ដោយ: បូកគោ/កំពត: មន្ត្រីនៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតបានបញ្ជាក់ថាស្ថានភាពទូទៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧មានភាពល្អប្រសើរហើយគណបក្សនយោបាយ អាជ្ញាធរ និងប្រជាពលរដ្ឋបានចូលរួម និងយល់ដឹងច្រើនពីលទ្ធិប្រជាធិបតេយ្យ។

លោក តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតបានប្រាប់ឲ្យដឹងថា ចាប់ពីបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាថ្ងៃទី១ ខែកក្កដា មកដល់ពេលនេះមានតែគណបក្សចំនួន៥ប៉ុណ្ណោះក្នុងចំណោម១២គណបក្សដែលឈរឈ្មោះបានធ្វើសកម្មភាពឃោសនាជាក្បួនដង្ហែ និងផ្សព្វផ្សាយគោលនយោបាយតាមមូលដ្ឋានក្រុងស្រុក។ ក្នុងនោះគណបក្សប្រជាជនកម្ពុជាមានភាពសកម្ម ព្រមទាំងហែក្បួនធំជាងគេ បន្ទាប់មកគឺគណបក្សហ្វ៊ុនស៊ីនប៉ិច និងខ្មែររួមរួមជាតិ។ លោកប្រធានបានបញ្ជាក់ថា ស្ថានភាពជារួម គឺល្អប្រសើរ គ្មានការប៉ះទង្គិចពាក្យសម្តី ឬការដាក់ពាក្យបណ្តឹងណាមួយទេ។ ទាំងគណបក្សនយោបាយ អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋទូទៅមានការចូលរួម និងយល់ដឹងច្រើនអំពីលទ្ធិប្រជាធិបតេយ្យ។

លោក តែ ជិនណារិទ្ធ បានបន្តថា ទោះបីមានការបំផុសបំផុលដោយលាក់មុខពីក្រុមជនអគតិក្នុងបំណងបំផ្លាញលទ្ធផលការបោះឆ្នោតនាពេលខាងមុខក្តី ក៏ប្រជាជនខេត្តកំពតមិនឆោតល្ងង់ជឿតាមដែរ ខណៈដែលក្រុមការងាររៀបចំការបោះឆ្នោត និងអាជ្ញាធរមានវិធានការទប់ស្កាត់ទាន់ពេលវេលា។

លោកប្រធានគណ:កម្មការបានបញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ការិយាល័យបោះឆ្នោតក្នុងខេត្តកំពតមានចំនួន១.០៥០។ ក្នុង១ការិយាល័យមានអ្នកសង្កេតការណ៍ និងអ្នកពិនិត្យវាយតម្លៃការរៀបចំបោះឆ្នោត ជាង១០នាក់មកពីគណបក្សនយោបាយទាំង១២ សមាគម និងអង្គការក្រៅរដ្ឋាភិបាលចំនួន១៧នាក់។

លោកសង្ឃឹមថាការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នឹងប្រព្រឹត្តិទៅដោយរលូន ហើយទទួលបានលទ្ធផលល្អជាងពេលមុនៗ ពិសេសពលរដ្ឋនឹងចូលរួមកាន់តែច្រើនដែលធ្វើឱ្យភាគរយអ្នកបោះឆ្នោតខ្ពស់ជាងប្រទេសបិតាប្រជាធិបតេយ្យនោះ៕/R