ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែល មានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងកុំជឿតាមការឃោសនា​របស់ជនអគតិមួយចំនួនតូចដែលបានកំពុងតែធ្វើយុទ្ធនាការបំផុសឱ្យប្រជាពលរដ្ឋទៅគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃ​បោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតក្លាយជាសន្លឹកឆ្នោតមិនបានការ។

លោកញឹក ប៊ុនឆៃ បានអំពាវនាវយ៉ាងដូច្នេះថា “គណបក្សខ្មែររួបរួមជាតិ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ទូទាំងប្រទេស​សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាឱ្យបានច្រើនកុះករ។ ទៅបោះឆ្នោតទៅតាមបំណងប្រាថ្នារបស់បងប្អូនប្រជាពលរដ្ឋយល់​ឃើញថា គណបក្សណាមួយដែលបងប្អូនជឿទុកចិត្ត ស្រឡាញ់ បោះឆ្នោតគាំទ្រ។ ពិសេសបងប្អូនទៅបោះឆ្នោតក៏ដូចជាការគាំទ្រឱ្យ​អនុវត្តលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជារបស់យើងបន្តរស់រវើកជាបន្តទៅទៀត នេះគឺជាចំណុចដែលមានសារៈសំខាន់”។

ជាមួយគ្នានេះ លោកញឹក ប៊ុនឆៃ សូមកុំឱ្យប្រជាពលរដ្ឋជឿតាមការឃោសនាអកុសលរបស់ក្រុមជនអគតិមួយចំនួនតូចមិនឱ្យ​ប្រជាពលរដ្ឋ​ទៅបោះឆ្នោត ឬក៏ឃោសនាឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតរួចគូសបំផ្លាញសន្លឹកឆ្នោត។ ពីព្រោះនេះ គឺជាបញ្ហាអាយុជីវិតរបស់​ប្រទេស​ជាតិ ហើយការបោះឆ្នោត៥ឆ្នាំម្តង ហើយបើប្រជាពលរដ្ឋមិនសម្រេចចិត្តដើម្បីផលប្រយោជន៍របស់បងប្អូនដោយផ្ទាល់ទេ គឺថានឹងបាត់បង់​ឱកាសរយៈពេល ៥ឆ្នាំ។

ចំណែកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់នៅថ្ងៃទី១១ខែកក្កដានេះដែរថា ថ្ងៃបោះឆ្នោតកាន់តែខិត​ជិត​មកដល់ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្តាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់ពួកគាត់ក្លាយជា​សន្លឹកឆ្នោត​មិនបានការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។ អ្នកណែនាំ បែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។
គ.ជ.ប បានបញ្ជាក់ថា មាត្រា ១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចែងថាត្រូវផាក​ពិន័យ​ជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត ៖ ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូច​សន្លឹកឆ្នោត។ ធ្វើឱ្យបាត់​ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។

ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាព​របស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ផ្ទុយទៅវិញ គ.ជ.ប សូមអំពាវនាវសូមប្រជាពលរដ្ឋកុំចាញ់បោកទង្វើទុច្ចរិតរបស់ជនអគតិមួយចំនួន ដែលមានចេតនាបំផ្លាញលទ្ធិ​ប្រជាធិបតេយ្យ បំផ្លាញសិទ្ធិបងប្អូន និងនាំបងប្អូនឱ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់។
គ.ជ.ប សូមអំពាវនាវប្រជាពលរដ្ឋដែលមាន​ឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ទាំងអស់ មេត្តាត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរ(អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត(ឯ.អ) ដើម្បីចូលរួមបោះឆ្នោត​នៅថ្ងៃបោះឆ្នោត គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានេះ គ.ជ.ប សូមលើកទឹកចិត្តម្ចាស់ឆ្នោត សូមគូសសញ្ញាធិក (√) គាំទ្រគណបក្សនយោបាយ ដែលខ្លួនស្រឡាញ់ពេញចិត្ត ហើយការចូលរួមគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដូចដែលប្រជាពលរដ្ឋកម្ពុជា ធ្លាប់មានបទពិសោធន៍បោះឆ្នោតជាច្រើនលើក ច្រើនសារួចមកហើយ។

សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២៣។ចំណែកការបោះឆ្នោតនឹងប្រព្រឹត្តិទៅថ្ងៃអាទិត្យទី ២៣ ខែកក្កដា ដោយមានគណបក្សនយោបាយចំនួន១៨
ចូលរួម៕សរន