នាំ​លោក គឹម សុខ​មក​តុលាការ​ក្រុងភ្នំពេញ ដើម្បី​បើកសវនាការ​

1840
ចែករម្លែក

(​ភ្នំពេញ​)៖ នៅ​រសៀល ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧​នេះ អនុរក្ស​ពន្ធនាគារ បាន​នាំខ្លួន លោក គឹម សុខ​ទៅដល់​សាលាដំបូង​រាជធានី​​ភ្នំពេញ​ហើយ ដើម្បី​បើក​សវន​ការកាត់ទោស ពាក់ព័ន្ធ​នឹង​ករណី​ដែល លោក​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា​អ្នក​សម្លាប់ លោក​បណ្ឌិត កែម ឡី​។​

​លោក គឹម សុខ ត្រូវបាន​តុលាការ​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ​ឆ្នាំ​២០១៧​តាម​បណ្តឹង​មេធាវី​តំណាង​​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ទាប់ពី​លោក​ចូលខ្លួន​ឆ្លើយបំភ្លឺ​ចំពោះ​ករណី​ចោទ​គណបក្ស​ប្រ​ជា​ជនកម្ពុជា​ថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ។​

​លោក គឹម សុខ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

ជុំវិញ​លោក​កឹម សុខ​នេះដែរ កាលពី​ថ្ងៃ​២៤​កក្កដា មេធាវី​ការពារ​ក្តី​អោយ​លោក​កឹម សុខ គឺ​លោក​ជូ​ង ជូ​ងី បានដាក់​ពាក្យ​សាជាថ្មី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​កោះ​ដើមបណ្តឹង​មក​សួរ​តទល់​ក្នុង​សវនាការ​។​សំណើ​នេះ​ត្រូវបាន​លោក​មេធាវី​ជូ​ង ជូ​ងី​ថា​ធ្វើឡើង​តាម​​បំណង​លោក​កឹម សុខ ដើម្បី​បញ្ជាក់​ពី​ភាពស្មើគ្នា​នៅ​ចំពោះមុខ​ច្បាប់​និង​ការកាត់ក្តី​ដោយ​យុត្តិធម៌​។​

​សូមបញ្ជាក់ថា សំណើ​ដូចគ្នានេះ​ត្រូវបានធ្វើ​ម្តង​រួចមកហើយ​តែ​តុលាការ​កំពូល​បានសំរេច​ច្រានចោល​ដោយ​ចាត់ទុកថា​ជាការ​មិន​ចាំ​​បាច់​៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម