​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យោធា​អ៊ុយ​ក្រែន​បាន​និយាយថា រុស្ស៊ី​បាន​បង្ហោះ​ដ្រូ​ន​អត្តឃាត​ចំនួន​២៨ គ្រឿង​នៅ​លើ​ទីក្រុង​កំពង់ផែ​ភាគខាងត្បូង អូ​ដេសា (Odesa) និង ទីក្រុង​គៀវ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ​នេះ គឺ​តែ​ប៉ុន្មាន​ម៉ោង​មុនពេល​ចាប់ផ្តើម​កិច្ចប្រជុំ​កំពូល​ណា​តូ​នៅ​ប្រទេស​លី​ទុយ​អា​នី ដែល​នឹង​ផ្តោត​លើ​វិធី​ដោះស្រាយ​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​ពី​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​

​កងទ័ពអាកាស​អ៊ុយ​ក្រែន​បាន​និយាយថា ប្រព័ន្ធ​ការពារ​ដែនអាកាស​បាន​បាញ់​ទម្លាក់ដ្រូន Shahed ផលិត​ដោយ​អ៊ីរ៉ង់​ចំនួន ២៦ គ្រឿង ដែល​រុស្ស៊ី​បាន​បង្ហោះ​។ អភិបាល​តំបន់​បាន​និយាយថា នៅលើ​ទីក្រុង​អូ​ដេសា ដ្រូ​ន ២២ គ្រឿង​ត្រូវបាន​បាញ់​ធ្លាក់ ហើយ​ដ្រូ​ន​ពីរ​គ្រឿង​បាន​បុក​អគារ​រដ្ឋបាល​ក្នុង​កំពង់ផែ​។​

​អភិបាលក្រុង​អូ​ដេសា លោក អូ​ឡេ គី​ភើ (Oleh Kiper) បាន​និយាយ​នៅ​លើ​កម្មវិធី​ផ្ញើ​សារ Telegram ថា គ្រាប់​ធញ្ញជាតិ​និង​ស្ថានីយ​មួយទៀត​នៅ​ជិត​កំពង់ផែ​អូដេ​សាបាន​ឆាបឆេះ ដែល​ត្រូវ​បាន​ពន្លត់​យ៉ាង​រហ័ស មិន​បណ្តាល​ឱ្យ​មាន “​ការខូចខាត​ធ្ងន់ធ្ងរ​” ឬ​មាន​អ្នក​របួស​នោះ​ទេ​។​

​យោធា​បាន​និយាយថា ដ្រូ​ន​ទាំងអស់ ដែល​បញ្ជូន​ទៅ​កាន់​ទីក្រុង​គៀវ ត្រូវ​បាន​ស្ទាក់ចាប់ ប៉ុន្តែ​កម្ទេចកម្ទី​បាន​បំផ្លាញ​ផ្ទះ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​។​

​លោក សឺ​ហ៊ី ប៉ុប​កូ (Serhiy Popko) ប្រធាន​រដ្ឋបាល​យោធា​របស់​ទីក្រុង​គៀវ បាន​និយាយ​នៅក្នុង​សារ​បង្ហោះ​នៅលើ​បណ្តាញ Telegram ថា “​សត្រូវ​បាន​វាយប្រហារ​ទីក្រុង​គៀវ​ពីលើ​អាកាស​ជា​លើក​ទី​ពីរ​ក្នុង​ខែ​នេះ​”​។​

​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​វី​ល​នៀ​ស (Vilnius) ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​នេះ នឹង​ត្រូវ​គ្របដណ្តប់​ដោយ​ផលប៉ះពាល់​នៃ​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន ដោយ​ក្រុម​មេដឹកនាំ​គ្រោង​នឹង​អនុម័ត​ផែនការ​គ្រប់​ជ្រុងជ្រោយ​លើកដំបូង​របស់​អង្គការ​ណា​តូ​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាមត្រជាក់ ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​ណាមួយ​ពី​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​

​រុស្ស៊ី​បាន​រិះគន់​ខ្លាំងៗ​លើ​សម្ពន្ធមិត្ត​និង​មហាអំណាច​ដឹកនាំ​សម្ពន្ធមិត្ត​នេះ គឺ​សហរដ្ឋ​អាម៉េរិក​ជុំវិញ​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​អ៊ុ​យក្រែន ហើយ​បាន​ព្រមាន​ថា សមាជិកភាព​ដ៏​មាន​សក្តានុពល​របស់​រដ្ឋាភិបាល​ក្រុង​គៀវ​ក្នុង​អង្គការ​ណា​តូ នឹង​ត្រូវ​បាន​ឆ្លើយតប​ជាមួយ​នឹង​ប្រតិកម្ម “​ច្បាស់លាស់​និង​រឹងមាំ​”​។​

​ការឈ្លានពាន​របស់​រុស្ស៊ី​មកលើ​ប្រទេស​ជិតខាង​របស់​ខ្លួន ដែល​ឥឡូវ​ឈាន​ដល់​ថ្ងៃទី ៥០៣ និង​គ្មាន​សញ្ញា​នៃ​ទីបញ្ចប់ បាន​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់ ផ្លាស់​ទី​មនុស្ស​រាប់លាន​នាក់ និង ប្រែក្លាយ​ទីក្រុង​ជាច្រើន​នៅ​ភាគ​ខាងកើត​និង​ខាងត្បូង​របស់​អ៊ុយ​ក្រែ​នទៅ​ជាគំ​នរបា​ក់​បែក​៕

ដ្រូ​ន​សឹង​ទាំងអស់​របស់​រុស្ស៊ី​ត្រូវបាន​បាញ់​ទម្លាក់​

​អ៊ុយ​ក្រែ​ននិយាយថា ទាហាន​របស់​ខ្លួន​រុលទៅមុខ​នៅ​ទិស​ខាងត្បូង​និង​ខាងកើត ក្បែរ​ក្រុង​បា​ឃ្មុត​