មូលហេតុ​និង​បញ្ញត្តិ​នានា​ជុំវិញ​ការចូល​វស្សា​

3214
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ពាក្យ​ថា​ចូល​វស្សា បានសេចក្តីថា រដូវវស្សា​បាន​ចូលមក​ដល់​ហើយ ។ ចូល​វស្សា មិនមែនជា ពិធីបុណ្យ​ទេ ប៉ុន្តែ​ជា​កាតព្វកិច្ច​ដែល​មានចែង​ក្នុង​វិន័យ​ហើយ​ត្រូវអនុវត្ត​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​វស្សា​ន្ត​រដូវ​ដែលជា​រដូវភ្លៀង​ធ្លាក់​ជោគជាំ ។

​ជា​ប្រពៃណី នៅ​វស្សា​ន្ត​រដូវ គឺ​រដូវភ្លៀង​ធ្លាក់​នោះ ប្រជាពលរដ្ឋ​តែងតែ​បង្កើត​បង្កើន​ភោគផល​ដំណាំ​ផ្សេងៗ មាន​ស្រូវ​ជាដើម ។ នៅក្នុង​កំពុង​វិន័យ​បិដក ភាព ២ លេខ ៧ បាន​ដំណាល​ថា មាន​ពួក​មហាជន ដែលជា​អ្នក​នៅក្នុង​ពុទ្ធសាសនា​ខ្លះ អ្នក​នៅក្រៅ​ពុទ្ធសាសនា​ខ្លះ បាន​រិះគន់ និង មិន​សប្បាយចិត្ត​ចំពោះ​ភិក្ខុសង្ឃ​ក្នុង​ពុទ្ធសាសនា ថា បាន​និមន្ត​ទៅ​ជាន់​ដំណាំ​ដាំ​ដុះ និង ជាន់​ដាច់​ភ្លឺស្រែ​ជាដើម​របស់​អ្នកស្រុក ហើយ​ពេលខ្លះ​ថែមទាំង​និមន្ត​ទោះ​ជាន់​សត្វល្អិត​តូចតាច​ទៀតផង ។

​ទទួលបាន​ការរិះគន់​នេះ ព្រះសម្មាសម្ពុទ្ធ​បាន​ពិចារណា​ថា ការលើកឡើង​របស់​ម​ហា​ជន​ទាំងនោះ​មិនមែន​ថា​គ្មាន​ហេតុផល​ឡើយ ។ ម្យ៉ាងទៀត​នៅ​រដូវវស្សា សូម្បីតែ​សត្វ​បក្សាបក្សី​ក៏​នាំគ្នា​កាច់​សំបុក​ធ្វើ​ទ្រនុំ​សម្រាប់​ជ្រកកោន​ដែរ ដូច្នេះ​ភិក្ខុសង្ឃ​ក្នុង​ពុទ្ធសាសនា គប្បី​មាន​កន្លែង​ណា​ជាក់លាក់​មួយ​សម្រាប់​សំចត​នៅ​រដូវភ្លៀង​ធ្លាក់​នេះ កុំឱ្យ​អ្នកបួស​ទាំងឡាយ​ត្រាច់រង្គាត់​ទីមួយ​ទៅ​ទីមួយ ពី​ដើមឆ្នាំ​រហូតដល់​ចុងឆ្នាំ​រក​ទី​ស្នាក់នៅ​ពិតប្រាកដ​គ្មាន និង នាំឱ្យ​ជួប​ក្តី​លំបាក​ច្រើន​ដោយសារ​ភ្លៀង​ធ្លាក់​ផង ។

​ដោយហេតុនេះ ព្រះសម្មាសម្ពុទ្ធ​ក៏បាន​បញ្ញត្តិ​ឱ្យ​ភិក្ខុ​ស្ឃ គង់​ចាំ​វស្សា អស់​មួយ​វស្សា​ន្ត​រដូវ ដែលមាន​រយៈពេល ៣ ខែ​គត់ ចាប់ពី​ថ្ងៃមួយ​រោច ខែ អាសាឍ រហូតដល់​ថ្ងៃ ១៥ កើត ខែ អស្សុជ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែ កក្កដា រហូតដល់​ថ្ង​ទ​ទី ២៤ ខែ តុលា ។ ការចូល​វស្សា​ក៏​ចាប់ផ្តើម​មាន និង ត្រូវបាន​អនុវត្ត​តាំងពី​ពេលនោះ​មក ហើយ​ត្រូវបាន​អនុវត្ត​យ៉ាង​ខ្ចា​ប់​ខ្ជួន​រហូតមកដល់​បច្ចុប្បន្ន សម្រាប់​រយៈពេល ៣ ខែ ។​

