​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ប្តេជ្ញា​ពង្រឹង​សមត្ថភាព​ប្រយុទ្ធ​នុយក្លេអ៊ែរ​របស់​ប្រទេស​លោក​បន្ថែម​ទៀត ខណៈ​រូបលោក​ត្រួតពិនិត្យ​ការហោះ​សាកល្បង​លើក​ទី​ពីរ​នៃ​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​ថ្មី​មួយ ដែល​រចនា​ឡើង​ដើម្បី​វាយប្រហារ​សហរដ្ឋ​អាម៉េរិក​ដីគោក​។​

​សេចក្តីថ្លែងការណ៍​រប​ស់លោក​គីម​បាន​លើកឡើង​ថា កូរ៉េ​ខាងជើង​នឹង​បង្កើន​សកម្មភាព​សាកល្បង​អាវុធ​ដើម្បី​ពង្រីក​ឃ្លាំង​អាវុធ​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅ​នឹង​ជំហាន​ថ្មីៗ​របស់​សហរដ្ឋ​អាម៉េរិក​ក្នុង​ជំរុញ​ការប្តេជ្ញាចិត្ត​ផ្នែក​សន្តិសុខ​របស់​ខ្លួន​ចំពោះ​សម្ពន្ធមិត្ត​កូរ៉េខាងត្បូង​។​

​លោក​គីម​បាន​និយាយថា “​ស្ថានភាព​មិន​ឋិតថេរ​ទេ​នា​ពេលបច្ចុប្បន្ន ដែល​បរិយាកាស​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ​កំពុង​ត្រូវបាន​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​កងកម្លាំង​អរិភាព​គ្រប់ពេលវេលា​។ (​នោះ​) ទាមទារ​ឱ្យមាន​ការខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង ដើម្បី​អនុវត្ត​ខ្សែបន្ទាត់​នៃ​ការជំរុញ​ការ​ទប់ទល់​នឹង​សង្គ្រាម​នុយក្លេអ៊ែរ​”​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ (KCNA) បានបង្ហាញ​ការអត្ថាធិប្បាយ​របស់​លោក​គីម​បែបនេះ បន្ទាប់ពី​បាន​បញ្ជាក់ថា កូរ៉េ​ខាងជើង​បាន​បាញ់​ដោយ​ជោគជ័យ​នូវ​កាំជ្រួច​មី​ស៊ី​ល Hwasong-18 ICBM កាលពី​ថ្ងៃ​ពុធ​។ ការបាញ់​នេះ​ត្រូវបាន​រាយការណ៍​ភ្លាមៗ​ដោយ​ប្រទេសជិតខាង បន្ទាប់​ពី​វា​ហោះ​ចេញ​ភ្លែត​។​

Hwasong-18 គឺជា​កាំជ្រួច​ចល័ត​តាមផ្លូវ​ដែល​កំពុង​អភិវឌ្ឍ ដែល​កម្លាំង​រុញច្រាន​ប្រើ​ឥន្ធនៈ​រឹង​របស់​វា​បាន​ធ្វើឱ្យមាន​ការលំបាក​សម្រាប់​គូប្រជែង​ក្នុង​ការស្វែងរក​ការបាញ់​របស់​វា​ជាមុន​ជាង​កាំជ្រួច​ដែល​ប្រើ​ឥន្ធនៈ​រាវ​។ កូរ៉េ​ខាងជើង​បាន​សាកល្បង​កាំជ្រួច​នេះ​ជា​លើកដំបូង​ក្នុង​ខែមេសា ហើយ​លោក​គីម​បាន​ហៅ​វា​ថា​ជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៃ​កងកម្លាំង​នុយក្លេអ៊ែរ​របស់លោក​។​

KCNA បាន​និយាយថា ការបាញ់​សាកល្បង​នេះ​គឺ​ចង់​បញ្ជាក់​ឡើងវិញ​នូវ​ភាពជឿជាក់​ផ្នែក​បច្ចេកទេស​និង​ភាពជឿជាក់​នៃ​ប្រតិបត្តិការ​របស់​មី​ស៊ី​ល​នេះ​។ KCNA បាន​និយាយទៀតថា លោក​គីម​បាន​ហៅ​ការបាញ់​នេះ​ថា​ជា “​ជំហាន​ដ៏​សំខាន់​មួយទៀត​” ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ដល់​កងកម្លាំង​យុទ្ធសាស្ត្រ​របស់​កូរ៉េខាងជើង​។​

​យោងតាម KCNA កាំជ្រួច​នេះ​ត្រូវបាន​បាញ់​នៅ​មុំ​ខ្ពស់​ដើម្បី​បញ្ចៀស​ប្រទេសជិតខាង​។ KCNA បាន​និយាយថា អាវុធ​នេះ​បាន​ធ្វើដំណើរ ៧៤ នាទី​និង​បាន​ចម្ងាយ ១.០០១ គីឡូម៉ែត្រ​នៅ​រយៈកម្ពស់​អតិបរមា ៦.៦៤៨ គីឡូម៉ែត្រ មុន​ពេល​ធ្លាក់​ក្នុង​តំបន់​ដែល​បាន​កំណត់​ទុកជាមុន​នៅក្នុង​ដែនទឹក​បើកចំហ​នៃ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​កូរ៉េខាងជើង​។​

​រយៈពេល​ហោះហើរ​របស់​កាំជ្រួច​នេះ​គឺជា​រយៈពេល​យូរ​បំផុត​មិន​ធ្លាប់​កត់ត្រា​ពីមុន​មក​ដោយ​អាវុធ​ណា​មួយ​ដែល​កូរ៉េ​ខាងជើង​បាន​បាញ់​។ ប្រសិនបើ​បាញ់​លើ​គន្លង​ស្តង់ដារ កាំជ្រួច​នេះ​អាច​ហោះ​ទៅដល់​អាម៉េរិក​ដីគោក បើ​ទោះ​ជា​អ្នកជំនាញ​ខ្លះ​និយាយថា កូរ៉េខាងជើង​នៅ​ត្រូវការ​បច្ចេកវិជ្ជា​មួយចំនួន​ទៀត​ដើម្បី​ទទួលបាន​កាំជ្រួច​ដែល​មាន​មុខងារ​នុយក្លេអ៊ែរ​ពេញលេញ​ក៏​ដោយ​។​

​កូរ៉េខាងត្បូង ជប៉ុន និង​សហរដ្ឋ​អាម៉េរិក បាន​រិះគន់​កូរ៉េខាងជើង​ជុំវិញ​ការបាញ់​មី​ស៊ី​ល​នេះ ដែល​ពួកគេ​និយាយថា​ជា​ការគំរាមកំហែង​ដល់​សន្តិភាព​ក្នុង​តំបន់​និង​អន្តរជាតិ​៕

​កូរ៉េ​បាញ់​សាកល្បង​មី​ស៊ី​ល Hwasong-18 ICBM ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ពុធ