពុងរៀបចំកម្មវិធី “The Eras Tour” របស់នាងជាបន្ត ដោយសិង្ហបុរីជាប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ក្នុងដំណើរតន្ត្រីទេសចរណ៍នេះ គិតត្រឹមថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣៕
ថាយល័រ ស៊ីស ច្រៀងកក្រើកហ្វីលីពីនកាលពីថ្ងៃអាទិត្យ