​ប្រយោជន៍​នៃ​ការចូល​ព្រះវស្សា​

​ការចូល​ព្រះវស្សា​មាន​សារសំខាន់​ណាស់​ចំពោះ​ភិក្ខុសង្ឃ សាមណេរ​ដែល​បាន​ចូល​បួស​ជាស​មណៈ ដូចជា ៖
•​ ​ធ្វើឱ្យ​ភិក្ខុ​សាមណេរ​ទទួលបាន​សង្រួម​នៅក្នុង​ឥ​ន្ដ្រី​សំ​វរៈ​
•​ ​បានផ្ដល់​ឱកាស​ដល់​ភិក្ខុ​មាន​សិទ្ធិ​ទទួល​អនុមោទនា​ន​ទាយក​ទាយិកា​
•​ ​ទទួលបាន​អា​និ​សង្ឃ​នៃ​ការ​កាន់​ព្រះវស្សា ដូចជា​អាច​ទ​ទូល​កឋិន​ជាដើម​
•​ ​បង្កើន​សេចក្ដី​ជ្រះថ្លា​ដល់​ពុទ្ធបរិស័ទ​ទាំងអស់​
•​ ​អាចបង្កើត​សាមគ្គីភាព​រវាង​ភិក្ខុ និង​ភិក្ខុ​នៅក្នុង​អាវាស​។​

​បញ្ញត្តិ​ទូទៅ​

​ព្រះពុទ្ធ​ប​ញ្ញ​ត្ដិ​ថា ក្នុង​រយៈពេល ៣ ខែ​នេះ ភិក្ខុ​ដែល​គង់​ចាំ​វស្សា​នៅក្នុង​អារាម​ណាមួយ អាច​និមន្ត​ចេញ​ក្រៅ​វត្ត​ទៅ​បំពេញ​កិច្ច​ផ្សេងៗ​ដូចជា​បិណ្ឌបាត និង សិក្សា ជាដើម​ដូច​ប្រក្រតី ប៉ុន្តែ​ទោះជា​និមន្ត​ទៅដល់​ទីណា ក៏ត្រូវ​និមន្ត​ចូល​មកដល់​អារាម​ដែល​ខ្លួន​គង់​ចាំ​វស្សា​នោះ​វិញ​ឱ្យបាន​មុនពេល​អរុណរះ នៃ ថ្ងៃ​បន្ទាប់ ។


​បញ្ញត្តិ​ពិសេស​

​ទោះ​ជាមាន​បញ្ញត្តិ​ច្បាស់លាស់ ម៉ឺងម៉ាត់​ដូច្នេះ​ក្តី ប្រសិនបើ​ភិក្ខុ​អង្គ​ណាមួយ​មាន​ករណី​ពិសេស ដូចជា ៖ មាតា ឬ​បិតា​ឈឺ គ្រូ​ឧ​ប​ជ្ឈ​យ៏​មាន​អាពាធ មានការ​និមន្ដ​ពី​ពួក​បរិស័ទ ឬ ក៏មាន​កាតព្វកិច្ច​សំខាន់​ដែល​ត្រូវបំពេញ ដូចជា​បំពេញ​កិច្ច​សប្បុរស ជាដើម​នោះ ភិក្ខុ​រូបនោះ​អាច​និមន្ត​ទៅ​ស្នាក់​នៅក្រៅ​អារាម​ដែល​ខ្លួន​គង់​ចាំ​វស្សា​បាន​រយៈពេល ៦ យប់ ៧ ថ្ងៃ ។ ប៉ុន្តែ​មុននឹង​ចេញទៅ​ដូច្នោះ ភិក្ខុ​រូបនោះ​ត្រូវធ្វើ​កិច្ច​មួយ​ដែល​ហៅថា “ លើក​សត្តា​ហ “ ពោលគឺ​ការសុំ​អនុញ្ញាត​អំពី​សង្ឃ ជាមុនសិន ។


​ប្រសិនបើ​ភិក្ខុ​រូប​ណាមួយ ចេញ​ក្រៅ​វត្ត​ហើយ​មិន​ចូលមក​វត្ត​វិញ​ឱ្យបាន​មុន​ថ្ងៃ​រះ នៃ ថ្ងៃ​បន្ទាប់​ទេនោះ នឹង​ឈ្មោះថា “ ដាច់​វស្សា “ ។ ចំណែក​ភិក្ខុ​ចេញ​ក្រៅ​វត្ត​ដោយ​លើក​សត្តា​ហ ប៉ុន្តែ​នៅក្រៅ​វត្ត​លើ​ពី​រយៈពេល​កំណត់ គឺ ៦ យប់ និង ៧ ថ្ងៃនេះ​ទៅ ក៏​ឈ្មោះថា ដាច់​វស្សា ដែរ ។


​ទោស នៃ ការ​ដាច់​វស្សា


​តាម​វិន័យ​បញ្ញត្តិ ភិក្ខុ​ដែល​បាន​ដាច់​វស្សា ដោយ​ប្រការ​ណាមួយ នឹងត្រូវ​អាបត្តិ គឺមាន​កំហុស ឬ មានទោស​ថ្នាក់​ស្រាល (​លហុកាបត្តិ​) ហើយ​អាបត្តិ​នេះ គ្រាន់តែ​សម្តែង​អាបត្តិ គឺ​សារភាព​កំហុស​ប្រាប់​សង្ឃ​ផង​គ្នា​ជា​ផ្លូវការ ក៏​ជាការ​ចប់​រួចរាល់ ។ ប៉ុន្តែ​ភិក្ខុ​រូបនោះ មិនមាន​សិទ្ធិ​កឋិន​ឡើយ ៕ Kh

ព្រះសង្ឃបវរណា ដែលកិច្ច សម្គាល់ថាចាប់ផ្តើមចូលវស្សា ( រូបៈ ឯកសារ)

ទីតាំងផ្សាយពាណិជ្ជកម្ម