ដោយៈសុផល/ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី៣–១១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារ បច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ រតនគិរី ព្រះវិហារ បន្ទាយមានជ័យ កំពង់ចាម កណ្ដាល កែប កំពង់ឆ្នាំង កណ្តាល បាត់ដំបង កំពង់ធំ និងខេត្តសៀមរាបបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងសកម្ម ដោយបានជួសជុល ថែទាំ សាងសង់ កាត់សម្អាតស្មៅ កៀរនិងកិនបង្ហាប់គ្រឹះ ដាក់លូ លុបសំបុកមាន់ អ៊ុតកៅស៊ូ (Reseal) រោយថ្មម៉ិចពង្រីកតួផ្លូវ អ៊ុតចិញ្ចើមផ្លូវអ៊ុតគំនូស–បំពាក់ផ្លាក បង្គោលសញ្ញាចរាចរណ៍ ដាំបង្គោលបង្ហាញផ្លូវ កៀរសម្អាតចិញ្ចើមផ្លូវ ប៉ះចិញ្ចើមផ្លូវ នៅលើកំណាត់ផ្លូវជាច្រើនខ្សែ រួមមាន៖ កំណាត់ផ្លូវជាតិលេខ៧ លេខ៩លេខ៥ លេខ៥៦D លេខ៥៩ លេខ៦ លេខ៥៧ លេខ៧១ លេខ៧២ លេខ២១ លេខ២១B លេខ៦២ លេខ៦៤ លេខ៦៧ លេខ៣៣A និងផ្លូវជាតិលេខ៩៥។
ការជួសជុលនិងថែទាំផ្លូវជាប្រចាំនេះ គឺ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ ចំណេញពេលវេលា និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។
ទន្ទឹមនឹងផ្លូវថ្នល់ស្អាតល្អ សូមបងប្អូនប្រជាពលរដ្ឋ កុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់ ដើម្បីរក្សាផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង។ ប្រសិនបើមានបញ្ហាផ្លូវថ្នល់ខូចខាតក្លាយជាជង្ហុកសំបុកមាន់សូមបងប្អូនប្រជាពលរដ្ឋទាញ យកកម្មវិធីថែទាំផ្លូវ (Road Care) និងរាយការណ៍មកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអាចចាត់ក្រុមការងារ ចុះជួសជុលថែទាំបានទាន់ពេលវេលា។
ទាញយកកម្មវិធី តាមរយៈតំណភ្ជាប់ខាងក្រោម៖
– iOS: roadcare.mpwt.gov.kh
– Android: roadcare.mpwt.gov.kh ៕/V-PC