ដោយៈ សុផល / ភ្នំពេញ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ នេះ កម្ពុជា បាននាំចេញ កសិផល ៣ ៩០១ ២១៣,៧៧ តោន ទៅកាន់ទិសដៅ ៦៧ ប្រទេស។ ចំនួននេះ មានការថយចុះ ចំនួន ២២,៥២% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ការនាំចេញកសិផល ក្នុងរយៈពេល ៦ខែនេះ ត្រូវបានប៉ាន់ស្មានតម្លៃ គិតជាទឹកប្រាក់ មានចំនួន ២ ៤០១ ៦៩២ ២៦៤,៨២ ដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្ម។
ក្នុងបរិមាណសរុប ៣ ៩០១ ២១៣,៧៧ តោន មាន អង្ករចំនួន ៣២៩ ៦៣៣,០០ តោន ស្រូវចំនួន ១ ២២៦ ៤០០,០០ តោន និងកសិផលពីស្រូវ–អង្ករចំនួន ២ ៣៤៥ ១៨០,៧៧ តោន។
ទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល មានចំនួន ២ ៤០១ ៦៩២ ២៦៤,៨២ ដុល្លារអាម៉េរិក ដែលក្នុងនោះ តម្លៃពីការនាំចេញអង្ករ មានចំនួន ២៨១ ៨៣៦ ២១៥ ដុល្លារអាម៉េរិក តម្លៃពីការនាំចេញស្រូវ មានចំនួន ៤៤៧ ២០៧ ៧១៤ ដុល្លារអាម៉េរិកនិងតម្លៃការនាំចេញកសិផល ក្រៅពីស្រូវ–អង្ករ មានចំនួន ១ ៦៧២ ៦៤៨ ៣៣៥,៨២ ដុល្លារអាម៉េរិក។
ការនាំចេញកសិផល ក្នុងឆមាសទី១ ឆ្នាំ២០២៣ មានការថយចុះ ចំនួន ២២,៥២% ដោយសារវិបត្តិសេដ្ឋកិច្ចសកលលោក បណ្តាលឱ្យការបញ្ជាទិញទំនិញគ្រប់ប្រភេទមានការថយចុះ និងបង្អាក់ចរន្តពាណិជ្ជកម្ម, កំណើននៃការស្រូបទាញយកវត្ថុធាតុដើម ក្នុងស្រុកដើម្បីផលិតចំណីសត្វ និងការកែច្នៃ ក្នុងប្រទេស បណ្តាលឱ្យមានកំណើននៃ ការស្រូបយក ផលិតផលស្រស់មកកែច្នៃ, ផលិតកម្មដំណាំមួយចំនួន មានការថយចុះ ដោយសារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាបម្រែបម្រួលអាកាសធាតុនាំ ឱ្យប៉ះពាល់ដល់ទិន្នផល និងគុណភាពនៃដំណាំ, និងការនាំចេញដោយគ្មានការស្នើសុំ វិញ្ញាបនបត្រភូតគាមអនាម័យ (ការនាំចេញក្រៅផ្លូវការតាមច្រករបៀងទៅកាន់ប្រទេស វៀតណាមនិងប្រទេសថៃ មួយចំនួន មិនមានការកត់ត្រា៕/V-PC