ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុនវ៉ាក់នឺ( Wagner) កំពុងប្រគល់អាវុធរបស់ពួកគេឱ្យទៅយោធារុស្ស៊ី ជាចំណាត់ការមួយបន្ទាប់ពីមានការបះបោររយៈពេលខ្លីរបស់កងទ័ពឯកជនកាលពីខែមុន ដែលបានផ្គើននឹងរដ្ឋអំណាចរបស់វិមានក្រឹមឡាំង។

ការរំសាយអាវុធរបស់ពួកWagner ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរដើម្បីសម្រាលការគំរាមកំហែងដែលពួកគេបង្កឡើង ហើយក៏ហាក់ដូចជាប្រកាសពីការបញ្ចប់ប្រតិបត្តិការរបស់ក្រុមទាហានស៊ីឈ្នួលនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែនផងដែរ។

សកម្មភាពនេះកើតឡើងចំពេលដែលភាពមិនប្រាកដប្រជាជាបន្តបន្ទាប់អំពីជោគវាសនារបស់ប្រធានក្រុមហ៊ុន Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលបញ្ចប់ការបះបោរប្រដាប់អាវុធដោយផ្តល់ការលើកលែងទោសដល់គាត់និងទាហានស៊ីឈ្នួលរបស់គាត់ រួមជាមួយនឹងការអនុញ្ញាតឱ្យផ្លាស់ទៅរស់ប្រទេសបេឡារូស។

ក្រសួងការពារជាតិបាននិយាយថា ក្នុងចំណោមអាវុធដែលត្រូវបានដកហូតនោះមានសម្ភារៈជាង២.០០០ មុខ ដូចជារថក្រោះ គ្រាប់រ៉ុក្កែត កាំភ្លើងធំធុនធ្ងន់ និងប្រព័ន្ធការពារអាកាស រួមជាមួយនឹងគ្រាប់រំសេវជាង ២.៥០០ តោន និងកាំភ្លើងជាង ២០.០០០ ដើម។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីមានការទទួលស្គាល់ពីវិមានក្រឹមឡាំងកាលពីថ្ងៃចន្ទថា លោកព្រីហ្គោហ្ស៊ីននិងមន្ត្រីកំពូល ៣៤ នាក់បានជួបជាមួយប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី ២៩ ខែមិថុនា គឺប្រាំថ្ងៃបន្ទាប់ពីការបះបោរ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា មេបញ្ជាការរបស់ក្រុម Wagner បានសន្យាភក្ដីភាពចំពោះលោកពូទីន ហើយថាពួកគេបានត្រៀមខ្លួន “ដើម្បីបន្តប្រយុទ្ធដើម្បីមាតុភូមិ”។

លោកពូទីនបាននិយាយថា ទាហាន Wagner ត្រូវជ្រើសរើសថាតើត្រូវចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិ ផ្លាស់ទៅរស់នៅបេឡារូស ឬ ចូលនិវត្តន៍ពីកាតព្វកិច្ចយោធា៕

រូបថតរបស់ក្រសួងការពារជាតិកាលពីថ្ងៃពុធបង្ហាញរថក្រោះរបស់ពួក Wagner ត្រូវបានទុកចោលក្នុងព្រៃមួយ ដើម្បីឱ្យយោធារុស្ស៊ីមកប្រមូលយកទៅ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា មេបញ្ជាការរបស់ក្រុម Wagner បានសន្យាភក្ដីភាពចំពោះលោកពូទីន ហើយថាពួកគេបានត្រៀមខ្លួន “ដើម្បីបន្តប្រយុទ្ធដើម្បីមាតុភូមិ