ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ថ្ងៃទី១២ កក្កដានេះ ការប្រកួតកីឡាទាញព្រ័ត្រ ចាប់ផ្ដើមហើយៗ នឹងបញ្ចប់នៅថ្ងៃទី១៥ កក្កដា។
មានក្លិបចំនួន ១២ ចូលរួម ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ដែលរួមមានចំនួន ៣៨ ក្រុម មាន កីឡាករ ចូលរួមចំនួន ១៣៣ នាក់ និងកីឡាការិនី ចំនួន ៧២ នាក់។ វិញ្ញាសាចំនួន៤ ត្រូវដាក់ឲ្យប្រកួត ដែលរួមមាន វិញ្ញាសា ៨នាក់ទល់៨នាក់ បុរស ក្នុងប្រភេទទម្ងន់ ៦០០ គីឡូក្រាម។ វិញ្ញាសា ៨នាក់ទល់៨នាក់នារី ទម្ងន់ ៥០០ គីឡូក្រាម។ វិញ្ញាសា ៤នាក់ទល់៤នាក់បុរស លើប្រភេទទម្ងន់ ៣០០ គីឡូក្រាម និងវិញ្ញាសា ៤នាក់ទល់ ៤នាក់នារី លើប្រភេទទម្ងន់ ២៥០ គីឡូក្រាម។
ចំពោះលក្ខខ័ណ្ឌ នៃការប្រកួតគឺកីឡាករ កីឡាការិនីម្នាក់ៗ អាចលេងបានតែ ២ វិញ្ញាសា ប៉ុណ្ណោះ។ កីឡាករ កីឡាការិនី រូបណា ដែលបានចុះឈ្មោះលេងឲ្យ ក្រុមណាមួយ ហើយនោះ ត្រូវតែលេងឲ្យក្រុមនោះ។ កីឡាករ កីឡាការិនី ត្រូវតែមានឯកសណ្ឋាន ជាអ្នកកីឡា។
ចំពោះរូបមន្ដ នៃការប្រកួតអនុវត្តន៍ តាមរូបមន្ដវិលជុំ និងជម្រុះអាស្រ័យទៅលើការចុះ ឈ្មោះចូលរួមប្រកួតជាក់ស្ដែង។ វគ្គវិលជុំ អនុវត្តន៍ការប្រកួត ២ដង ហើយប្រសិនបើក្រុម ណាឈ្នះ ២ដងជាប់គ្នា ត្រូវបាន ៣ពិន្ទុ តែបើឈ្នះម្ដងម្នាក់ ត្រូវបាន១ពិន្ទុដូចគ្នា។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺត្រូវប្រកួត ៣ដង។ ប្រសិនបើក្រុមណា ឈ្នះ២ដងជាប់គ្នា ការប្រកួតអនុវត្តន៍ ២ដងប៉ុណ្ណោះ គឺឲ្យក្រុមនោះ ជាអ្នកឈ្នះ តែបើឈ្នះម្ដងម្នាក់ ត្រូវតែមានការប្រកួត ជាលើកទី៣ ដែលជាការកំណត់រកចាញ់ ឈ្នះ៕/V/R